ភាពទាក់ទាញនៃរដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ
(VOVWORLD) - ទីក្រុងហាណូយមានភាពស្រស់ស្អាតបំផុតហើយក៏គួរឲ្យទាក់ ទាញបំផុតគឺក្នុងអំឡុងពេលឈានចូលរដូវស្លឹកឈើជ្រុះ (សរទរដូវ)។ សម្រស់នៃរដូវស្លឹកឈើជ្រុះរបស់ហាណូយ មានសម្រស់ដោយឡែករបស់ខ្លួន ពេលខ្លះហាក់ដូចជាបង្កប់នូវភាពខ្មាស់អៀន ពេលខ្លះផ្អែមល្ហែម ហើយពេលខ្លះពាសពេញដោយភាពស្រស់ឆើយឆាយ។ សរទរដូវនាំយកនូវរសជាតិដ៏កក់ក្តៅនៃរដូវកាលដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ ជាមួយពណ៌មាសនៃពន្លឺព្រះអាទិត្យ។
រម្មីរះនារដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ (ប្រភព៖doisong.vn) |
ប្រហែលជា រដូវស្លឹកឈើជ្រុះគឺជារដូវដែលមានអាកាសធាតុស្រស់ស្រាយបំផុតក្នុងឆ្នាំរបស់ទីក្រុងហាណូយ នៅពេលដែលពន្លឺព្រះអាទិត្យលែងក្តៅខ្លាំងទៀត ហើយរដូវខ្យល់ព្យុះក៏កន្លងផុតទៅដែរ។ រដូវស្លឹកឈើជ្រុះមានរយៈពេលពីដើមខែកញ្ញាដល់ខែវិច្ឆិកា ដោយនាំយកខ្យល់អាកាសបក់រំភើយដែលជាលក្ខណៈដោយឡែកពិសេសនៃទីក្រុងហាណូយ។ សរទរដូវឆ្លងកាត់តាមដងផ្លូវ និងគ្រប់ចក្រល្ហកនៃទីក្រុងហាណូយធ្វើឲ្យអ្នកគ្រប់គ្នាមានអារម្មណ៍រំភើបរីករាយលាយឡំជាមួយអារម្មណ៍ប្លែកៗ មានអ្នកខ្លះ ដែលធ្លាប់រស់នៅនិងធ្លាប់ឆ្លងកាត់សរទរដូវហាណូយ ពេលឃ្លាតឆ្ងាយ តែងតែនឹកអាឡោះអាល័យហាណូយ ជាពិសេសគឺរដូវស្លឹកឈើជ្រុះរបស់ហាណូយតែម្តង។ លោកស្រី Ho Thi Sau បន្ទាប់ពីបានវិលត្រឡប់មកស្រុកកំណើតពីអឺរ៉ុបជាលើកទីពីរលោកស្រីបានចែករំលែកពីភាពស្រណុកសុខស្រួលរបស់ខ្លួន ពេលនឹកដល់សរទរដូវ នៃទីក្រុងហាណូយ។ លោកស្រីបានសំណេះសំណាលថា៖ “ក្រោយឆ្នាំ ១៩៩៦ នាងខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបានមកទស្សនាទីក្រុងហាណូយពីរបីដងហើយ។ ប៉ុន្តែដើម្បីស្គាល់ពីលក្ខណៈស្រស់ស្អាតពិសេសនៃរដូវស្លឹកឈើជ្រុះនៅហាណូយគឺមិនសូវមានឱកាសផងដែរ។ ហេតុដូច្នេះ ពេលមកដល់ទីក្រុងហាណូយចំទៅនឹងរដូវស្លឹកឈើជ្រុះនោះ នាងខ្ញុំតែងតែស្រូបយកខ្យល់អាកាសដ៏អស្ចារ្យទាំងអស់នេះ”។
ផ្កាទឹកដោះគោជាលក្ខណៈពិសេសមួយប្រចាំរបស់ទីក្រុងហាណូយ (រូបថត៖ kinhtedothi.vn |
ពន្លឺព្រះអាទិត្យពណ៌មាសនៃរដូវស្លឹកឈើជ្រុះនៅហាណូយក៏ងាយស្រួលធ្វើឱ្យដួងចិត្តរបស់មនុស្សរញ្ជួយផង ដែរ។ សរទរដូវធ្វើឱ្យព្រលឹងមនុស្សកាន់តែស្ងប់ស្ងាត់ផ្នត់គំនិតក៏កាន់តែជ្រាលជ្រៅជាង។ ប្រហែលជានេះគឺជាសម្រស់ដែលគួរឱ្យជក់ចិត្តជក់អារម្មណ៍នៅពេលនិយាយអំពីតំបន់ដី Trang An ដ៏ស្រស់ស្អាត។ មិនត្រឹមតែ ជន ហាណូយប៉ុណ្ណោះទេ អ្នកទេសចរមកពីគ្រប់ទិសទី ក៏ជក់ចិត្តដិតអារម្មណ៍ចំពោះសម្រស់នៃសរទរដូវហាណូយ។ មិត្ត Phan Huyen Thu និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យពហុបច្ចេកទេស បានចែករំលែកថា៖ “អាកាសធាតុជារៀងរាល់រដូវស្លឹកឈើជ្រុះនៅហាណូយគឺត្រជាក់ស្រួលនិងស្រស់ស្រាយណាស់។ រដូវស្លឹកឈើជ្រុះធ្វើឱ្យទេសភាពនៅបឹង Hoan Kiem កាន់តែស្រស់ស្អាត គ្រប់គ្នាចង់ដើរកំសាន្តដើម្បីស្រូបយកខ្យល់អាកាសផាសុខភាព។ ទេសភាពទីក្រុងហាណូយនារដូវស្លឹកឈើជ្រុះពិតជាស្រស់ស្អាតណាស់ ហើយនេះក៏ជាមូលហេតុដែលធ្វើអោយខ្ញុំឬភ្ញៀវទេសចរណ៍លោកខាងលិច ចូលចិត្តមកដល់ទីក្រុងហាណូយដើម្បីធ្វើដំណើរកម្សាន្តរីករាយនារដូវស្លឹកឈើជ្រុះនិងថតរូបអនុស្សាវរីយ៍ផង”។
អាចនិយាយបានថា រដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ ដែលមានសម្រស់ស្រស់ស្អាតគួរឱ្យទាក់ទាញ ហើយបង្កើតឱ្យមានអារម្មណ៍ជ្រាលជ្រៅ មិនត្រឹមតែនាំមកនូវបរិយាកាសស្រណុកស្រួលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវចំណីអាហារប្រចាំរដ្ឋធានីទៀតផង។ ចំណីអាហារពិសេសប្រចាំនៃរដូវស្លឹកឈើជ្រុះត្រូវនិយាយដល់អំបុកនិងផលិតផលធ្វើពីអំបុក ដូចជាបង្អែមអំបុកនិងនុំអំបុកដ៏ឈ្ងុយឆ្ងាញ់ផងដែរ”។
អំបុកដែលជាអំណោយពីគួរស្រូវដំណើប ហើយត្រូវមើលឃើញថាជា ចំណីពិសេសនារដូវស្លឹកឈើជ្រុះរបស់ហាណូយ។ នាអំឡុងពេលនៃរដូវស្លឹកឈើជ្រុះ មកដល់ទីណា សូម្បីតែតាមដងផ្លូវនិងផ្សារនានាទូទាំងទីក្រុងហាណូយ សុទ្ធតែពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់របស់អំបុក។ តាមដងវិថីនានា យើងនឹងលឺពាក្យពពាយនាយ “អ្នកណាទិញអំបុកទេ” ស្តាប់មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ សព្វថ្ងៃនេះមានកន្លែងជាច្រើនដែលអាចធ្វើអំបុកបាន ប៉ុន្តែគ្មានកន្លែងណាដែលធ្វើអំបុកឆ្ងាញ់ដូចនៅក្នុងភូមិ Vong (នៃសង្កាត់ Dich Vong Hau - ខ័ណ្ឌ Cau Giay នៃរដ្ឋធានីហាណូយ) ឡើយ។ នេះក៏ជាចំណីអាហារពិសេស ដែលភ្ញៀវគ្រប់រូបពេលមានឱកាសមកទស្សនាទីក្រុងហាណូយមិនអាចខកខាននូវអំណោយជាដូងព្រលឹងនៃទីក្រុងហាណូយនេះ។
អំបូកនិងផ្លែទន្លាប់ដែលជាចំណីអាហារពិសេសនៃទីក្រុងហាណូយ (រូបថត៖ kienthuc.net.vn) |
សរទរដូវនាំយកខ្យល់ត្រជាក់មកកាន់ទីក្រុងហាណូយ ហើយពេលនេះពិតជាសមស្របសម្រាប់ផ្ការគ្រប់ប្រ ភេទរីកស្គុះស្គារបង្អូតសម្រស់។ ជាមួយគ្នានេះ អ្នកទាំងមូលតែងតែអាឡោះអាល័យនូវរឿងរ៉ាវអំពីវិថីដែល ពាសពេញទៅដោយក្លិនផ្ការទឹកដោះ គោដែលត្រូវបានគេចាត់ទុកថាជាក្លិនព្រលឹងហាណូយអញ្ជឹង។ ក្នុងអំឡុងពេលនេះ អ្នកទាំងអស់គ្នាអាចដើរកំសាន្តតាមដងផ្លូវ Nguyen Du ផ្លូវ Le Duan ឬផ្លូវ Quan Thanh ដើម្បីស្រូបយកក្លិនពិដោរដ៏ពិសេសនៃប្រភេទផ្កានេះ។ លោក Pham Quoc Hung ប្រជាជនរដ្ឋធានីមួយរូបបានចែករំលែកថា៖ “រដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយពិតជាស្រស់ស្អាតខ្លាំងណាស់ ពីព្រោះមានផ្កាទឹកដោះគោដ៏ស្រស់ស្អាតដែលជាចរិតលក្ខណៈពិសេសរបស់ទីក្រុងហាណូយ។ មានតែ រដូវស្លឹកឈើជ្រុះទេទើបមានផ្កាទឹកដោះគោរីកស្គុះស្គាយ។ ក្លិនក្រអូបរបស់ផ្កាទឹកដោះគោគឺខុសស្រឡះពីក្លិនផ្កាផ្សេងៗ។ ផ្កាទឹកដោះគោ ក្រអូបហើយក្លិនគឺ រីកសាយភាយនៅតាមដងផ្លូវនីមួយៗ ជ្រាបចូលទៅក្នុងដួងព្រលឹងរបស់មនុស្សម្នាក់ៗ”។
រដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយមានលក្ខណៈសាមាញ្ញ មានអត្ថន័យជ្រាលជ្រៅដែលធ្វើឱ្យប្រជាជនហាណូយនៅឆ្ងាយពីស្រុកកំណើត តែងតែអាឡោះអាល័យក្នុងអារម្មណ៍ តែងតែនឹករលឹក ហើយភ្ញៀវទេសចរដែលមកលេងម្តងហើយតែងតែសង្ឃឹមថានឹងបានត្រឡប់មកវិញឆាប់ៗបំផុត។ សូម្បីតែប្រជាជនដែលរស់នៅក្នុងទីក្រុងហាណូយទៀតសោត ក៏ប្រាប់ខ្លួនឯងឱ្យរីករាយនឹងរដូវស្លឹកឈើជ្រុះដ៏ស្រស់ស្អាតទាំងនេះផងដែរ៕