មណ្ឌលទេសចរណ៍សហគមន៍ Ka Lu - ទីកន្លែងអភិរក្សវប្បធម៌ជនជាតិ Van Kieu

(VOVWORLD) - មណ្ឌលទេសចរណ៍សហគមន៍ Ka Lu មានចម្ងាយ ៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌលស្រុក Dakrong ខេត្ត Quang Tri នៅទិសខាងលិច ដោយស្ថិតនៅលើផ្លូវជាតិលេខ ៩ នៅមាត់ទន្លេ Dakrong ជារឿងព្រេង។ អញ្ជើញមកដល់ទីនេះ លោកអ្នកនឹងបានសម្របខ្លួនទៅក្នុងលំហរវប្បធម៌ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់បងប្អូនជនរួមជាតិ Van Kieu ។
មណ្ឌលទេសចរណ៍សហគមន៍ Ka Lu - ទីកន្លែងអភិរក្សវប្បធម៌ជនជាតិ Van Kieu - ảnh 1មណ្ឌលទេសចរណ៍សហគមន៍ Ka Lu (រូបថត៖ baoquangtri.vn)

មណ្ឌលទេសចរណ៍សហគមន៍ Ka Lu ត្រូវបានម្ចាស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍អនុតំបន់ទន្លេមេគង្គ ធ្វើការវិនិយោគ សាងសង់ ហើយដាក់ឲ្យដំណើរការចាប់តាំងពីឆ្នាំ ២០១៤។ ចាប់ពីពេលនោះមក នេះគឺជាគោលដៅមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរនៅខេត្ត Quang Tri ព្រមទាំងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាលក្ខណៈរហោស្ថាន និងស្វែងយល់ពីវប្បធម៌របស់ជនរួមជាតិ Van Kieu។ លោកស្រី Ho Van Trinh កម្មាភិបាលផ្នែកវប្បធម៌ឃុំ Dakrong បានឲ្យដឹងថា៖ “ធម្មជាតិបានប្រទានជ្រោះទឹកក្ដៅដ៏វិសេសវិសាលឲ្យឃុំ Dakrong ។ ដូច្នេះហើយ នៅពេលអញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរតែងតែមានបំណងចង់ងូតទឹក និងត្រាំជើងក្នុងអាងទឹកក្ដៅធម្មជាតិ បន្ទាប់ពីហត់នឿយពីការងារ”។

ជ្រោះទឹកក្តៅ Ka Lu បានហូរធ្លាក់ពីខាងលើភ្នំ Dong Cho ។ នៅពេលអញ្ជើញមកទីនេះ ភ្ញៀវគ្រប់រូបសុទ្ធតែមានគោលបំណងចង់សម្របខ្លួនជាមួយធម្មជាតិ ហើយងូតទឹកក្ដៅនៅជ្រុងជ្រោយោះ។ កញ្ញា Ho Thi Tang មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់បាននិយាយថា៖ “នៅមណ្ឌលទេសចរណ៍សហគមន៍ Ka Lu មានអាងងូតទឹកក្ដៅចំនួន ២។ អាងទឹកនីមួយៗមានសីតុណ្ហភាព ៣០ អង្សាសេ និង ៥០ អង្សាសេ ដើម្បីបម្រើចំណងចំណូលចិត្តរបស់ភ្ញៀវទេសចរផងដែរ”។

មណ្ឌលទេសចរណ៍សហគមន៍ Ka Lu មានទេសភាពស្រស់បំព្រង ធម្មជាតិអំណោយផល និងរហោស្ថាន ប្រជាជនរួសរាយរាក់ទាក់ ហើយមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលជាច្រើន។ មណ្ឌលទេសចរណ៍នេះរួមមាន៖ ផ្ទះសម្រាប់គយគន់ទេសភាព ទីធ្លាមហោស្រព មជ្ឈមណ្ឌលរមណីយដ្ឋាន ផ្ទះសំណាក់សហគមន៍ ព្រមទាំងផ្ទះចំនួន ១៦ ខ្នងរបស់ជនរួមជាតិ Van Kieu ដែលកំពុងត្រូវបានអភិវក្ស និងជំរុំចំនួន ១០ ដែលត្រូវបានអ្នកភូមិបង្កើតឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងសម្រាកលំហែកាយ។ កញ្ញា Ho Thi Tang មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ បានឲ្យដឹងថែមទៀតថា៖ “នៅពេលភ្ញៀវទេសចរអញ្ជើញមកទស្សនា អ្នកភូមិបានប្រមូលផ្ដុំគ្នាដុតភ្នក់ភ្លើង បោះជំរុំ និងច្រៀងជាមួយភ្ញៀវទេសចរ ស្ថិតនៅក្បែរជ្រោះ KaLu ដែលសម្បូរទៅដោយត្រី បង្កង ក្ដាម និងខ្យងផងដែរ”។

នៅក្បែរមណ្ឌលទេសចរណ៍សហគមន៍ Ka Lu គឺជាទីកន្លែងរស់នៅរបស់ប្រជាជន Van Kieu ជាមួយនឹងប្រពៃណីទំនៀមទម្លាប់ ដ៏វិសេសវិសាល ឃ្លាំងវប្បធម៌អរូបី ជាមួយនឹងឧបករណ៍ភ្លេងប្រពៃណីជាច្រើន និងចម្រៀងប្រជាប្រិយជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរ។ លោក Ho Phan ជនជាតិ Van Kieu ម្នាក់ នៅឃុំ Dakrong បានសំណេះសំណាលថា៖ “រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍ យើងខ្ញុំតែងតែសម្ដែងសិល្បៈបម្រើភ្ញៀវទេសចរ។ ភ្ញៀវទេសចរស្រឡាញ់ចូលចិត្តឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិVan Kieu ណាស់ ក្នុងនោះមានគងឃ្មោះ និងពីធីអំណរស្រូវថ្មីផងដែរ”។

មណ្ឌលទេសចរណ៍សហគមន៍ Ka Lu - ទីកន្លែងអភិរក្សវប្បធម៌ជនជាតិ Van Kieu - ảnh 2ជ្រោះទឹកក្ដៅ Ka Lu(រូបថត៖ dantri.com.vn)

ដោយមានទេសភាពយ៉ាងស្រស់បំព្រង ជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណីនោះ ជនរួមជាតិ Van Kieu នៅទីនេះបានធ្វើអាជីវកម្មពីផលិតផលរបស់តំបន់ ដើម្បីរួមចំណែកបង្កើនប្រាក់ចំណូលជូនក្រុមគ្រួសារ។ លោក Ho Phan បានឲ្យដឹងថែមទៀតថា៖ “កាលពីមុន ប្រជាជននៅទីនេះភាគច្រើនបានធ្វើស្រែចំការ ដោយទទួលបានប្រាក់ចំណូលទាបណស់។ នៅពេលវិស័យទេសចរណ៍អភិវឌ្ឍន៍ ប្រជាជននៅទីនេះទទួលបានប្រាក់ចំណូលច្រើនជាង។ ជាក់ស្ដែង ខ្ញុំរកបានប្រាក់ចំណូល ៤ លានដុងក្នុងមួយខែ។ ប្រកបមុខរបរទេសចរណ៍គឺទទួលបានប្រាក់ចំណេញច្រើនជាង និងងាយស្រួលជាង បើប្រៀបធៀបនឹងការងារធ្វើស្រែចំការ”។

ទេសភាពរហោស្ថាននៃព្រៃភ្នំ និងសម្រស់ដ៏ស្រស់បំព្រងរបស់ធម្មជាតិនៅទីនេះកាន់តែទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាមណ្ឌលទេសចរណ៍សហគមន៍ Ka Lu។ នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងទទួលបានការស្វាគមន៍យ៉ាង កក់ក្ដៅរាក់ទាក់ របស់ប្រជាជន Van Kieu ដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយមនោសញ្ចេតនារបស់ប្រជាជន Van Kieu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ