លំហវប្បធម៌ច្នៃប្រឌិតពីរោងចក្រចំណាស់មួយកន្លែង រោងចក្របោះពុម្ភមួយកន្លែង
(VOVWORLD) - រោងចក្របោះពុម្ភមួយកន្លែង ដែលត្រូវបានគេបោះបង់ចោលនៅតាមច្រកតូចមួយលើវិថី Tay Son ខ័ណ្ឌ Dong Da ទីក្រុងហាណូយនាពេលបច្ចុប្បន្ននេះ ត្រូវបានជួសជុល កែលម្អឡើងវិញឲ្យក្លាយទៅជាមណ្ឌលចម្រុះ Complex 01 ដ៏វិសេសវិសាល។ នេះគឺជាលំហច្នៃប្រឌិតប្រកបដោយពហុមុខងារ ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារលេងកម្សានទិញឥវ៉ាន់ លំហវប្បធម៌ សិល្បៈដ៏អ៊ូអរសម្រាប់សហគមន៍ ជាពិសេសគឺទាក់ទាញចំណាប់អារម្មណ៍ពីមជ្ឈដ្ឋានយុវជនផងដែរ។
មណ្ឌលចម្រុះ Complex 01 |
មណ្ឌលចម្រុះ Complex 01 ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីនៃរោងចក្រព្រីន Cong doan។ នៅទីនេះ កុមារអាចលេងកម្សាន្ត ល្បែងប្រជាប្រិយ; មនុស្សដែលចូលចិត្តការអានអាចទៅកាន់បណ្ណាល័យសៀវភៅ ហើយមជ្ឈដ្ឋានយុវជនអាចរៀបចំការតាំងពិព័រណ៍ និង talkshow ។ ចំណែកនិស្សិត កឺអាចរៀបចំ workshop ធ្វើគ្រឿងកុសាលភាជន៍ ។ មណ្ឌលចម្រុះ Complex 01 មានរចនាស្ថាបត្យកម្មដែលរួមបញ្ចូលគ្នារវាងបែបបុរមបុរាណនិងបែបទំនើប។ នៅទីនេះមានទីធ្លាដ៏ធំទូលាយ ស្និទ្ធិស្នាលជាមួយធម្មជាតិ ដែលពោរពេញទៅដោយពន្លឺធម្មជាតិ។ លោកស្រី Nguyen Nhu Quynh សមាជិកាម្នាក់នៃគណៈគ្រប់គ្រង មណ្ឌលចម្រុះ Complex 01 បានឲ្យដឹងថា៖“យើងខ្ញុំគោរពកត្តាប្រវត្តិសាស្ត្រ ហើយផ្ទៃដីនេះពិតជាមានតម្លៃណាស់។ស្ថាបត្យកម្មនៃផ្ទៃដីនេះក៏មានភាពស្រស់ស្អាតណាស់។ នៅលើមូលដ្ឋានគ្រឹះចំណាស់របស់រោងចក្រក្នុងប៉ុន្មានឆ្នាំនៃបដិវត្តឧស្សាហកម្ម ១៩៤០ - ១៩៦០ នេះ យើងខ្ញុំមានគោលបំណងចង់បំផុសបដិវត្តថ្មីមួយ តាមរយៈមណ្ឌលចម្រុះមួយ ដែលមានតត្តាយ៉ាងពេញលេញសម្រាប់សហគមន៍ពោលគឺជាលំហវប្បធម៌កំសាន្ត សម្រាប់មនុស្សគ្រប់រូប ដែលទីក្រុងហាណូយកំពុងខ្វះខាត ។ មណ្ឌលចម្រុះនេះមាន ៣ ជាន់ ដែលមានពហុមុខងារ ដូចជា៖ កន្លែងលក់ដូរ កន្លែងតុបតែងលំអរ កន្លែងបរិភោគអាហារ កន្លែងរៀបចំព្រឹត្តិការណ៍ ហាងកាហ្វេ ភោជនីយដ្ឋាន តំបន់ច្នៃប្រឌិត ហាងលក់សំលៀកបំពាក់ជាដើម។ ទន្ទឹមនឹងនេះ មជ្ឈដ្ឋានយុវជន ក្រុមគ្រួសារ និងកុមារអាចមកកម្សាន្តនៅទីនេះ។យើងខ្ញុំមានបំណងចង់ឆ្ពោះទៅការអប់រំ វប្បធម៌កំសាន្ត សិល្បៈនិងសកម្មភាពស្ម័គ្រចិត្ត”។
នៅលំហសហគមន៍ ដែលជាទីកន្លែងរៀបចំព្រឹត្តិការណ៍ សកម្មភាពកម្សាន្ត គឺជាចំណុចស្នូលនៃមណ្ឌលចម្រុះ Complex 01។ ដោយមានផ្ទៃដីប្រហែល ១០០ ម៉ែត្រការ៉េ នៅជ្រុងតូចមួយខាងស្តាំដៃបានរៀបដាក់ល្បែងកំសាន្តជាច្រើន សម្រាប់កុមា។ តន្ត្រីករម្នាក់បានសំណេះសំណាលថា៖“បន្ទប់នេះខ្ញុំអាចលេងហ្គីតា ច្រៀងបទចំរៀង គឺពិតជាសមស្របណាស់។ប្រសិនបើលោកអ្នកមានបំណងចង់មានលំហទំនើបៗជាង គឺអាចធ្វើដំណើរឡើងជាន់ទី ២ ដែលមានលំហរចនាគ្រឿងសង្ហារឹមដ៏ស្រស់ស្អាតជាច្រើនណាស់”។
មណ្ឌលចម្រុះ Complex 01 |
មិនត្រឹមតែបានបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីសម្រាប់អង្គភាពអាជីវកម្មខ្នាតតូច និងធំប៉ុណ្ណោះទេ មណ្ឌលចម្រុះ Complex ថែមទាំងបានអភិវឌ្ឍន៍លំហលេងកម្សាន្តជាច្រើនសម្រាប់មនុស្សគ្រប់វ័យទៀតផង។ “រោងច្នៃប្រឌិត Creative Gara” គឺជាកន្លែងសម្រាប់កុមាររាចនា សាងសង់ និងសាកពិសោធន៍អំពីស្ថាបត្យកម្ម វិទ្យាសាស្ត្រ និងសិល្បៈ។ លោកស្រី Nguyen Thu Duyen ភ្ញៀវម្នាក់ ដែលមានកូនៗចូលរួមវគ្គសិក្សានៅទីនេះបានឲ្យដឹងថា៖“កូនៗរបស់ ខ្ញុំបានចូលរួមវគ្គសិក្សានេះអស់រយៈពេល ៥ ថ្ងៃហើយ។ កូនៗរបស់ខ្ញុំពិតជាមានចូលចិត្តវគ្គសិក្សានេះណាស់។ បរិយាកាសនៅទីនេះពិតជាទាក់ទាញណាស់។ កូនៗរបស់ខ្ញុំបានលេងកម្សាន្ត ធ្វើសកម្មភាពថ្មីថ្មោងដ៏ពោរពេញទៅដោយអត្ថប្រយោជន៍ និងចំណាប់អារម្មណ៍ផងដែរ”។
ការផ្ទេរប្ដូរមូលដ្ឋានផលិតកម្មចំណាស់ឲ្យក្លាយទៅជាលំហប្រកបដោយភាពច្នៃប្រឌិតគឺជាទិសដៅ ដែលត្រូវបានប្រទេសជាច្រើននៅលើពិភពលោកអនុវត្តន៍។ នៅទីក្រុងហាណូយ គំរូនេះកំពុងបង្កើតកម្លាំងរស់ថ្មីសម្រាប់លំហវប្បធម៌ចំណាស់ ដោយបានរក្សាទុកអនុស្សាវរីយ៍ និងប្រវត្តិសាស្ត្រ ហើយថែមទាំង នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងជំរុញការច្នៃប្រឌិតសិល្បៈ។ Complex 01 - លំហវប្បធម៌ដ៏រស់រវើក ដែលបានផ្ទេរប្តូរពីរោងចក្រចំណាស់គឺជាទីណាត់ជួបវប្បធម៌ សិល្បៈដ៏គួរឱ្យទាក់ទាញ ក៏ដូចជារួមចំណែកឆ្លើយតបនឹង តម្រូវការខាងវប្បធម៌ជូនប្រជាជនផងដែរ៕