វិហារសក្ការៈបូជាលោកតាលោកយាយ Do Cong Tuong - កេរ្តិ៍ដំណែលជាតិរបស់វៀតណាម
(VOVWORLD) - វិហារសក្កាៈបូជាលោកតាលោកយាយ Do Cong Tuong ដែលស្ថិតនៅលេខ៦៤ វិថី Le Loi ទីក្រុង Cao Lanh ជាកេរ្តិ៍ដំណែលដែលមានតម្លៃទាំងខាង សិល្បៈនិងទាំងខាងស្មារតីចំពោះប្រជាជនទីក្រុង Cao Lanh ខេត្ត Dong Thap ភាគខាង ត្បូងវៀតណាម។ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍វៀតណាមបានរៀបចំណាត់ថ្នាក់នៃវិហារសក្ការៈបូជានិងផ្នូរលោកតាលោកយាយ Do Cong Tuong ជាកេរ្តិ៍ដំណែលជាតិ។
វិហារសក្កាៈបូជាលោកតាលោកយាយ Do Cong Tuong |
តាមឯកសារប្រវត្តិសាស្ត្របានកត់ត្រាថា នៅក្នុងសករាជរបស់ស្ដេច Gia Long (ឆ្នាំ១៧៦២ដល់ឆ្នាំ១៨២០) លោក Do Cong Tuong ដែលមានឈ្មោះ កំណើតថា Lanh រួមជាមួយប្រពន្ធចេញដំណើរពីទីក្រុងបុរាណ Hoi An ទៅចាប់អាជីព នៅភូមិ My Tra ដោយកាប់គាស់ដីធ្លី ធ្វើចំការ ដាំដើមឈើ ហើយបានក្លាយទៅជាអ្នកមានទ្រព្យ អាស្រ័យដោយប្រភពផលពីសួនក្រូចឃ្វិច។ ចំការក្រូចឃ្វិចរបស់ប្ដីប្រពន្ធទាំងពីរ មានផ្ទៃដីធំទូលាយ បរិយាកាសអាកាសត្រជាក់ស្រួល ហើយថែមទាំងការធ្វើដំណើរយ៉ាងងាយ ស្រួលទាំងតាមផ្លូវទន្លេផងនិងផ្លូវគោកដែរ ដូច្នេះហើយបានជា ប្រជាជនប្រមូលផ្ដុំគ្នានៅទីនេះលក់ ដូរទំនិញ ហើយបន្ដិចម្ដងៗវាបានក្លាយទៅផ្សារ ដែលជាផ្សារទីក្រុង Cao Lanh នាសព្វថ្ងៃ។ ដោយឃើញលោក Do Cong Tuong មានទឹកចិត្តស្មោះត្រង់ ហើយ មានចំណេះដឹងទូលំទូលាយ បានជាប្រជាជនបានជ្រើសតាំងលោកអោយកាន់តំណែង Cau Duong ពោលគឺជាមន្ត្រី ទទួលបន្ទុកការដោះស្រាយវិវាទក្នុងភូមិ។ លោក Do Cong Tuong ជាអ្នក ដែលមានគុណបំណាច់បានរួមចំណែកធ្វើអោយសេដ្ឋកិច្ចតំបន់ Cao Lanh នាពេល នោះ មានការរីកចម្រើន។ នាឆ្នាំ១៨២០ ជំងឺអាសន្នរោគបានកើតមាននិងរីករាលដាលយ៉ាង ខ្លាំងក្លា លោកតាលោកយាយបានពលីជីវិតរបស់ខ្លួនដើម្បីសង្គ្រោះប្រជាជន។ អាស្រ័យ ហេតុនោះ ប្រជាជនបានកសាងវិហារសក្ការៈបូជាលោកតាលោកយាយ Do Cong Tuong។ លោក Le Van Nang នៅវិថី Le Loi ទីក្រុង Cao Lanh បានដំណាលថា៖
“មុននេះប្រជាជនត្រូវស្លាប់ដោយសារជំងឺអាសន្នរោគយ៉ាងច្រើនណាស់។ លោកតាលោកយាយបានគោរពបូជាព្រះពុទ្ធបួងសួងសុំអោយប្រជាជនរួចផុតពីជំងឺ ហើយលោកតាលោកយាយសុំស្លាប់ជំនួសប្រជាជន។ គោរពបូជារួចមក លោកនិង លោកស្រីលាចាកលោកទៅ ហើយជំងឺក៏ឈប់មានកើតដែរ។ លោកតា Cau លោកយាយ Lanh មានគុណបំណាច់បង្កើតផ្សារ Cau Lanh ប៉ុន្តែតាមពេលវេលាគេនិយាយ គន្លាស់ថា Cao Lanh។ មុននោះ លោកតាលោកយាយក៏បានជួយឧបត្ថម្ភមនុស្ស ក្រីក្រយ៉ាងសកម្មណាស់។ នាឆ្នាំនេះ ទីក្រុង Cao Lanh បានរៀបចំពិធីរំលឹកខួប លើកទី១៩៩ទិវាលាចាកលោករបស់លោកតាលោកយាយទាំងពីរ”។
វិហារសក្ការៈបូជានិងផ្នូរលោកតាលោកយាយ Do Cong Tuong ជាបណ្ដុំស្ថាបត្យ កម្មរួមមានវិហារសក្ការៈបូជា ផ្ទះទទួលភ្ញៀវ និងផ្នូរដ៏ស្ដុកស្ដមដែលមានចម្លាក់យ៉ាង ល្អប្រណិតតាមរចនាបទនៃស្ថាបត្យកម្មរាជកាលស្ដេច Nguyen ហើយថែមទាំង មានលក្ខណៈពិសេសដោយឡែកនៃវិហារសក្ការៈបូជារបស់តំបន់ភាគខាងត្បូងទៀតផង។ វិហារសក្ការៈបូជាត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មបែបប្រជាប្រិយ ដោយដំបូលប្រក់ ក្បឿង ហើយលើសសរមានព្យួរពាក្យប្រស្នាស្ដីអំពីគុណបំណាច់របស់លោកតាលោកយាយ។ ដើរឆ្លងខ្លោងទ្វារគឺចូលទៅកាន់ទីធ្លាដ៏ធំទូលាយ ដែលមានរូបចម្លាក់ ជាច្រើនដោយទឹកមុខសាហាវប៉ុន្តែគួរអោយគោរព ដែលមានអត្ថន័យបណ្ដេញ ខ្មោចបីសាច នាំមកនូវលាភសំណាងល្អនិងភាពសុខសាន្ត។ បណ្ដាទីសក្ការៈ បូជាត្រូវបានតុបតែងយ៉ាងស្អាតឆើតឆាយដោយរូបចម្លាក់សត្វពិសិដ្ឋ៤ប្រភេទនិង ក្បូក្បាច់ លំនាំដ៏សម្បូរបែបជាច្រើនទៀតផង។ លោក Ly Van Teo សមាជិកម្នាក់ ក្នុងគណៈគ្រប់គ្រងកេរ្តិ៍ដំណែលវិហារសក្ការៈបូជាលោកតាលោកយាយ Do Cong Tuong បានអោយដឹងថា៖
“វិហារសក្ការៈបូជានេះមាន៣ល្វែង។ ទិវាសែនខួបលោក លោកស្រី ត្រូវបាន រៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែ៦ តាមច័ន្ទគតិ។ ថ្ងៃទី៨គឺដើម្បីដង្ហែ វិញ្ញាណក្ខ័ន្ធលោកតាលោកយាយទៅលេងកំសាន្តនៅក្នុងទីក្រុង ដល់យប់ថ្ងៃទី៨និងថ្ងៃទី៩ ទើបធ្វើពិធីសែនព្រែន។ នាព្រឹកថ្ងៃទី១០ អញ្ជើញភ្ញៀវចូលរួមទទួលអំណរពិធី បុណ្យ។ មានល្បែងកំសាន្តជាច្រើនណាស់ ដូចជាល្បែងជល់មាន់ រាំមុង សាយ និងច្រៀង ជាដើម។ ភ្ញៀវទេសចរពីគ្រប់ទិសទីមកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ១សែននាក់”។
ពិធីបុណ្យវិហារសក្ការៈបូជាលោកតាលោកយាយ Do Cong Tuong ជាពិធីបុណ្យ គំរូនៃគុណធម៌ផឹកទឹកនឹកប្រភពដើម ចងចាំគុណបំណាច់របស់ជីដូនជីតាចំពោះ ប្រទេសជាតិ។ ពិធីបុណ្យនេះបានក្លាយទៅជាសកម្មភាពវប្បធម៌ខាងស្មារតីដែល មិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជនទីក្រុង Cao Lanh និយាយ ដោយឡែកនិងតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម៕