សាលាភូមិនៅតំបន់ព្រំដែនមាតុភូមិ
(VOVWORLD) - សាលាភូមិ Tra Co នៅភូមិ Tra Co ទីក្រុង Mong Cai ខេត្ត Quang Ninh ដែលមានចម្ងាយប្រមាណ ៤ គីឡូម៉ែត្រ ពីព្រំដែនវៀតណាម - ចិនតាមបណ្តោយផ្លូវហើររបស់សត្វចាប។ សាលាភូមិ ដែលមានអាយុកាលជិត ៦០០ ឆ្នាំ នេះ នៅតែរក្សាលក្ខណៈ ដ៏វិសេសវិសាលនៃស្ថាបត្យកម្មសាលាភូមិវៀតណាមដដែល ហើយត្រូវបានចាត់ទុកថា ជាសញ្ញាសម្គាល់វប្បធម៌នៅតំបន់ព្រំដែន។
សាលាភូមិ Tra Co |
សាលាភូមិ Tra Co មិនត្រឹមតែបានបម្រើតម្រូវការខាងជំនឿរបស់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងជាគោលដៅមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ។ នៅដើមនាទាឃរដូវនេះ សូមអញ្ជើញប្រិយមិត្តរួមដំណើរជាមួយលោក មកទស្សនាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌នេះផងណា។
អញ្ជើញចូលដល់មាត់ទ្វារសាលាភូមិ យើងខ្ញុំបានជួបជាមួយលោកតា Nguyen Van Them ដែលមានអាយុ ៧០ ឆ្នាំ។ លោកតាជាអ្នកមើលថែទាំ អុជធូបថ្វាយដូនតានៅសាលាភូមិជាយូរណាស់មកហើយ។ លោកតា Them បានសម្អាតកម្ទេចធូបធ្លាក់លើផ្ទៃអាសនៈដូនតា យ៉ាងហ្មត់ចត់ណាស់។ក្រោយពេលបញ្ចប់ការងារសម្អាតមក លោកតា Them និងព្រឹទ្ធាចារ្យភូមិបានទទួលទានតែជាមួយគ្នា។ លោក Them បានសំណេះសំណាលថា៖ “ខ្ញុំបានធ្វើការសម្អាតសាលាភូមិជារៀងរាល់ថ្ងៃ។ ក្នុងឱកាសបុណ្យទាន និងបុណ្យតេត អ្នកភូមិបានជ្រើសរើសមនុស្សប្រុសចំនួន ១២ នាក់។ មនុស្សទាំងនេះនឹងមកលាងសម្អាត ប្តូរទឹក ប្ដូរធូប និងប្ដូរចង្កៀងប្រេងថ្មី។ ពួកគេបានទៅមើលថែសាលាភូមិ ចាប់ពីថ្ងៃទី ២៥ ខែទី ១២ តាមច័ន្ទគតិ រហូតដល់ថ្ងៃទី ១ នៃបុណ្យតេត ទើបទៅផ្ទះវិញ។ នារាត្រីឆ្លងឆ្នាំ អ្នកភូមិបានមកអុជធូប សុំសេចក្ដីសុខចម្រុងចម្រើនដើមឆ្នាំថ្មីយ៉ាងច្រើនកុះករ”។
នេះគឺជាកំណព្យដែលព្រឹទ្ធាចារ្យភូមិតែងតែមរតកដល់កូនចៅអំពីប្រភពដើម របស់ ខ្លួន។ នៅរាជវង្ស Hau Le (ឆ្នាំ ១៤៦១) នៅពេលរលក និងខ្យល់បោកបក់យ៉ាងខ្លាំងនោះ គ្រួសារអ្នកនេសាទត្រីចំនួន ១២ គ្រួរ នៅ Do Son (Hai Phong) បានរសាត់ទៅកាន់ឧបទ្វីបរហោស្ថានមួយ។ ដោយមិនអាចទ្រាំទ្រនឹងស្ថានភាពលំបាកលំបិននោះ គ្រួសារចំនួន ៦ គ្រួរបានស្វែងរកវិធីវិលត្រឡប់មកស្រុកកំណើតវិញ។ ចំណែកគ្រួរសារចំនួន ១២ គ្រួរនៅសេសសល់បានប្តេជ្ញាចិត្តថានឹងរួមគ្នាកាប់ឆ្កាតំបន់ដីថ្មីនេះ។ នាគ្រាដំបូង មានត្រឹមតែផ្ទះសាមញ្ញត្រឹមតែ ៦ ខ្នងប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ តំបន់នេះបានក្លាយទៅជាភូមិមួយដ៏សម្បូរធូរធា។ ភូមិនេះត្រូវបានដាក់ឈ្មោះថា Tra Co ដែលយកចេញពីអក្សរពីរដំបូងនៃស្រុកកំណើតបុរាណគឺ Tra Phuong និង Co Trai ។
សាលាភូមិ Tra Co |
លោក Nguyen Quang Canh មគ្គុទេសទេសចរណ៍ មួយរូបបានដំណាលថា៖ សាលាភូមិត្រូវបានសាងសង់នៅឆ្នាំ ១៤៦១ ក្រោមរជ្ជកាលស្តេច Le Thanh Tong។ សាលាភូមិបានធ្វើសក្ការបូជាអ្នកតាភូមិ និងព្រឹទ្ធាចារ្យភូមិចំនួន ៦ នាក់ ដែលមានគុណបំណាច់បង្កើតតំបន់ Tra Co ដូចបច្ចុប្បន្នេះ។ លោកបានសំណេះសំណាលថា៖ “ស្ដេច Le Thanh Tong គឺជាស្ដេចមួយអង្គ ដែលបានផ្តោតសំខាន់លើ បញ្ហាអធិបតេយ្យភាពព្រំដែន។ ព្រះអង្គធ្លាប់មានព្រះបន្ទូលថា បើនរណាម្នាក់ធ្វើឲ្យបាត់បងទឹកដីតែបន្តិចធ្លាក់ចូលក្នុងដៃរបស់អ្នកដទៃនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ការសាងសង់សាលាភូមិនៅតំបន់ព្រំដែននេះ ក៏ជាសេចក្ដីសម្រេចចិត្តរបស់ព្រះបរមរាជវាំងនាពេលនោះ។ តាមគោលការណ៍ នៅពេលបង្កើតតំបន់ប្រជាជន គឺត្រូវសាងសង់សាលាភូមិ និងអាស្រមអ្នកតាដើម្បីធ្វើសក្ការបូជាទេវតា ព្រមទាំងជាស្ថាប័នរដ្ឋបាលរបស់របបនេះផងដែរ“។
ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រនោះ សាលាភូមិ Tra Co ត្រូវបានជួសជុលកែលម្អជាច្រើនដង ប៉ុន្តែនៅតែរក្សាបានលក្ខណៈដ៏វិសេសវិសាលអំពីស្ថាបត្យាកម្ម និងសិល្បៈឆ្លាក់ដដែល ដែលពោរពេញទៅដោយលក្ខណៈ ស្ថាបត្យាកម្មភូមិស្រុកនៅភាគខាងជើង។ លោកស្រី Nguyen Thao Ly ភ្ញៀវទេសចរណ៍មួយរូប មកពីខ័ណ្ឌ Ha Dong ទីក្រុងហាណូយបានសំណេះសំណាលថា៖ “នេះគឺជាលើកទីមួយហើយ ដែលខ្ញុំមានឱកាសមកទស្សនា និងអុជធូបនៅសាលាភូមិ Tra Co នៅខេត្ត Mong Cai។ សាលាភូមិនេះស្ថិតនៅលើបណ្ដោយផ្លូវ ទៅកាន់ឆ្នេរសមុទ្រ ដូច្នេះពិតជាងាយមកទស្សនាណាស់។ នេះគឺជាសាលាភូមិបុរាណមួយ ដែលមានស្ថាបត្យកម្មដ៏វិសេសវិសាល។ ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំបានមកទីនេះ ដើម្បីបួងសួងសុំ សេចក្ដីសុខចម្រុងចម្រើន សុខភាពល្អដល់ក្រុមគ្រួសារ”។
ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីទាំងនេះ នៅឆ្នាំ ២០១៩ ពិធីបុណ្យសាលាភូមិ Tra Co ត្រូវបានទទួលស្គាល់ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ អស់រយៈពេលជាង ៥ សតវត្សរ៍កន្លងទៅ សាលាភូមិ Tra Co បានឆ្លងកាត់រាល់ការឡើងចុះនៃប្រវត្តិសាស្ត្រ។ ទោះបីស្ថិតនៅជាប់ព្រំដែនវៀតណាម ចិនដែលជាច្រកផ្លូវអន្តរវប្បធម៌ក៏ដោយ ប៉ុន្តែសាលាភូមិនៅតែរក្សាបានសញ្ញាសម្គាល់រចនាបទសិល្បៈសាលាភូមិវៀតណាមក្រោមរាជ្ជកាល Hau Le ហើយជាសញ្ញាសម្គាល់វប្បធម៌ដ៏រឹងមាំ ដោយអះអាងអធិបតេយ្យភាពទឹកដី ព្រំដែនរបស់វៀតណាមនៅតំបន់ព្រំដែនមាតុភូមិផងដែរ៕