ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long”

(VOVWORLD) - ដំណើរកម្សាន្តនៅសមុទ្រតែមួយគត់ “ដំណើរបេតិកភ័ណ្ឌ Ha Long” របស់នាវាទេសចរណ៍ Grand Pioneers ចំណុះក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខនៅខែឧសភា ឆ្នាំ ២០២៤ ហើយបានចាប់ផ្តើមបើកដំណើរការចាប់ពីខែកក្កដា ឆ្នាំ ២០២៤។ នាវា ទេសចរណ៍នេះនាំអ្នកដំណើរទៅទស្សនាគោលដៅទេសចរណ៍ល្បីៗភាគច្រើននៅឈូងសមុទ្រ Ha Long ដែលបច្ចុប្បន្ននេះ គ្មាននាវាទេសចរណ៍ណាដែលមានលក្ខខ័ណ្ឌ គ្រប់គ្រាន់ដើម្បីទទួលបានអាជ្ញាប័ណ្ណនោះទេ។

ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long” - ảnh 1នាវាទេសចរណ៍ Grand Pioneers។
បច្ចុប្បន្ននេះ Viet Thuan Group មាននាវាទេសចរណ៍ចំនួនពីរគឺ Grand Pioneers ១ និង Grand Pioneers ២ ដែលជានាវាទេសចរណ៍ដ៏ធំបំផុតនៅក្នុងប្រទេស វៀតណាម។ នាវាទេសចរណ៍ទាំងនេះ ត្រូវបានរចនាឡើងយ៉ាងប្រណិត ទំនើប ដោយមានប្រវែងជិត ១១០ ម៉ែត្រ ទទឹងជាង ១៨ ម៉ែត្រ មាន ៦ ជាន់ ជាន់ក្រោមទី ១ អាចផ្ទុកភ្ញៀវបាន ៣២០ នាក់ ក្នុងនោះអាចផ្ទុកភ្ញៀវ
អតិបរមាចំនួន ១៦០ នាក់ ដែលស្នាក់នៅមួយយប់លើឈូងសមុទ្រ Ha Long។ នៅលើនាវា មានបន្ទប់កម្សាន្ត តំបន់លេងកំសាន្តរបស់កុមារ បន្ទប់ប្រជុំ បន្ទប់ប្រធានាធិបតី បន្ទប់មើលកុន បន្ទប់ហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន ស្ប៉ា ខារ៉ាអូខេ ជាដើម។
ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long” - ảnh 2បន្ទប់ប្រធានាធិបតីនៅលើនាវា Grand Pioneers។
នាវា Grand Pioneers ១ បម្រើដំណើរកម្សាន្តរយៈពេល ២ ថ្ងៃ ១ យប់ទៅ ទស្សនាឈូងសមុទ្រ Ha Long ជាមួយនឹងការធ្វើដំណើរ ២ ដល់ ៣ ជើង ក្នុងមួយ សប្តាហ៍អាស្រ័យលើចំនួនភ្ញៀវទេសចរ។ ចំណែកឯនាវា Grand Pioneers ២ នាំ ភ្ញៀវទេសចរទៅទស្សនាឈូងសមុទ្រ Ha Long ជាមួយនឹងដំណើរកម្សាន្តរយៈពេល ៣ ថ្ងៃ ២ យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ រៀងរាល់សប្តាហ៍។ លោក Luong The Tuyen នាយក រង Viet Thuan Group បានឲ្យដឹងថា៖
“Grand Pioneers អនុវត្តន៍ដំណើរបេតិកភណ្ឌ ដែលតភ្ជាប់តំបន់បេតិកភណ្ឌទាំងពីរនៃឈូងសមុទ្រ Ha Long និងឈូងសមុទ្រ Bai Tu Long។ ឈូងសមុទ្រ Bai Tu Long មានសក្ដានុពល និងគុណសម្បត្តិជាច្រើន ក្នុងការធ្វើអាជីវកម្មផ្នែកវប្បធម៌ និង ប្រវត្តិសាស្ត្រ។ នេះជាដំណើរបេតិកភណ្ឌដំបូងគេរហូតដល់ពេលនេះ ដែលតភ្ជាប់តំបន់បេតិកភណ្ឌចំនួនពីរ ដូច្នេះតំបន់បេតិកភណ្ឌត្រូវបានពង្រីកយ៉ាងទូលំទូលាយបើធៀបនឹងខ្សែផ្លូវទេសចរណ៍ធម្មតា។ ជាមួយនឹងដំណើរកម្សាន្តនេះ យើងខ្ញុំរំពឹងថា នឹង បង្កើតនិន្នាការថ្មីសម្រាប់ផ្នែកទេសចរណ៍នៃខេត្ត Quang Ninh ជាពិសេសទេសចរណ៍ ស្នាក់នៅពេលយប់ ហើយសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរដែលមានការចំណាយ ខ្ពស់ កាន់តែច្រើនមកកាន់ឈូងសមុទ្រ Ha Long ហើយអូសបន្លាយការស្នាក់នៅរបស់ភ្ញៀវ ទេសចរនៅឈូងសមុទ្រ Ha Long”។
ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long” - ảnh 3ទេសភាពឈូងសមុទ្រ Ha Long។
ដំណើរកម្សាន្តបេតិកភ័ណ្ឌ Ha Long នាំភ្ញៀវទេសចរឆ្លងកាត់តំបន់បេតិកភណ្ឌ ចំនួន ៤។ ចេញដំណើរពីកំពង់ផែ Tuan Chau ឆ្លងកាត់ចំណុចចាប់ផ្តើមនៃអច្ឆរិយៈ ធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long នោះគឹកោះ Dau Go (កោះក្បាលឈើ) ដំណើរ កម្សាន្តនេះ នឹងឆ្លងកាត់គោលដៅទស្សនាល្បីៗនៃអច្ឆរិយៈធម្មជាតិពិភពលោកដូចជា៖ កោះ Ga Choi (មាន់ជល់) កោះ Titop ល្អាងភ្នំ Sung Sot ល្អាងភ្នំ Thien Canh Son ថ្មនាគ និងកោះដំបងយក្ស។ បន្ទាប់មក នាវាទេសចរណ៍បន្តទៅកាន់ Ban Sen, Van Don, Quan Lan, ឧទ្យានជាតិ Bai Tu Long និងវិលត្រឡប់មកវិញ។ ចូលរួមដំណើរកម្សាន្ត បេតិកភណ្ឌ Ha Long អ្នកស្រី Pia Rich Franch ភ្ញៀវទេសចរថៃបានសម្តែងថា៖
“ល្អាងភ្នំ Thien Canh Son ខុសពីល្អាងភ្នំនៅប្រទេសខ្ញុំ។ ល្អាងភ្នំនៅប្រទេសខ្ញុំតូចជាង ហើយងងឹតជាង ល្អាងភ្នំនេះភ្លឺចិញ្ចាច ហើយមានទឹកហូរទៀត។ នេះជាលើកទី២ហើយដែលខ្ញុំមកវៀតណាម និងជាលើកទី១ទៅឈូងសមុទ្រ Ha Long។ ឈូង សមុទ្រ Ha Long ពិតជាស្អាតណាស់ ហើយប្រាកដថា ខ្ញុំនឹងវិលត្រឡប់មកទីនេះម្តង ទៀត។ នាវាទេសចរណ៍ក៏អស្ចារ្យដែរ។ ប្រទេសខ្ញុំមិនទាន់មាននាវាទេសចរណ៍ស្អាតដូចនេះនៅឡើយ។ នៅឆ្នាំក្រោយ ខ្ញុំនឹងត្រឡប់ទៅជិះនាវាកម្សាន្តនេះវិញ”។
ស្វែងយល់ពីដំណើរកម្សាន្ត “បេតិកភ័ណ្ឌ Ha Long” - ảnh 4ភ្ញៀវទេសចរចូលទស្សនាល្អាងភ្នំ Sung Sot។
នៅលើនាវាមានភោជនីយដ្ឋានប្រណីតចំនួន ២ ដែលអាចបម្រើភ្ញៀវទេសចរ ដែលមានសញ្ជាតិផ្សេងៗគ្នា។ ភ្ញៀវទេសចរអាចទទួលទានមុខម្ហូបដ៏សម្បូរបែបជា ច្រើន។ លោក Nguyen Manh Truong មេចុងភៅនៃនាវា Grand Pioneers បានឲ្យដឹងថា៖
“ម្ហូបនៅលើនាវាទេសចរណ៍ Grand Pioneers ប្រើប្រាស់គ្រឿងសមុទ្រពីឈូង សមុទ្រ Ha Long ជាប្រភពគ្រឿងផ្សំស្នូល។ ម្ហូបត្រូវបានចម្អិនតាមរចនាប័ទ្មបុរាណរួម ផ្សំនឹងភាពទំនើប។ ក្រៅពីម៉ឺនុយដែលមានស្រាប់ យើងខ្ញុំក៏បម្រើម៉ឺនុយសម្រាប់អតិថិ ជនពហុជាតិផងដែរ។ នៅលើនាវាទេសចរណ៍មានភោជនីដ្ឋានអ៊ឺរ៉ុបសម្រាប់បម្រើ ភ្ញៀវអឺរ៉ុប ប៉ុន្តែម្ហូបឥណ្ឌា និងមូស្លីម យើងខ្ញុំក៏អាចឆ្លើយតបបានដែរ”។
“ដំណើរកម្សាន្តបេតិកភណ្ឌ Ha Long” គឺជាផលិតផលទេសចរណ៍ថ្មី លេចធ្លោ និងពិសេសមួយរបស់ខេត្ត Quang Ninh។ ការចាប់ផ្តើមនៃដំណើរ ទេសចរណ៍នេះគឺជាជំនោខ្យល់អាកាសថ្មី ជាបុព្វបទដើម្បីបង្កើតផលិតផលថ្មី បទពិសោធន៍ថ្មី និងការធ្វើថ្មីដល់ទេសចរណ៍នៅឈូងសមុទ្រ Ha Long និយាយដោយឡែក និងទេសចរណ៍សមុទ្រវៀតណាមនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ