អញ្ជើញទៅទស្សនាទីក្រុងដើមឈើ Buon Ma Thuot
(VOVWORLD) - ទីក្រុង Buon Ma Thuot ខេត្ត Dak Lak គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអត្រាគ្របដណ្ដប់ដោយព្រៃឈើខ្ពស់បំផុតនៅទូទាំងប្រទេស។ នាបច្ចុប្បន្ននេះ ប្រព័ន្ធដើមឈើបៃតងរបស់ទីក្រុង Buon Ma Thuot កំពុងបង្កើតឡើងបរិយាកាសគួរឲ្យចង់រស់នៅជូនប្រជាជន ហើយជាចំណុចគួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។
ប្រព័ន្ធដើមឈើបៃតងរបស់ទីក្រុង Buon Ma Thuot កំពុងបង្កើតឡើងបរិយាកាសគួរឲ្យចង់រស់នៅជូនប្រជាជន ហើយជាចំណុចគួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ |
ដើមឈើនៅទីក្រុង Buon Ma Thuot នាបច្ចុប្បន្ននេះ គឺជាសមទ្ធិផលនៃការយកចិត្តទុកដាក់នៃការដាំដើមឈើអស់រយៈពេលជាច្រើនទសវត្សរ៍មក ហើយប្រការនេះកំពុងត្រូវបានពង្រីកក្នុងកម្មវិធី និងសេចក្ដីសម្រេចចិត្តតម្រង់ទិសដៅអភិវឌ្ឍន៍ទីក្រុងដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ។
នាដើមឆ្នាំថ្មី ២០២២ អ្នកស្រី Nguyen Thi Loan រួមជាមួយកម្មករចំនួន ៥ នាក់ទៀត នៃក្រុមហ៊ុនចំកាត់បរិស្ថាន Osaka បានធ្វើការតុបតែងលំហសួនច្បារនៅវិមានប្រធានហូជីមិញជាមួយកុមារៗ នៅវិថី Le Duan ទីក្រុង Buon Ma Thuot។ ប្រជាជនជាច្រើន បានប្រៀបប្រដូចក្រុមកម្មករ ដូចលោកស្រី Loan ជាសិប្បការិនីអញ្ចឹង ដែលបានរួមចំណែកថែរក្សាសោភ័ណភាព ថែទាំ ដាំដុះ ការពារទេសភាព និងបរិស្ថានសម្រាប់ទីក្រុង។ អ្នកស្រី Loan មានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលការខិតខំប្រឹងប្រឹងរបស់ខ្លួន និងក្រុមការងារត្រូវបានប្រជាជនទទួលស្គាល់។ អ្នកស្រីបានសំណេះសំណាលថា៖ “នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលប្រជាពលរដ្ឋបានសរសើរពីទេសភាពនៅទីនេះ។ នាងខ្ញុំក៏មានមោទនភាពណាស់ដែរ ព្រោះថាទីក្រុងកាន់តែស្អាត ស្រស់បំព្រង ហើយប្រជាពលរដ្ឋបានអញ្ជើញមកទីនេះលេងកម្សាន្តយ៉ាងសប្បាយរីករាយ”។
ដោយរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ទីក្រុង Buon Ma Thuot សម្រេចបានសមិទ្ធិផលក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជ្រុងវិថីនីមួយ សួនច្បារ និងទីលាននីមួយៗសុទ្ធតែបានបង្ហាញពីទស្សនវិជ្ជាអភិវឌ្ឍន៍បៃតង ដោយឆ្ពោះទៅរកផលប្រយោជន៍សហគមន៍។ អញ្ជើញនាំកូនស្រីតូចដើរលេងក្នុងឱកាសដើមឆ្នាំថ្មីនោះ អ្នកស្រី Tran Thi Yen មកពីសង្កាត់ Tu An ទីក្រុង Buon Ma Thuot មានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងតម្លៃដែលបានបង្កើតចេញពីប្រព័ន្ធដើមឈើ និងសួនច្បារ និងសួនផ្កា ដែលប្រៀបប្រដូចជា "ព្រៃឈើ នៅក្នុងទីក្រុង" អញ្ចឹង។ អ្នកស្រីបានសំណេះសំណាលថា៖ “នៅទីក្រុង Buon Ma Thuot មានសូនឧទ្យាន និងដើមឈើបៃតងច្រើនណាស់។ ជាពិសេសនៅតាមដងផ្លូវមានដើមឈើធំៗជាច្រើន ដូច្នេះហើយ ខ្យល់អាកាសនៅទីនេះពិតជាបរិសុទ្ធ មិនសូវមានធូលីឡើយ។ នាងខ្ញុំមានអារម្មណ៍ថា រស់នៅទីនេះពិតជាមានសុវត្ថិភាពខ្លាំងណាស់”។
ដើមឈើនៅទីក្រុង Buon Ma Thuot |
លោក Vo Ky អនុប្រធានការិយាល័យគ្រប់គ្រងនគរនៃទីក្រុង Buon Ma Thuot បានឲ្យដឹងថា យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំណាត់ថ្នាក់ទីក្រុងចំពោះទីក្រុងថ្នាក់ទី ១ ចំណុះខេត្តនោះ ផ្ទៃដីដាំដើមឈើបៃតងក្នុងទីសាធារណៈនៅតំបន់ទីក្រុងសម្រេចបាន ៥-៦ម៉ែត្រការ៉េ ដើមឈើ / មនុស្សម្នាក់។ ក្នុងពេលនោះ អត្រាដើមឈើបៃតងនៅទីក្រុង Buon Ma Thuot នៅចុងឆ្នាំ ២០២១ សម្រេចបាន ៨,១១ម៉ែត្រការ៉េ/មនុស្សម្នាក់ ហើយទីក្រុងទាំងមូលសម្រេចបាន ១៧,៤ ម៉ែត្រការ៉េ/មនុស្សម្នាក់។ ជាមួយនឹងលទ្ធផលនេះ នាបច្ចុប្បន្ន ទីក្រុង Buon Ma Thuot គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអត្រាដើមឈើបៃតងខ្ពស់បំផុតនៅទូទាំងប្រទេស។ ក្នុងឆ្នាំ ២០២១ ដោយបានការជួយជ្រោមជ្រែងពីកម្មវិធីដាំដើមឈើបៃតងចំនួន ១ លានដើមនោះ ទីក្រុងបានអនុវត្តន៍យ៉ាងសកម្ម ហើយជាលទ្ធផល ទីក្រុងបានដាំដើមឈើជាង ៦០០០ ដើម។ តាមគោលដៅក្នុងឆ្នាំ ២០២២ ទីក្រុងនឹងបន្តបង្កើនការដាំដើមឈើស្នូល ដែលជាប្រភេទដើមឈើប្រចាំតំបន់ Tay Nguyen។ លោក Vo Ky បានសំណេះសំណាលថា៖ “នាបច្ចុប្បន្ននេះ ការដាំដើមឈើនៅតាមសួនច្បារ និងសួនឧទ្យាននៅក្នុងភូមិសាស្ត្រទីក្រុង Buon Ma Thuot បានផ្តោតសំខាន់លើដើមឈើប្រចាំតំបន់ ដែលពោរពេញទៅដោយអត្តសញ្ញាណដោយឡែកនៃនគរ Buon Ma Thuot ក៏ដូចជាតំបន់ Tay Nguyen។ យើងខ្ញុំបានផ្ដល់ប្រឹក្សាជូនគណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនអំពីប្រភេទដើមឈើដែលត្រូវដាំដុះនៅភូមិសាស្ត្រទីក្រុងផងដែរ”។
ចំណែកឯលោក Vu Van Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Buon Ma Thuot បានឲ្យដឹងថា ដើម្បីកសាងទីក្រុងបៃតងដូចបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត និងទីក្រុងបានយកចិត្តទុកដាក់ និងមានចក្ខវិស័យ ការរៀបចំផែនការអភិវឌ្ឍន៍ដើមឈើតាមរបៀបរៀបរយអស់រយៈពេលជាច្រើនទសវត្សរ៍មក។ រហូតមកដល់ពេលនេះ ចក្ខុវិស័យនេះ កំពុងបន្តត្រូវបានពង្រីក ដើម្បីកសាងទីក្រុង Buon Ma Thuot ឲ្យសក្តិសមជានគរអេកូឡូស៊ី ដែលមានអត្តសញ្ញាណ និងទំនើប។ លោក Vu Van Hung បានឲ្យដឹងថា៖ “ទស្សនៈរបស់ថ្នាក់ដឹកនាំទីក្រុងគឺបន្តពង្រីកផ្ទៃដីដាំដើមឈើជាង ៩ ម៉ែត្រការ៉េ/មនុស្សម្នាក់នៅក្នុងមជ្ឈមណ្ឌលទីក្រុង និងដីដាំដើមឈើ ១៨ ម៉ែត្រការ៉េ /មនុស្សម្នាក់នៅទូទាំងទីក្រុង។ ដូច្នេះហើយ យើងខ្ញុំបានបំផុសដល់កម្មាភិបាល បុគ្គលិកគ្រប់រូបឲ្យចូលរួមដាំដើមឈើក្នុងឱកាសបុណ្យតេត ពោលគឺមនុស្សម្នាក់ដាំដើមឈើយ៉ាងហោចណាស់មួយដើមដែរ”។
ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រ ការរៀបចំផែនការតាមរបៀបរៀបរយ និងការយកចិត្តទុកដាក់វិនិយោគដ៏ត្រឹមត្រូវនោះ Buon Ma Thuot កំពុងត្រូវបានសាងសង់ឲ្យសក្តិសមជានគរមជ្ឈមណ្ឌលនៅតំបន់ Tay Nguyen ជាជំហានៗ ។ ចំណុចលេចធ្លោមួយក្នុ ងភាពជោគជ័យរបស់ទីក្រុងគឺប្រព័ន្ធដើមឈើបៃតងដែល ប្រៀបប្រដូចទៅនឹង "ព្រៃឈើនៅក្នុងទីក្រុង" អញ្ចឹង ដោយបាន បង្កើត កន្លែងគួរឲ្យចង់រស់នៅសម្រាប់ប្រជាជន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរផងដែរ៕