អញ្ជើញទស្សនាកំពូលភ្នំដ៏អស្ចារ្យនៅខេត្ត Lai Chau
(VOVWORLD) - ដោយមានទេសភាពធម្មជាតិដ៏ធំអស្ចារ្យ ខេត្ត Lai Chau មានកំពូលភ្នំជាច្រើននៅជួរភ្នំ Hoang Lien Son ហើយជាកំពូលភ្នំ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាកំពូលភ្នំដ៏ស្រស់ស្អាតបំផុតនៅវៀតណាម។ ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដងផ្លូវឆ្លងកាត់កំពូលភ្នំរបស់ខេត្ត Lai Chau ដោយសារភាពរហោស្ថាន និងធំសម្បើមផងដែរ។
ភ្ញៀវទេសចរបានឡើងកំពូលភ្នំ Pu Si Lung ដែលមានកម្ពស់ ៣០៨៣ ម៉ែត្រ (រូបថត៖ VOV) |
នៅពេលដែលរំលឹកដល់កំពូលភ្នំខ្ពស់នៅខេត្ត Lai Chau គេនឹងនឹកទៅដល់កំពូលភ្នំ Pu Si Lung ដែលមានកម្ពស់ ៣ ០៨៣ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំ Pa Ve Su ស្រុក Muong Te។ កំពូលភ្នំនេះស្ថិតនៅក្បែរព្រំដែនវៀតណាម-ចិន ហាក់ដូចជាបន្ទាត់ព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរអញ្ចឹង។ កន្លែងនេះមានភាពស្រស់ស្អាតដ៏វិសេសវិសាលនៃធម្មជាតិតំបន់ព្រៃភ្នំភាគពាយ័ព្យ ជាមួយនឹងព្រៃចាស់ និងទឹកជ្រោះ Nam Si Luong ដ៏ថ្លាឈ្វេង។ លោក Hoang Quoc Viet អ្នកជំនាញទេសចរណ៍ផ្សងព្រេងមកពីទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “ទេសចរណ៍ផ្សងព្រេង គឺជាការពិសោធន៍ស្វែងរកខ្លួនឯងរបស់ភ្ញៀវទេសចរ។ ភាពខុសគ្នានៃកំពូលភ្នំខ្ពស់នៅ ខេត្ត Lai Chau បើប្រៀបធៀបជាមួយនឹងកំពូលភ្នំផ្សេងទៀតនៅតំបន់ភាគពាយ័ព្យ គឺជាព្រៃចាស់ និងព្រៃធម្មជាតិ។ អាចនិយាយបានថា ភាពស្រស់ស្អាតនៅទីនេះប្រហែលនឹងជាលើកដំបូងហើយ ដែលភ្ញៀវទេសចរបានទស្សនា និងសម្របខ្លួនជាមួយរុក្ខជាតិដ៏អស្ចារ្យនៅទីនេះផងដែរ”។
បើទោះបីជាមិនមែនជាភ្នំខ្ពស់ជាងគេនៅខេត្ត Lai Chau ក៏ដោយ ប៉ុន្តែភ្នំ Ta Lien Son ឬមានឈ្មោះហៅផ្សេងទៀតគឺភ្នំ Co Trau នៅឃុំ Ta Leng ស្រុក Tam Duong ក៏ទទួលបានចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរផងដែរ។ ដោយមានកម្ពស់ ២ ៩៩៦ ម៉ែត្រនោះ ភ្នំ Ta Lien Son គឺសមស្របសម្រាប់មនុស្សគ្រប់រូបអញ្ជើញមកទស្សនា។ ក្នុងរដូវកាលនីមួយៗទេសភាពនៅទីនេះគឺមានលក្ខណៈវិសេសវិសាលដោយឡែក។ ពេលខ្លះ ផ្កាតែបានរុះរោយពណ៌សនៅលើដងផ្លូវ។ ពេលខ្លះព្រៃឈើត្រូវបានគ្របដណ្ដប់ដោយពណ៌ខៀវស្រងាត់របស់ដើមឈើ និងស្លែ។ នៅទីនេះក៏មានព្រៃតែ Shan Tuyet បុរាណដែលមានអាយុកាលរាប់រយឆ្នាំផងដែរ។ អ្នកស្រី Luu Lan Phuong ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានសំណេះសំណាលថា៖ “Ta Lien Son គឺជាកំពូលភ្នំដើមដំបូង ដែលនាងខ្ញុំបានឡើងនៅខេត្ត Lai Chau។ នាងខ្ញុះមានអារម្មណ៍រំភើបចិត្តណាស់ ព្រោះថានេះគឺជាព្រៃឈើរចំណាស់ដ៏ស្រស់ស្អាត។ នៅពេលឡើងកំពូលភ្នំ នាងខ្ញុំកាន់តែមានអារម្មណ៍រំភើបចិត្តចំពោះទេសភាពដ៏ស្រស់ស្អាត។ ទន្ទឹមនឹងនេះផ្ការ៉ូដូដេនដុនព្រៃក៏បានរីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅកំពូលភ្នំផងដែរ”។
បើទោះបីជាមិនមែនជាភ្នំខ្ពស់ជាងគេនៅខេត្ត Lai Chau ក៏ដោយ ប៉ុន្តែភ្នំ Ta Lien Son ឬមានឈ្មោះហៅផ្សេងទៀតគឺភ្នំ Co Trau នៅឃុំ Ta Leng ស្រុក Tam Duong (រូបថត៖ VOV) |
ដោយស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនវៀតណាម-ចិន ភ្នំ Phan Lien San នៅស្រុក Phong Tho មានឈ្មោះហៅផ្សេងទៀតគឺ Khang Su Van។ ភ្នំនេះមានកំពែងនានា ដែលជាភស្តុតាងប្រវត្តិសាស្ត្រអំពីបុព្វហេតុការពារអធិបតេយ្យភាពទឹកដីរបស់ដូនតា ។ ភ្នំ Po Ma Lung មានកម្ពស់ ២ ៩៦៧ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយជាកំពូលភ្នំខ្ពស់បំផុតទី ៧ នៅវៀតណាម ក្នុងភូមិសាស្ត្រឃុំ Ban Lang ស្រុក Phong Tho ខេត្ត Lai Chau។ ភ្នំ Po Ma Lung មានសម្រស់រហោស្ថានជាមួយកម្រាលផ្កាលាតសន្ធឹងលើសង្ខាងជំរាលភ្នំ ប្រព័ន្ធទឹកជ្រោះដ៏ធំមហិមា និងព្រៃចាស់ធំល្វឹងល្វើយ។ លោក Tran Tien Dung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lai Chau បានឲ្យដឹងថា៖ “ខេត្ត Lai Chau មានទេសភាពដ៏ធំអស្ចារ្យជាច្រើន ដូចជាកំពូលភ្នំ Pu Ta Leng ហើយ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិច។ ខេត្តបានធ្វើការសិក្សាស្រាវជ្រាវលើកំពូលភ្នំទាំងនេះ ហើយទេសភាពពិតជាស្រស់ស្អាតណាស់ និងសមស្របនឹងទេសចរណ៍ផ្សងព្រេង។ ដូច្នេះហើយ ខេត្ត Lai Chau មានទិសដៅទេសចរណ៍ផ្សងព្រេង ទេសចរណ៍ស្វែងយល់ ហើយតាមនោះ បង្កើតដងផ្លូវ និងដំណើរទេសចរណ៍ឲ្យសមស្របសម្រាប់ភ្ញៀវទេសចរផងដែរ”។
ប្រជាជនរស់នៅជុំវិញកំពូលភ្នំនានានៅខេត្ត Lai Chau គឺជាភូមិស្រុករបស់ជនជាតិដើមភាគតិច ដែលរក្សាបានអត្តសញ្ញាណវប្បធម៌រៀងៗខ្លួនដែលមានស្រាប់។ ទេសភាពសុខសាន្ត និងរហោស្ថាននៅទីនេះបានក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជិតនិងឆ្ងាយផងដែរ៕