អញ្ជើញទស្សនាវត្តសំរោងនៅខេត្ត Soc Trang

(VOVWORLD) - ខេត្ត Soc Trang មានវត្តអារាមចំនួន ៩២ ខ្នងរបស់បងប្អូនជនជាតិខ្មែរ។ ក្នុងចំណោមវត្តអារាមទាំងនោះ ត្រូវរំលឹកដល់វត្តសំរោង ព្រោះថានេះគឺជាវត្តដែលមានសម្រស់ស្រស់ស្អាតធំទូលាយ ហើយមានស្ថាបត្យកម្មដ៏អស្ចារ្យ។ នាថ្ងៃទី ១៣ មេសា កន្លងទៅ គណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានចេញផ្សាយសេចក្តីសម្រេចទទួលស្គាល់វត្តសំរោងគឺជាគោលដៅទេសចរណ៍របស់ខេត្ត។ 
អញ្ជើញទស្សនាវត្តសំរោងនៅខេត្ត Soc Trang - ảnh 1វត្តសំរោងនៅខេត្ត Soc Trang

មើលពីខាងលើ វត្តសំរោង ស្ថិតនៅលើផ្ទៃដីធំទំលាយ ពោរពេញទៅដោយម្លប់ដើមឈើបៃតង ហើយមានសំណង់ធំៗជាច្រើន លេចធ្លោដោយ ព្រះពុទ្ធបដិមាដ៏ធំសម្បើម។ មិនថានរណា ដែលអញ្ជើញទៅវត្តគឺសុទ្ធតែភ្ញាក់ផ្អើលចំពោះសម្រស់ស្រស់ស្អាត ធំទូលាយ មិនខុសពីព្រះរាជតំណាក់ឡើយ ធ្វើឲ្យមនុស្សហាក់ដូចជាវង្វេងក្នុង “ដែនទេពអប្សរ” អញ្ចឹង។

នៅពេលបោះជំហានចូលវត្ត ខាងមុខគឺជាខ្លោងទ្វារវត្ត ដែលត្រូវបានតុបតែងលម្អដោយក្បូរក្បាច់ជាមួយនិមិត្តសញ្ញាវប្បធម៌ខ្មែរជាច្រើនដូចជា សត្វណាហ្គា គ្រុឌ និងក្បូរក្បាច់ប្រពៃណី ដែលត្រូវបានលាបម្សៅពណ៌លឿង។ ចូលក្នុងខ្លោងទ្វារវត្តប្រហែល១០០ម៉ែត្រគឺជាផ្នែកស្នូលរបស់វត្ត អមសងខាងផ្លូវថ្នល់មានម្លប់ដើមឈើចំណាស់គ្រប់ប្រភេទ។

នៅសងខាងនៃច្រកទ្វារចូលធំ មានរូបសត្វតោឈរយាមនៅមាត់ទ្វារ ដើម្បីរាំងខ្ទប់អំពើអាក្រក់ និងការពារព្រះពុទ្ធ។ នៅលើជញ្ជាំង និងពិដានរបស់ព្រះវិហារមានផ្ទាំងគំនូរគូរលើជញ្ជាំងពណ៌នាអំពីជីវិតរបស់ព្រះពុទ្ធសក្យមុនី។ អាសនៈសក្ការបូជាមានរូបបដិមារបស់ព្រះសក្យមុនីជាច្រើនអង្គ ក្នុងនោះមានរូបបដិមាបុរាណរបស់ព្រះសក្យមុនីចំនួនពីរដែលធ្វើពីដើមឈើក្នុងឆ្នាំ សាងសង់វត្ត ១៧៨៥ ។ ផ្ទៃដីវត្តមានទំហំប្រហែល ៥ ហិកតាសំណង់ស្ថាបត្យកម្មនៅខាងក្នុងវត្តត្រូវបានបញ្ចូលគ្នាយ៉ាងសមស្រប។ ព្រះតេជគុណ Lâm Bình Thanh ព្រះចៅអធិការរងវត្តសំរោង មានពុទ្ធដីកាថា៖

“វត្តមានសំណង់ដូចជា៖ ព្រះវិហារ ចេតិយ សលាឆទាល គឺជាទីកន្លែងប្រមូលផ្ដុំ អាគារសាលាគឺជាកន្លែងប្រមូលផ្តុំពុទ្ធបរិស័ទធ្វើសក្ការបូជា ហើយក៏ជាទីកន្លែងទទួលភ្ញៀវផងដែរ។ ព្រះពុទ្ធបដិមាស្ថិតនៅខាងក្នុង ដែលត្រូវបានសាងសង់នាឆ្នាំ ២០១៨ គឺជា ព្រះពុទ្ធបដិមាដ៏ធំបំផុតនៅវៀតណាម។ បរិវេណវត្តមានដើមឈើបៃតងជាច្រើន ហើយត្រូវបានតុបតែងយ៉ាងស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍”។

វត្តសំរោងស្ថិតនៅកណ្ដាលទីក្រុង Soc Trang ខេត្ត Soc Trang ។ វត្តត្រូវបានសាងសង់ក្នុងឆ្នាំ ១៧៨៥ តាមស្ថាបត្យកម្មខ្មែរប្រពៃណី រួមបញ្ចូលគ្នាជាមួយស្ថាបត្យកម្មទំនើប។ វត្តនេះមានឈ្មោះថាសំរោង ព្រោះថាកាលពីអតីតកាលតំបន់នេះមានរុក្ខជាតិព្រៃច្រើន ដែលមានឈ្មោះថាសំរោងហើយដុះជុំវិញវត្ត ដូច្នេះហើយបានជាវត្តបានយកឈ្មោះរុក្ខជាតិនេះ។ បច្ចុប្បន្ននេះវត្តមានដើមសំរោងតែ២ដើមប៉ុណ្ណោះដែលកំពុងលូតលាស់ល្អ ។ ដំបូងឡើយ វត្តធ្វើពីឫស្សី និងឈើ មានដំបូលប្រក់ស្បូវសាមញ្ញ។ ក្រោយពីការជួសជុលកែលម្អជាច្រើនលើក វត្តកាន់តែស្រស់ស្អាត ធំទូលាយដូចបច្ចុប្បន្ននេះ។

អញ្ជើញទស្សនាវត្តសំរោងនៅខេត្ត Soc Trang - ảnh 2វត្តសំរោងនៅខេត្ត Soc Trang

ចំណុចលេចធ្លោនៅបរិវេណវត្តគឺព្រះបរមចេតិយ ដែលត្រូវបានតម្កល់នៅត្រង់ច្រកចូលវត្ត ហើយស្របនឹងព្រះវិហារ។  លក្ខណៈដ៏វិសេសវិសាលរបស់ព្រះបរមចេតិយ គឺពណ៌ថ្នាំលាប៖ ជំនួសឱ្យពណ៌លឿងប្រពៃណី ព្រះបរមចេតិយត្រូវបានលាបពណ៌ប្រផេះ ដែលបង្ហាញទាំងភាពទំនើប រឹងមាំ និងបុរាណ។ នៅតាមសងខាងផ្លូវឆ្ពោះទៅកាន់ ព្រះបរមចេតិយត្រូវបានតុបតែងលម្អដោយរូបណាហ្គា និងលំនាំក្បូរក្បាច់ខ្មែរបុរាណ ដែលត្រូវបានឆ្លាក់យ៉ាងប្រណិត។ រំលេចក្នុងបរិវេណវត្តគឺរូបបដិមារបស់ព្រះសក្យមុនីចូលបរិនិព្វាន ដែលមានទំហំធំសម្បើម ពោលគឺមានប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២,៥ ម៉ែត្រ តម្កល់នៅកម្ពស់ ២៨ ម៉ែត្រពីលើដី មានទម្ងន់ ៤៩០ តោន។ ដូច្នេះ វត្តនេះក៏មានឈ្មោះហៅម៉្យាងទៀតថា វត្តព្រះពុទ្ធចូលបរិនិព្វាន Soc Trang ។ អញ្ជើញ ទស្សនាវត្តជាលើកដំបូង លោក Tran Van An ភ្ញៀវទេសចរមកពីខេត្ត Thanh Hoa បានឲ្យដឹងថា៖

“ព្រះពុទ្ធបដិមាចូលបរិនិព្វាន ស្ថិតនៅលើបរិវេណដ៏ធំទូលាយ។ ខ្ញុំមិនដែលឃើញព្រះពុទ្ធបដិមាណាធំដូច្នេះឡើយ។ ខ្ញុំឃើញថាវត្តមានភាពបុរាណ និងស្រស់ស្អាតណាស់។ ប្រសិនបើមានឱកាស ខ្ញុំនិងក្រុមគ្រួសារនឹងទស្សនាវត្តម្ដងទៀត។ ខ្ញុំធ្លាប់ទៅទស្សនាប្រាសាទអង្គរវត្តនៅកម្ពុជាហើយ ប៉ុន្តែវត្តនេះក៏មានលក្ខណៈដ៏វិសេសវិសាល និងស្រស់ត្រកាលផងដែរ”។

បរិវេណវត្តសំរោងក៏មានបណ្ណាល័យ ដែលមានសៀវភៅជាង ១៥០០ ក្បាល ដើម្បីបម្រើតម្រូវការវប្បធម៌របស់សិស្សានុសិស្ស ប្រជាជន និងពុទ្ធសាសនិកក្នុងខេត្ត។ អញ្ជើញទស្សនាវត្ត អ្នកស្រី Huynh Thi Nhu Anh ភ្ញៀវទេសចរមកពីខេត្ត Tien Giang បានសម្តែងថា៖

“នាងខ្ញុំបានទស្សនាវត្តជាលើកដំបូង។ នាងខ្ញុំឃើញថាវត្តមានទីធ្លាធំទូលាយ គួរឲ្យចាប់អារម្មណ៍គឺព្រះពុទ្ធបដិមាចូលបរិនិព្វានដ៏ធំ និងខ្ពស់។ នាងខ្ញុំទៅវត្ត ដើម្បីបួងសួបសុំសេចក្ដីសុខ ចម្រុងចម្រើន។ បើមានឱកាស គ្រួសារនាងខ្ញុំនឹងមកទស្សនាវត្តម្ដងទៀត”។

ដោយមានសម្រស់ដ៏ស្រស់ស្អាតដូចជាព្រះរាជតំណាក់ វត្តសំរោងគឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះនៅខេត្ត Soc Trang។ ភ្ញៀវទេសចរទាំងជិត និងឆ្ងាយមកទស្សនាវត្ត ដើម្បីធ្វើធម្មយាត្រា និងស្វែងយល់ព្រលឹងវប្បធម៌ និងសិល្បៈស្ថាបត្យកម្មដ៏វិសេសវិសាលរបស់បងប្អូនជនជាតិខ្មែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ