Geetesh Sharma - ជនជាតិឥណ្ឌាម្នាក់ដែលស្រឡាញ់វៀតណាម

(VOVWORLD) -  Geetesh Sharma គឺជាអ្នកនិពន្ធ កវី អ្នកកាសែត និងជាសកម្មជននយោបាយ-សង្គមមួយរូប ប៉ុន្តែចំណុចលេចធ្លោបំផុតគឺជនជាតិឥណ្ឌារូបនេះ មានការជក់ចិត្តខ្លាំងក្នុងការសិក្សាស្រាវជ្រាវអំពីវៀតណាមនិងតែងតែតស៊ូដើម្បីឯករាជ្យ និងសេរីភាពរបស់វៀតណាមជានិច្ច ដើម្បីទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ ប្រហែលជាមិនមានបុគ្គលណាដែលមានការយល់ដឹងជ្រៅជ្រះអំពីប្រទេសវៀតណាមនិងបានចូលរួមវិភាគទានជាច្រើន ដល់ទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាមនិងឥណ្ឌាដូចរូបលោក Geetesh Sharma នោះឡើយ។

Geetesh Sharma - ជនជាតិឥណ្ឌាម្នាក់ដែលស្រឡាញ់វៀតណាម - ảnh 1Geetesh Sharma - ជនជាតិឥណ្ឌាម្នាក់ដែលស្រឡាញ់វៀតណាម

លោក Geetesh Sharma (១៩៣២ - ២០២១) ប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមនៅរដ្ឋ West Bengal ត្រូវបានចាត់ទុកថាជាមិត្តដ៏ល្អរបស់ប្រជា ជនវៀតណាម និងជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងឥណ្ឌានិងវៀតណាមក្នុងវិស័យការទូតប្រជាជន។ ឈ្មោះ Geetesh Sharma បានលេចឡើងនៅដើមទសវត្សឆ្នាំ ១៩៧០ នៅទីក្រុង Calcutta ដែលជារដ្ឋធានីនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា។ ក្នុងនាមជាប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា- វៀត ណាមនៅរដ្ឋ West Bengal ឈ្មោះរបស់លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនាតស៊ូដើម្បីគាំទ្រសង្គ្រាមរំដោះវៀតណាមខាងត្បូងនៅទីក្រុងនេះ។

ក្នុងអំឡុងឆ្នាំ ១៩៧០-១៩៧៥ លោក Geetesh Sharma បានចុះដើរដង្ហែតាមដងផ្លូវដែលមានយុវជន កសិករនិងបញ្ញាវន្តជាច្រើននាក់នៅរដ្ឋ West Bengal ដើម្បីធ្វើបាតុកម្មបង្ហាញសាមគ្គីភាពជាមួយការតស៊ូរបស់ប្រជាជនវៀតណាម ក្នុងការរំដោះប្រទេសជាតិ។ លោក Geetesh Sharma បានចូលរួមក្នុងគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ រហូតដល់ឆ្នាំ ១៩៩៤ លោកត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការហើយកាន់តំណែងនោះរហូតមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកសារព័ត៌មាននិងជាសកម្មជននយោបាយសង្គម លោក Geetesh Sharma បានលះបង់អស់រយៈពេល ៥ ទសវត្សរ៍ ដោយមិនចេះនឿយហត់ ដើម្បីលើកកម្ពស់ចំណងមិត្តភាពឥណ្ឌា - វៀតណាម។ លោកបានធ្វើដំណើរឆ្លងកាត់រដ្ឋនានាក្នុងប្រទេសឥណ្ឌា និងប្រទេសជាង ៣០ នៅគ្រប់ទីកន្លែង ហើយទៅដល់ទីណា លោក Geetesh Sharma  ក៏តែងតែស្ងើចសរសើរវៀតណាមជានិច្ច ដោយបញ្ជាក់ពីសង្គ្រាម សុច្ចរិតរបស់ប្រជាជនវៀតណាម និងបានកោតសរសើរស្មារតីនៃខ្លួនទីពឹងខ្លួន ការច្នៃប្រឌិត ភាពអត់ធ្មត់និងការអធ្យាស្រ័យដ៏ខ្ពងខ្ពស់របស់ប្រជាជនវៀតណាម។

សាស្ត្រាចារ្យរងបណ្ឌិត Le Van Toan ប្រធានស្ថាបនិកមជ្ឈមណ្ឌលសិក្សាឥណ្ឌា (បណ្ឌិត្យ សភានយោបាយជាតិហូជីមិញ) មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Geetesh Sharma ដែលជាមិត្តមានភក្តីភាពជាមួយវៀតណាម។

“ក្នុងរយៈពេល ៨៩ ឆ្នាំនៃជីវិត លោក Geetesh Sharma បានធ្វើទស្សនកិច្ចនិងធ្វើការនៅប្រទេសជាង ៣០ នៅជុំវិញពិភពលោក ប៉ុន្តែប្រហែលជាវៀតណាមគឺជាប្រទេសដែលលោកបានធ្វើទស្សនកិច្ចច្រើន និងធ្វើការដោយមានភាពស្និទ្ធស្នាលបំផុត អាចនិយាយបានថា វៀតណាម - ហូជីមិញតែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់លោកជានិច្ច។ លោករូបនេះធ្លាប់ធ្វើដំណើរពាសពេញប្រទេសវៀតណាមពីភាគខាងជើងទៅភាគខាងត្បូងនៃប្រទេស ដើម្បីកត់ត្រា ចងក្រងឯកសារអំពីការផ្លាស់ប្តូរនិងការអភិវឌ្ឍឥតឈប់ឈររបស់វៀតណាម។ លោកក៏បានកត់ត្រានូវស្លាក់ស្នាមបណ្តាលមកពីសង្គ្រាមរំដោះប្រទេសវៀតណាមក៏ដូចជា ស្លាក់ស្នាមនៃវប្បធម៌ឥណ្ឌានៅវៀតណាម”។ នេះបើយោងតាមការចែករំលែករបស់លោក Le Van Toan។

មិនត្រឹមតែជាសក្ខីភាពនៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរវៀតណាម - ឥណ្ឌាប៉ុណ្ណោះទេ Geetesh Sharma ក៏ជាមនុស្សដែលបានកសាងសមិទ្ធិផលទាំងនោះដោយផ្ទាល់ផងដែរ ហើយដំបូងបង្អស់គឺជួយប្រជាជនទាំងពីរឱ្យយល់ដឹងពីគ្នាទៅវិញទៅមក។ និយាយអំពីការរួមចំណែករបស់លោក Geetesh Sharma ចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ លោក Ha Minh Hue អនុប្រធានសមាគមមិត្តភាពវៀតណាម - ឥណ្ឌា អ្នកដែលធ្លាប់បានជួបបានធ្វើការជាមួយលោកអស់រយៈពេលជាច្រើនឆ្នាំបានឲ្យដឹងថា៖ “ក្នុងនាមជាអ្នកនិពន្ធ អ្នកកាសែតដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសឥណ្ឌាលោក Geetesh Sharma បានសរសេរសៀវភៅចំនួន ២៣ ក្បាល ក្នុងនោះមានចំណងជើងជិត ១២ សរសេរអំពីប្រទេសវៀតណាម។ សៀវភៅទាំងនេះបានកត់ត្រាយោបល់និងអារម្មណ៍របស់លោកអំពីប្រទេសវៀតណាម និងលោកប្រធានហូជីមិញ។ តួនាទីរបស់លោកគឺជាស្ពានមួយផ្សព្វផ្សាយការយល់ដឹងនិងការស្រឡាញ់របស់ខ្លួនចំពោះវៀតណាម ដោយហេតុនេះបង្កើនការយល់ដឹងគ្នាទៅវិញទៅ មករវាងប្រជាជនទាំងពីរ។ កេរ្តិ៍ដំណែលធំបំផុតដែលលោកបានបន្សល់ទុកគឺការបណ្ដុះនូវសេចក្តីស្រឡាញ់ពិសេសសម្រាប់ប្រជាជនវៀតណាម ហើយសៀវភៅដែលលោកនិពន្ធតាមរយៈភាសាអង់គ្លេស បេងហ្គាល់ និងភាសាហិណ្ឌូត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា”។

នៅឆ្នាំ ២០០៤ លោក Geetesh Sharma បានទទួលគ្រឿងឥស្សរិយយសដើម្បីសន្តិភាពនិងមិត្តភាពពីរដ្ឋាភិបាលវៀតណាម ហើយសម្ព័ន្ធអង្គការមិត្តភាពវៀត ណាមបានប្រគល់គ្រឿងឥស្សរិយយសសន្តិភាពនិងមិត្តភាព រវាងបណ្តាប្រជាជាតិ ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជនឥណ្ឌានិងវៀតណាម។

លោក Geetesh Sharma ធ្លាប់បាននិយាយថា “ខ្ញុំតែងតែគិតថា ខ្ញុំមិនអាចសងបំណុលទាំងអស់ទៅវៀតណាមបានទេ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពតាមដែលខ្ញុំអាចធ្វើបាន”។ ទោះបីជាលោកបានលាចាកលោកហើយក៏ដោយ ប៉ុន្តែរូបភាពមិត្តភក្តិដ៏អស្ចារ្យរូបនេះ តែងតែរក្សាក្នុងដួងចិត្តរបស់ខ្លួននូវសេចក្តីស្រឡាញ់ពិសេសចំពោះវៀតណាម ដែលជានិមិត្តរូបនៃទំនាក់ទំនងជិតស្និតរវាងវៀតណាមនិងឥណ្ឌាគឺមានជានិច្ចកាល កំពុងបន្តមរតកដល់មនុស្សជំនាន់ក្រោយ ដើម្បីបន្តពូនជ្រុំនិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីល្អ សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ