Khuu Tan Buu - បុរសជំនាន់ 9X មានចំណង់ចំណូលនឹងការផលិតគំនូរពីគ្រាប់អង្ករ

(VOVWORLD) -  ដោយក្តីស្រឡាញ់និងចំណង់ចំណូលចិត្តរបស់ខ្លួន  Khuu Tan Buu បុរសកើតនៅឆ្នាំ ១៩៩៥ នៅទីក្រុង Can Tho បានស្វែងយល់ ស្រាវជ្រាវនិងនាំយកទៅលក់នៅទីផ្សារនូវផ្ទាំងគំនូរដ៏វិសេសវិសាលដែលផលិតពីអង្ករ។ ដោយមានសិល្បៈច្នៃប្រឌិត គំនូរផលិតពីអង្កររបស់លោកមានវត្ថមាននៅកន្លែងជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

Khuu Tan Buu - បុរសជំនាន់ 9X មានចំណង់ចំណូលនឹងការផលិតគំនូរពីគ្រាប់អង្ករ - ảnh 1Khuu Tan Buu ជក់ចិត្តនឹងការធ្វើគំនូរពីគ្រាប់អង្ករ (រូបថត៖ VOV)

កាលពីនៅជានិស្សិត Khuu Tan Buu បានស្រឡាញ់និងជក់ចិត្តជាមួយនឹងផលិតផលគំនូរធ្វើពីអង្កររបស់សិប្បករមុនៗ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យក្នុងឆ្នាំ ២០១៦ លោកបានចាប់ផ្តើមអាជីវកម្មធ្វើគំនូរពីអង្ករ។

Khuu Tan Buu បានស្វែងយល់អំពីវិធីធ្វើគំនូរពីគ្រាប់អង្ករ ពោលគឺពីការកែច្នៃគ្រាប់អង្ករឲ្យមានពណ៌ខុសៗគ្នា រហូតដល់ការរក្សាមិនឲ្យគ្រាប់អង្ករសើមឬដុះផ្សិតឡើយ។ ឆ្លងកាត់ការសាកល្បងជាច្រើន នៅឆ្នាំ ២០១៧  Khuu Tan Buu ទទួលបានជោគជ័យក្នុងការបង្កើតពណ៌អង្ករចំនួន ៣២ ដែលជាជំហានសំខាន់ក្នុងការផលិតគំនូរពីគ្រាប់អង្ករ។ លោកក៏ជ្រលក់ពណ៌គ្រាប់អង្កពីបន្លែធម្មជាតិផងដែរ ដោយធ្វើឱ្យ ពណ៌មានលក្ខណៈពិសេសចំនួន ១២០ កម្រិត។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានបើកការតាំងពិព័រណ៍មួយស្តីពី “ការស្រឡាញ់ចំពោះគ្រាប់អង្ករ” នៅខែមិថុនាឆ្នាំ ២០២០។ លោក Khuu Tan Buu បានចែករំលែកថា៖ “បង្កើតបានភូមិសិប្បកម្មគំនូរផលិតពីអង្ករ គឺខ្ញុំដើរតួជាមនុស្សម្នាក់ដែលផ្តល់វិជ្ជាជីវៈដល់អ្នកដែលត្រូវការ ដើម្បីបង្កើតភូមិសិប្បកម្មមួយ ដែលមានវិសាលភាពទូលំទូលាយជាង។ ពីភូមិសិប្បកម្មនោះ ខ្ញុំមានគោលដៅធ្វើទេសចរណ៍តាមរយៈភូមិគំនូរផលិតពីអង្ករ។ នៅពេលភ្ញៀវមកដល់ ពួកគេនឹងបានទស្សនាសិប្បករដែលកែច្នៃផលិតផលគំនូរអង្ករ និងឆ្លងកាត់រយៈពេល ១ ថ្ងៃសាកល្បងធ្វើផលិតផលគំនូរអង្ករនឹងរីករាយជាមួយមុខម្ហូបប្រជាប្រិយ បន្ទាប់នឹងបានទទួលស្នាដៃគំនូរអង្ករដែលខ្លួនទើបបានធ្វើរួច។ ផ្ទាំងគំនូររបស់ខ្ញុំត្រូវបានលក់ទៅកាន់ទីផ្សារអូស្រ្តាលី បារាំងនិងទីផ្សារក្នុងស្រុកផងដែរ”។

Khuu Tan Buu - បុរសជំនាន់ 9X មានចំណង់ចំណូលនឹងការផលិតគំនូរពីគ្រាប់អង្ករ - ảnh 2ផ្ទាំងគំនូធ្វើពីគ្រាប់អង្ករ (រូបថត៖ VOV)

ផលិតផលធ្វើពីគ្រាប់អង្កររបស់ Khuu Tan Buu គឺមានប្រជាប្រិយភាព ពីព្រោះក្រៅពីមានពណ៌ចម្រុះ សម្បូរបែប។ ជាពិសេស រមណីដ្ឋាន ទស្សនីយភាពដ៏ល្បីឈ្មោះ ឬតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតរបស់វៀតណាម ដូចជា៖ វត្ត Cau នៅ Hoi An, ស្ពាន Can Tho, រោងមហោស្រព Cao Van Lau នៅ Bac Lieu, បរមរាជវាំង Hue ឬស្ពានមាសនៅទីក្រុង Da Nang ក៏ត្រូវបានបង្ហាញគួរជាទីចាប់អារម្មណ៍លើគំនូរតាមរយៈគ្រាប់អង្ករ។

គំរូធ្វើអាជីវកម្មរបស់ Khuu Tan Buu មិនត្រឹមតែបង្កើតប្រាក់ចំណូលខ្ពស់សម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើសម្រាប់យុវជនជាច្រើនទៀតផង។ បច្ចុប្បន្ន រោងសិប្បកម្មរបស់លោក បានបង្កើតការងារសម្រាប់និស្សិត ៩ នាក់ ដែលមានប្រាក់ចំណូលពី ៣ ទៅ ៥ លានដុង/ម្នាក់/ខែ។ មិនត្រឹមតែផ្តល់នូវវិជ្ជាជីវៈប៉ុណ្ណោះទេ យុវជនជំនាន់ ៩X រូបនេះ ថែមទាំងជម្រុញនិស្សិតឱ្យមានគំនិតច្នៃប្រឌិតសិល្បៈផងដែរ។ ប្អូន Thach Kim Ngan ជានិស្សិតនៅសាកលវិទ្យាល័យ Nam Can Tho ដែលកំពុងសិក្សាសិប្បកម្មធ្វើគំនូរពីគ្រាប់អង្ករបានចែករំលែកថា៖“ដោយសារតែចូលរួមសកម្មាភាពរបស់សម្ព័ន្ធយុវជន បានជាខ្ញុំស្គាល់លោក Buu។ ខ្ញុំបានឃើញថា គំនូរដែលលោកធ្វើពីគ្រាប់អង្ករគឺស្រស់ស្អាតណាស់ ហេតុដូច្នេះខ្ញុំមានបំណងចង់រៀនពីវិធីធ្វើគំនូរនេះ។ ខ្ញុំបានសិក្សាអស់រយៈពេល ៦ ខែហើយ។ ដើម្បីលក់បានគំនូរដែលមានលក្ខណៈវិចិត្រសិល្បៈពេញលេញ សិប្បករត្រូវការជំនាញភាពប៉ិនប្រសប់និងភាពច្នៃប្រឌិត។ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើរូបគំនូរធ្វើពីគ្រាប់អង្កររបស់លោក Buu កាន់តែខ្លាំងណាស់”។

Khuu Tan Buu - បុរសជំនាន់ 9X មានចំណង់ចំណូលនឹងការផលិតគំនូរពីគ្រាប់អង្ករ - ảnh 3Khuu Tan Buu ណែនាំឲ្យសិក្ខាកាមធ្វើគំនូពីរគ្រាប់អង្ករ 

បន្ទាប់ពីដំណើរការធ្វើអាជីវកម្មអស់រយៈពេល ៤ ឆ្នាំ Khuu Tan Buu បានបង្កើតម៉ាកផលិតផលផ្ទាល់ខ្លួនរបស់ខ្លួន គឺ G.A.O។  ហើយលោកក៏បានបង្កើតក្រុមហ៊ុនចំកាត់ MTV Khuu Tan Buu ។ ជាងនេះទៅទៀត ផលិតផលគំនូរធ្វើពីអង្កររបស់ Khuu Tan Buu ត្រូវបានរៀបចំណាត់ថ្នាក់ OCOP ផ្កាយ ៤ នៃទីក្រុង Can Tho។ លោក Huynh Thai Nguyen អនុលេខាធិការនៃសម្ព័ន្ធយុវជន Can Tho ដែលជាអ្នកជួយលោក Khuu Tan Buu ក្នុងការបង្កើតអាជីវកម្មបានឲ្យដឹងថា៖ “ពីគំរូដូចលោក Buu បច្ចុប្បន្ននេះ ចលនាចាប់ផ្តើមអាជីវកម្មនៅ Can Tho ក៏កំពុងមានការអភិវឌ្ឍផងដែរ។ យើងខ្ញុំក៏បានបង្កើតក្លឹបសហគ្រិនភាពច្នៃប្រឌិត ហើយថ្មីៗនេះ ក៏បានបង្កើតក្លឹបសហគ្រិនភាពវ័យក្មេងអនឡាញទៀតផង។ ភាពជោគជ័យរបស់លោក Buu ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់និស្សិតក៏ដូចជាយុវជននៅតាមទីប្រជុំជននិងតំបន់ជនបទ ធ្វើជាកម្លាំងចលករ សម្រាប់ការចាប់ផ្តើមអាជីវកម្ម”។

ក្រុមហ៊ុនចំកាត់ MTV Khuu Tan Buu កំពុងផ្តោតលើការធ្វើគំនូរអំណរបុណ្យចូលឆ្នាំថ្មី  ឆ្នាំឆ្លូវ ត្រីស័ក ២០២១។ ផលិតផលធ្វើពីគ្រាប់អង្ករដែលមានពោរពេញទៅដោយលក្ខណៈស្រុកស្រែរបស់លោក Khuu Tan Buu នឹងកាន់តែមានវត្តមាននៅច្រើនកន្លែង  ដើម្បីរួមចំណែកផ្សព្វផ្សាយពីរូបភាពប្រទេសជាតិនិងប្រជាជនវៀតណាមដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ