ខេត្ត Gia Lai ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត
(VOVWORLD) - ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសមាជិការសភានីតិកាលទី ១៥ និងសមាជិកសមាជិការក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ នៅខេត្ត Gia Lai ត្រូវបានត្រៀមរៀបចំយ៉ាងយកចិត្តទុកដោយធានាត្រឹមត្រូវតាមកាលវិភាគ។ រហូមកដល់ពេលនេះ ខេត្ត Gia Lai បានត្រៀមខ្លួនរួចរាល់សម្រាប់ទិវាបុណ្យបោះឆ្នោតរបស់ប្រជាជនទូទាំងប្រទេស នៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១។
ការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១០ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ នៅខេត្ត Gia Lai ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ (រូបថត៖ TTXVN) |
គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ មានចំនួន ៣១ នាក់។ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក៏បានបង្កើតអនុគណៈកម្មាធិការចំនួន ៣ ដើម្បីបម្រើការបោះឆ្នោត។ ទន្ទឹមជាមួយគ្នានោះ ស្ថាប័ននិងអង្គភាពនានាបានធ្វើសន្និសីទដើម្បីប្រមូលមតិយោបល់របស់អ្នកបោះឆ្នោតនៅកន្លែងធ្វើការនិងទីលំនៅរបស់បេក្ខជន ស្របតាមដំណើរការ ធានានូវបរានុម័តនិងប្រជាធិបតេយ្យ។ បេក្ខភាពដែលត្រូវបានឧទ្ទេសនាមឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសមាជិការសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ សុទ្ធតែទទួលបានការជឿទុកចិត្តខ្ពស់។ ការងារធានាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពមុនពេលបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតនិងក្រោយថ្ងៃបោះឆ្នោតក៏ត្រូវបានគ្រោងទុកផែនការលំអិតផងដែរ។ ខេត្ត Gia Lai បានអនុវត្តន៍ប្រកបដោយភាពបត់បែននិងច្នៃប្រឌិតក្នុងការងារបោះឆ្នោត។ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា៖ “តួនាទីរបស់អ្នកដែលមានកិត្យានុភាពក្នុងសហគមន៍រួមចំណែកសំខាន់នៅក្នុងប្រព័ន្ធនយោបាយរបស់ខេត្ត។ នៅក្នុងការងារបោះឆ្នោត ពួកគេក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដែលជាសសរស្តម្ភ ដូច្នេះ ខេត្តលើកកម្ពស់តួនាទីរបស់ពួកគេ។ ពីព្រោះ អ្នកដែលមានកិត្យានុភាពនៅក្នុងសហគមន៍តែងតែផ្សព្វផ្សាយគោលការណ៍និង គោលនយោបាយរបស់រដ្ឋទៅកាន់សហគមន៍ដែលពួកគេរស់នៅ”។
ខេត្ត Gia Lai ជាខេត្តមួយដែលមានជនជាតិភាគតិចជាច្រើន ហើយប្រជាជននៅទីនេះកាន់សាសនាចំនួន ៥ រួមមាន៖ សាសនាកាតូលិក ពុទ្ធសាសនា ប្រូតេស្តង់, Cao Dai និង Bahai ដែលក្នុងនោះ សាសនាប្រូតេស្តង់មានចំនួនសាសនិក ច្រើនជាងគេ។ ហេតុដូច្នេះ ការឃោសនាបោះឆ្នោតត្រូវបានគណៈកម្មាធិការសាសនាខេត្តផ្តោតការយកចិត្តទុកដាក់ ជាពិសេស។ លោក Nguyen Van No អនុប្រធានគណៈកម្មាធិការសាសនាខេត្ត Gia Lai បានឲ្យដឹងថា៖ “ទាក់ទងនឹងការងារបោះឆ្នោតជ្រើសតាំងសមាជិកសមាជិការសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ យើងបានផ្សព្វផ្សាយខ្លឹមសារនៃការបោះឆ្នោតដល់អ្នកដឹកនាំសាសនានានា។ តាមរយៈអ្នកដឹកនាំសាសនានានានេះ ផ្សព្វផ្សាយទៅកាន់អ្នកកាន់សាសនានៅតាមមូលដ្ឋាន ដើម្បីថ្ងៃបោះឆ្នោត ២៣ ឧសភា ២០២១ នេះ អ្នកកាន់សាសនាជាទូទៅទាំងអស់រួមទាំងប្រូតេស្ដង់ ឲ្យអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមការបោះឆ្នោតស្របតាមច្បាប់”។
ផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតដល់ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ដាច់ស្រយាល (រូបថត៖ TTXVN) |
នៅស្រុក Dak Doa គឺជាកន្លែងដើរឈានមុខគេនៅខេត្ត Gia Lai ក្នុងការបោះឆ្នោត។ លោក Dinh Ong ប្រធានគណៈកម្មាធិការរណសិរ្សរណសិរ្សមាតុភូមិវៀតណាមនៃស្រុក Dak Doa បានឲ្យដឹងថា៖ “មូលដ្ឋានបានកំណត់ការងារផ្សព្វផ្សាយតាមប្រព័ន្ធរបស់អង្គការរណសិរ្សនិងអង្គការមហាជន អាស្រ័យលើមុខសញ្ញានីមួយៗដើម្បីឃោសនា។ ទន្ទឹមជាមួយគ្នានោះ កសាងផែនការផ្សព្វផ្សាយដល់តំបន់លំនៅដ្ឋាននិងជាពីរភាសាគឺភាសាជាតិនិងភាសាជនជាតិ Jrai។ ការឃោសនាអំពីការបោះឆ្នោត តាមរយៈផ្ទាំងប៉ាណូ ប័ណ្ណប្រកាស ផ្សាយសំឡេងតាមវិទ្យុនិងស្ថានីយ៍ទូរទស្សន៍របស់ស្រុក ទៅកាន់គ្រប់ឃុំ ភូមិ។ នៅពេលសួរប្រជាជនពីថ្ងៃបោះឆ្នោតពួកគេដឹងថាថ្ងៃអាទិត្យទី ២៣ ខែឧសភាគឺជាថ្ងៃបោះឆ្នោត។ នោះគឺជាជ័យជំនះទាក់ទងនឹងការឃោសនាព្រោះប្រជាជនដឹងច្បាស់ថាថ្ងៃណាជាថ្ងៃបោះឆ្នោត”។
ដោយសារបំពេញល្អការងារឃោសនា ម្ចាស់ឆ្នោតនៅខេត្ត Gia Lai យល់ច្បាស់អំពីអត្ថន័យ គោលបំណង ចំណុចថ្មីនៃការបោះឆ្នោតក៏ដូចជាសិទ្ធិនិងទំនួលខុសត្រូវរបស់ម្ចាស់ឆ្នោត។ លោក Siu Mơr ម្ចាស់ឆ្នោតជនជាតិ Jrai នៅឃុំ Chu A ទីក្រុង Pleiku បានឲ្យដឹងថា៖ “យើងដឹងថា នៅក្នុងព្រះគម្ពីរបានប្រៀនប្រដៅថា ថ្នាក់ដឹកនាំត្រូវបានជ្រើសរើសពីព្រះយេស៊ូ ដូច្នេះ យើងត្រូវតែគោរពតាមអាជ្ញាធរ។ នោះជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ នៅថ្ងៃបោះឆ្នោត ម្ចាស់ឆ្នោតគ្រប់រូបបានជ្រើសរើសមនុស្សដែលមានគុណធម៌និងទេពកោសល្យដើម្បីចូលរួមចំណែកដល់ឃុំនិងកសាងប្រទេសឱ្យមានភាពរីកចម្រើនសម្បូរធូធារ។ ម្ចាស់ឆ្នោតមានសិទ្ធិនិងការទទួលខុសត្រូវចំពោះរដ្ឋ”។
ដោយមានការចូលរួមយ៉ាងខ្លាំងក្លានៃប្រព័ន្ធនយោបាយទាំងមូលនិងការឆ្លើយតបជាវិជ្ជមានរបស់ម្ចាស់ឆ្នោតនិងប្រជាជន ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ នៅខេត្ត Gia Lai នឹងទទួលបានជោគជ័យដ៏ល្អប្រសើរជាពុំខាន។ នេះនឹងជាការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ សុវត្ថិភាពនិងជាពិធីបុណ្យរបស់ប្រជាជនទាំងមូលយ៉ាងពិតប្រាកដ៕