គ្រូពេទ្យចូលនិវត្តន៍ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(VOVWORLD) -  គ្រូពេទ្យនិងបុគ្គលិកសុខាភិបាលចូលនិវត្តន៍ជាង ៥០ នាក់ នៅសង្កាត់ Hong Ha ទីក្រុង Ha Long ខេត្ត Quang Ninh  បានដាក់ពាក្យស្ម័គ្រចិត្តចូលរួមជាមួយក្រុមសុខាភិបាល សហគមន៍។ ដោយមានទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈនិងស្មារតីនៃការជួយទំនុកបំរុងជួយគ្នានាគ្រាលំបាក អ្នកទាំងនេះសុទ្ធតែចង់បន្តនាំយកចំណេះដឹងផ្នែកវេជ្ជសាស្ត្រដើម្បីបម្រើដល់ការត្រួតពិនិត្យ បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។

គ្រូពេទ្យចូលនិវត្តន៍ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ - ảnh 1គ្រូពេទ្យចូលនិវត្តន៍បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការធ្វើតេស្តិ៍គំរូរហ័សក្នុងសហគមន៍ (រូបថត៖ VOV)

“កម្លាំងមានប៉ុណ្ណាសូមចូលរួមបម្រើប៉ុណ្ណឹង” គឺជាសេចក្តីប្រាថ្នារបស់សមាជិកនៃក្រុមសុខាភិ បាលសហគមន៍។  ជាមួយនឹងការងារស្នូលគឺចូលរួមរក្សាសុខភាពប្រជាជន តាមដានឬផ្តល់ការប្រឹក្សាផ្នែកវេជ្ជសាស្ត្រចំពោះករណីដែលត្រូវបានត្រួតពិនិត្យនៅតាមផ្ទះនោះ កម្មាភិបាលសុខាភិបាលដែលបានចូលនិវត្តន៍ បានស្លៀកឡើងវិញអាវពេទ្យ ដើម្បីទៅកាន់គ្រប់ច្រកល្ហក សំដៅពិនិត្យនិងតាមដានយ៉ាងសកម្មនូវការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់ប្រជាជន។  អ្នកទាំងនេះសុខចិត្តចាកចេញពីផ្ទះមិនថាពេលយប់ឬព្រឹកព្រលឹមនៅឡើយ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ លោកស្រី Nguyen Thi Nguyet គិលានុប្បដ្ឋាយិកាដែលធ្លាប់ធ្វើការនៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Quang Ninh បានចែករំលែកថា៖ “ដំបូងឡើយមានប្រតិបត្តិការជាច្រើន ប៉ុន្តែយើងមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រដូច្នេះ នៅពេលទទួលបានការបំប៉ន់វាងាយស្រួលសម្រាប់យើងក្នុងការស្វែងយល់និងធ្វើបានភ្លាម។ នៅពេលការជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញយើងត្រៀមខ្លួនផ្តោតអារម្មណ៍ហើយធ្វើបានភ្លាមៗ។ អ្វីដែលសំខាន់គឺការប្តេជ្ញាចិត្តនិងការស្រុះចិត្តគំនិតគ្នារបស់ក្រុមគ្រូពេទ្យយើង”។

បានចូលនិវត្តន៍អស់រយៈពេលជាង ១០ ឆ្នាំ គិលានុបដ្ឋាកយោធា Nguyen Hong Tu កំពុងទទួលតួនាទីជាប្រធានក្រុមប្រជាជនទី ៦ ភូមិ ៣ សង្កាត់ Hong Ha ទីក្រុង Ha Long។ នៅពេលដែលសង្កាត់បានបំផុសគំនិតបង្កើតក្រុមសុខាភិបាលសហគមន៍ ដែលមានគ្រូពេទ្យស្នូលចូលនិវត្តន៍ ចូលរួមក្នុងការជួយឧបត្ថម្ភកម្លាំងប្រយុទ្ធជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ លោកនិងភរិយារបស់ខ្លួនគឺជាអ្នកដំបូងដែលដាក់ពាក្យស្ម័គ្រចិត្តចូលរួមផងដែរ។ លោក Nguyen Hong Tu មានបំណងរួមចំណែកកម្លាំងកាយចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

“កាលយើងនៅក្មេង យើងស្ម័គ្រចិត្តទៅសមរភូមិប្រយុទ្ធជាមួយខ្លាំងសត្រូវ។ ឥឡូវនេះស្ថានភាពនៃការរីករាលដាលជំងឺរាតត្បាតមានភាពស្មុគស្មាញ យើងនៅតែមានកម្លាំងល្អ ហើយយើងបានត្រៀមវិជ្ជាជីវៈពេទ្យរួចជាស្រេចសម្រាប់បម្រើប្រជាជន”។

គ្រូពេទ្យចូលនិវត្តន៍ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ - ảnh 2ក្រុមសុខាភិបាលសហគមន៍នៅសង្កាត់ Hong Ha ទីក្រុង Ha Long ខេត្ត Quang Ninh (រូបថត៖ VOV)

ជាងមួយឆ្នាំកន្លងមកនេះ នៅពេលមានករណីឆ្លងជំងឺកូវីដ ១៩ ដើមដំបូងនៅខេត្ត Quang Ninh ក្រុមគ្រូពេទ្រចូលនិវត្តន៍នេះនៅតែជាកម្លាំងស្នូលរួមជាមួយកម្លាំងនគរបាលក្នុងតំបន់ចូលរួមតាមដាន ត្រួតពិនិត្យ ចលនាប្រជាជននៅក្នុងតំបន់ដោយចែករំលែកបន្ទុកជាមួយកម្លាំងជួរមុខប្រឆាំងនឹងជំងឺរាតត្បាត។ លោកស្រី Vu Thi Tuyet  Mai ប្រធានសមាគមនារីសង្កាត់ Hong Ha ទីក្រុង Ha Long ដែលបានផ្តួចផ្តើមគំនិតបង្កើតក្រុមសុខាភិ បាលសហគមន៍បានឲ្យដឹងថា៖ “ចាប់តាំងពីការរាតត្បាតលើកដំបូង គ្រូពេទ្យនិងគិលានុបដ្ឋយិកាចូលនិវត្តន៍ក៏បានចូលរួមក្នុងការពិនិត្យសុខភាពនិងវាស់សីតុណ្ហភាពសម្រាប់ប្រជាជនរាប់ពាន់នាក់នៅក្នុងតំបន់និងរីកសាយភាយនូវស្មារតីទទួលខុសត្រូវដល់សហគមន៍ក្នុងការងារបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩។ ដោយទឹកចិត្តសប្បុរស សមាជិកក្រុមបានរួមជាមួយរដ្ឋអំណាចតំបន់ បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដោយការប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីកុំឲ្យជំងឺនេះផ្ទុះឡើង”។

មន្ទីរសុខាភិបាលខេត្ត Quang Ninh កំពុងសម្របសម្រួលជាមួយមូលដ្ឋានដើម្បីពិនិត្យបញ្ជីឈ្មោះគ្រូពេទ្យចូលនិវត្តន៍ និងនិស្សិតពេទ្យ ក្រុមគ្រូពេទ្យឯកជនដើម្បីបណ្តុះបណ្តាលពួកគេឱ្យចូលរួមក្នុងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩។ លោក Nguyen Trong Dien ប្រធានមន្ទីរសុខាភិបាលខេត្ត Quang Ninh បានមានប្រសាសន៍ថា៖ “យើងបានរៀបចំផែនការបណ្តុះបណ្តាលបន្ថែមហើយបានអញ្ជើញអ្នកជំនាញមក បណ្តុះបណ្តាលកម្លាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពួកគេអាចថែទាំអ្នកជំងឺដែលមានរោគសញ្ញាស្រាល។ ប្រព័ន្ធសុខាភិបាលបច្ចុប្បន្ននឹងយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ដោយធានាថា វិស័យសុខាភិបាលមិនត្រូវផ្ទុកហួសចំណុះឡើយ ប្រសិនបើមានជំងឺរាតត្បាតផ្ទុះឡើងនោះ”។

បច្ចុប្បន្ន ខេត្ត Quang Ninh គឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនដែលត្រូវរក្សាតំបន់សុវត្ថិភាពដោយគ្មានករណីឆ្លងក្នុងសហគមន៍។ នេះក៏ជាឱកាសសម្រាប់ខេត្តក្នុងការជំរុញការចាក់វ៉ាក់សាំងនិងរៀបចំយ៉ាងសកម្មទាំងធនធានមនុស្សនិងសម្ភារៈបរិក្ខារ ដើម្បីត្រៀមខ្លួនឆ្លើយតបនៅពេលដែលជំងឺនេះកើតឡើងម្តងទៀត។ ស្មារតីស្ម័គ្រចិត្តចូលរួមបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ របស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋយិការចូលនិវត្តន៍ផ្តល់កម្លាំងពលំនិងឆន្ទៈក្នុងការប្រយុទ្ធដើម្បីផ្នែកសុខាភិបាលរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ