តភ្ជាប់ការចាប់ផ្ដើមអាជីវកម្ម ដើម្បីនាំមកនូវភាពជោគជ័យ

(VOVWORLD) -ដើម្បីទទួលបានជោគជ័យនៅពេលចាប់ផ្ដើមធ្វើអាជីវកម្ម គឺត្រូវការកត្តាជាច្រើន ដែលក្នុងនោះសំខាន់បំផុតគឺជាគំនិតផ្ដួចផ្ដើមប្របដោយការច្នៃប្រឌិត ក្នុងការធ្វើអាជីវកម្ម និងមសត្ថភាពអំពាវនាវឲ្យវិនិយោគ។ ជោគជ័យឬបរាជ័យរបស់សហគ្រាសមួយក្នុងការចាប់ផ្ដើមអាជីវកម្ម ឬហៅថា Startup គឺអាស្រ័យលើការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរបស់បុគ្គលគ្រប់រូប។
តភ្ជាប់ការចាប់ផ្ដើមអាជីវកម្ម ដើម្បីនាំមកនូវភាពជោគជ័យ - ảnh 1 តភ្ជាប់ការចាប់ផ្ដើមអាជីវកម្ម ដើម្បីនាំមកនូវភាពជោគជ័យ (រូបថត៖ VOV)

ក្នុងនាមជានិស្សិតឆ្នាំចុងក្រោយផ្នែកហិរញ្ញវត្ថុ - ធនាគារនៅសាកលវិទ្យាល័យ Can Tho ប៉ុន្តែតាំងពីរពេលចូលសិក្សានៅសកលវិទ្យាល័យឆ្នាំដំបូង កញ្ញា Nguyen Thi Kim Anh នៅខេត្ត  Dac Nong បានមានគំនិតចាប់ផ្តើមអាជីវកម្មរួចមកហើយ។ គ្រួសាររបស់ Kim Anh មានផ្ទៃដីជាង ៥ ហិកតាសំរាប់ដាំកាហ្វេ ប៉ុន្តែផលិតផលកាហ្វេទាំងនេះគ្មានពាណិជ្ជសញ្ញាឡើយ។ ហេតុដូច្នេះហើយ គំនិតផ្ដួចផ្ដើមចាប់ផ្ដើមអាជីវកម្មធ្វើកាហ្វេដោយគ្មានជាតិគីមី ដែលមានពាណិជ្ជសញ្ញា Kim Anh ត្រូវបាន អនុវត្តជាង ១ ឆ្នាំហើយ។ នាគ្រាដំបូង Kim Anh ជួបការលំបាកជាច្រើន។ តាម Kim Anh ថា ក្នុងដំណាក់កាលសំខាន់បំផុតគឺកែច្នៃកាហ្វេ និងស្វែងរកទីផ្សារលក់សម្រាប់កាហ្វេ។ ដើម្បីសម្រេចផែនការ សមាជិកទាំងអស់នៃសិប្បកម្មត្រូវ សាមគ្គីគ្នា សិក្សារៀនសូត្រឥតឈប់ឈរពីអ្នកជំនាន់មុន ជាពិសេសអ្នកដែលទទួលបានជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។

រហូតមកដល់ពេលនេះ គំរោងកាហ្វេគ្មានជាតិគីមីរបស់ Kim Anh មានបណ្តាញភ្នាក់ងារកាហ្វេអនឡាញចំនួន ១២ និង ការិយាល័យតំណាងចំនួន ៤ នៅតាមបណ្ដាខេត្តនៃដំបន់ដីសណ្ដរទន្លេ Cuu Long  Dac Nong និងទីក្រុងហូជីមិញ។ Kim Anh កំពុងមានបំណងចង់បង្កើតក្រុមហ៊ុន និងពង្រីកទីផ្សារនៅទូទាំងប្រទេស។ កញ្ញាបានសំណេះសំណាលថា៖

“នាងខ្ញុំមានបំណងចង់ទាក់ទាញវិនិយោគិន ដើម្បី បណ្ដាក់ទុនលើ គម្រោងកាហ្វេគ្មានជាតិគីមីរបស់ខ្លួន ជាពិសេសគឺជួយនាងខ្ញុំខាងហិរញ្ញវត្ថុផងដែរ”។

ចំណែកឯ Vietcare ជាសេវាកម្មថែរក្សាម៉ូតូហុងដា គឺជាវិធីជួយសង្គ្រោះនិងចែករំលែកហានិភ័យដល់អតិថិជន ៥០ ភាគរយ។ នេះគឺជាផលិតផលចាប់ផ្ដើមអាជីវកម្មរបស់ លោកស្រី Le Ngoc Ly មកពីក្រុមហ៊ុនភាគហ៊ុនវិនិយោគ Vietsol – Vietcare នៅខេត្ត Tien Giang។

ទោះបីទើបតែបានបើកអាជីវកម្មកាលពី ៥ ខែមុន ដោយមានដើមទុនជិត ២ លានដុងក៏ដោយ ប៉ុន្តេ ក្រុមហ៊ុនបានបង្កើតទីតាំងជួយសង្គ្រោះចំនួន ២០០ កន្លែងនៅខេត្ត Tien Giang ហើយកំពុងពង្រីកនៅតំបន់ដីសណ្ដទន្តេ Cuu Long។ លោកស្រី Le Ngoc Ly បានចែករំលែកថា៖

“នៅពេលធ្វើដំណើរ យើងតែងតែជួបបញ្ហាដូចជា យាន្តជំនិះអស់សាំង Bugi ខូច ឬបាត់កូនសោ។ បញ្ហាទាំងនេះនឹងធ្វើឲ្យ យើងខកខានក្នុងការធ្វើដំណើរ។ ហេតុដូច្នេះហើយ ទើបខ្ញុំមានគំនិតផ្ដូចផ្ដើមបង្កើតសេវាកម្មជួសជុល និងជួយសង្គ្រោះយាន្តជំនិះ”។

ចំណែកឯលោក Vien Tuan Thanh នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភ និងអភិវឌ្ឍន៍និស្សិត ទីក្រុង Can Tho បានមានប្រសាសន៍ថា៖ មជ្ឈមណ្ឌលបានរៀបចំសកម្មភាពជាច្រើន ដើម្បីតភ្ជាប់ក្រុមអ្នកចាប់ផ្ដើមអាជីវកម្មជាមួយវិនិយោគិន និងអ្នកតាក់តែងគោលនយោបាយ។ នៅក្នុងជំនួបទាំងនេះ ក្រុមអ្នកចាប់ផ្ដើមអាជីវកម្មនីមួយៗត្រូវបានចែករំលែកចំណេះដឹង វិធីផ្លាស់ប្ដូរការត្រិះរិះ ច្នៃប្រឌិត ដើម្បីនាំមកនូវភាពជោគជ័យ។ លោក Vien Tuan Thanh បានលើកឡើងថា៖

“ខ្ញុំសង្ឃឹមថា វិនិយោគិននឹងបន្តយកចិត្តទុកដាក់ថែមទៀតដល់ក្រុមអ្នកចាប់ផ្ដើមអាជីវកម្ម ដើម្បីមនុស្សគ្រប់រូបយល់ដឹងអំពីគ្នាទៅវិញទៅមក។ អាស្រ័យហេតុនេះ គេអាចវិនិយោគលើគម្រោងចាប់ផ្ដើមអាជីវកម្មផងដែរ”។

ភាពជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្ម គឺពឹងផ្អែកលើកត្តាជាច្រើនមានដូចជាផលិតផល ភាពច្នៃប្រឌិតច្នៃប្រឌិត ភាពអត់ធ្មត់ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រការសំខាន់បំផុតដើម្បីនាំមកនូវជោគជ័យគឺជាការតភ្ជាប់រវាងក្រុមអ្នកចាប់ផ្ដើមអាជីវកម្ម ជាមួយវិនិយោគិន និងអ្នកតាក់តែងគោលនយោបាយ។ អាស្រ័យហេតុនេះ នឹងបំផុសស្មារតីចាប់ផ្ដើមអាជីវកម្មរបស់យុវជនវ័យក្មេងប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ