ទង់ក្រហមផ្កាយលឿង៖ ទង់ជាតិវៀតណាមមានតាំងពីចលនាវៀតណាមខាងត្បូងក្រោកឈរឡើង
(VOVWORLD) - ទង់ជាតិរបស់វៀតណាម ជាទង់ជាតិពណ៌ក្រហមមានផ្កាយ ពណ៌លឿងចំនួនប្រាំនៅចំកណ្តាល។ នេះជានិមិត្តសញ្ញាជាតិ ជានិមិត្តរូបរបស់ជនជាតិនិងជាមោទនភាពរបស់ពលរដ្ឋវៀតណាមគ្រប់រូប។ ប្រជាជនវៀតណាមនៅគ្រប់ទីកន្លែងជុំវិញពិភពលោក សុទ្ធតែមានការរំជួលចិត្តយ៉ាងខ្លាំង ពេលឃើញទង់ជាតិមាតុភូមិ។ អត្ថបទសរសេរស្តីពី “ទង់ក្រហមផ្កាយលឿង៖ ទង់ជាតិ វៀតណាមមានតាំងពីចលនាវៀតណាមខាងត្បូងក្រោកឈរឡើង” របស់អ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាមនឹងបង្ហាញបន្ថែមទៀតអំពីស្ថានភាពចាប់បដិសន្ធិក៏ដូចជាអត្ថន័យដ៏ពិសិដ្ឋរបស់ទង់ជាតិវៀតណាម។
លោកបណ្ឌិត Le Van Ty អនុប្រធានគណៈកម្មាធិការឃោស នានៃគណៈកម្មាធិការបក្សខេត្ត Tien Giang (រូបថត៖ VOV) |
ទង់ក្រហមដែលមានផ្កាយពណ៌លឿងប្រាំនៅចំកណ្តាល បានលេចមុខជាលើកដំបូងនៅក្នុងការក្រោកឈរឡើងរបស់ប្រជាជនភាគខាងត្បូង នាខែវិច្ឆិកាឆ្នាំ ១៩៤០ នៅខេត្ត My Tho (បច្ចុបន្បន្នគឺជាខេត្ត Tien Giang)។ នៅខែមិនាឆ្នាំ ១៩៤០ ខណៈពេលដែល គណៈកម្មាធិការបក្សភាគខាងត្បូង បានអនុវត្តគម្រោងក្រោកឈរឡើងនោះ លោក Phan Van Khoe លេខាគណៈកម្មាធិការបក្សខេត្ត My Tho ត្រូវបានគណៈ កម្មាធិការបក្សប្រគល់ភារកិច្ចឱ្យរចនាទង់ជាតិនៃរណសិរ្សបង្រួបបង្រួម ឥណ្ឌូចិនដើម្បីប្រឆាំងនឹងចក្រពត្តិ និយម។ លោក Phan Van Khoe ដឹកនាំផ្ទាល់និងប្រគល់ភារកិច្ចនេះដល់លោក Le Quang So ដែលជាអ្នកទទួលបន្ទុកការងាររណសិរ្សនៃខេត្ត My Tho។ កាលនោះ លោក Le Quang So បានរំលឹកដល់អំឡុងពេលត្រូវអាណានិគមនិយមបារាំងជាប់ឃុំឃាំងនៅពន្ធនាគារ Con Dao ហើយលោកធ្លាប់បានលឺអំពីបំណងប្រាថ្នារបស់អគ្គលេខាដើមដំបូងនៃបក្សកុម្មុយនិស្តវៀតណាម គឺលោក Tran Phu ដែលថា “ក្រោយមក ប្រទេសជាតិឯករាជ្យនឹងប្រើទង់ក្រហមជាមួយផ្កាយលឿងជាទង់ជាតិ”។ បន្ទាប់ពីពិភាក្សារួច លោក Le Quang So និងលោក Ho Tri Ha ជាបក្ខជនខេត្ត Ba Ria បានស្រាវជ្រាវនិងជ្រើសរើសទង់ក្រហមជាមួយផ្កាយប្រាំពណ៌លឿងនៅចំកណ្តាលធ្វើជាទង់ជាតិ។ នៅខែកក្កដាឆ្នាំ ១៩៤០ នៅឯសន្និបាតនៃគណៈ កម្មាធិការបក្សខាងត្បូង ដែលប្រព្រឹត្តទៅនៅឃុំ Tan Huong ខ័ណ្ឌ Chau Thanh ខេត្ត My Tho បានសម្រេចចិត្តថា ទង់ជាតិវៀតណាម ជាទម្រង់ទង់ក្រហមដែលមានផ្កាយពណ៌លឿងចំនួនប្រាំ ក្នុងនោះ ពណ៌ក្រហមតំណាងឱ្យ ឈាមក្រហម ពណ៌នៃសេចក្តីក្លៀវក្លាបដិវត្ត ពណ៌នៃការប្រយុទ្ធ និងពណ៌នៃជ័យជំនះ។ ចំណែកឯពណ៌លឿងរបស់ផ្កាយគឺតំណាងឱ្យស្បែកលឿង ជានិមិត្តរូបនៃភាពភ្លឺចិញ្ចាចរបស់ព្រលឹងជាតិវៀតណាម។ ផ្កាយប្រាំដែលបង្ហាញពីកម្លាំងសាមគ្គីភាពរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គម ដែលរួមជាមួយគ្នាដើម្បីប្រយុទ្ធ ដណ្តើមឯករាជ្យ សេរីភាពនិងបានបង្ហាញពីផែនមហាសាមគ្គីភាពជនជាតិទាំងមូល។
លោកបណ្ឌិត Le Van Ty អនុប្រធានគណៈកម្មាធិការឃោសនានៃគណៈកម្មាធិការបក្សខេត្ត Tien Giang បានអះអាងថា៖ “ទង់ជាតិ ទង់ក្រហមផ្កាយប្រាំពណ៌លឿងនៅចំកណ្តាលគឺជារតនៈសម្បត្តិភាគខាងត្បូងដែលបានបន្សល់ទុកក្នុងកំឡុងពេលរាប់ពាន់ឆ្នាំនៃការតស៊ូនិងភាពអង់អាចក្លាហានប្រឆាំងនឹងការឈ្លាន ពានរបស់បរទេស ជាការកសាងនិងការពារប្រទេស និងជាព្រលឹងរបស់ប្រជាជនវៀតណាមយើង។ ទង់ក្រហមជាមួយផ្កាយលឿងបានចាប់បដិសន្ធិ គឺបញ្ជាក់ពីសាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ និងសន្តិ ភាពរបស់ប្រជាជនវៀតណាម។ ដំណើរការនៃការបង្កើតនិងបង្ហាញជារូបរាងនូវទង់ក្រហមជាមួយផ្កាយ លឿងគឺពិបាកណាស់ រាប់បញ្ចូលទាំងការលះបង់របស់បក្ខជនដែលបំពេញបេសកកម្ម។ ប៉ុន្តែនៅទីបំផុត ទង់ជាតិដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាមតែងតែហោះខ្ពស់ត្រដែត ហើយតែងតែផ្សាភ្ជាប់ជាមួយខែឆ្នាំ នៃការតស៊ូដ៏ស្វិតស្វាញ និងពលីកម្មដ៏អង់អាចក្លាហានរបស់ប្រជាជាតិវៀតណាមទាំងមូល ដើម្បីបណ្តេញពួកឈ្លានពានចេញពីព្រំដែននៃមាតុប្រទេស”។
នាខែ សីហា ឆ្នាំ ១៩៤០ លោក Phan Van Khoe បានចាត់តាំងគណៈកម្មាធិការបក្សខ័ណ្ឌ Chau Thanh ដេទង់ជាតិខ្នាតធំដោយមានទំហំ ២,៥ ម៉ែត្រ x ១,៨ ម៉ែត្រ ដើម្បីត្រៀមរៀបចំការកោះហៅប្រជាជនខាងត្បូងក្រោកឈរឡើង។ នេះពិតជាលំបាកខ្លាំងណាស់ ដោយសារតែកង្វះខាតក្រណាត់ពណ៌ក្រហមនិងពណ៌លឿងពីព្រោះរដ្ឋអំណាចកាលនោះហាមឃាត់មិនឱ្យធ្វើការជួញដូរ។ ថ្វីត្បិតដូច្នេះក៏ដោយ នៅព្រឹកព្រលឹម ថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ១៩៤០ ខណៈដែលកងកម្លាំងក្រោកឈរឡើងបានដណ្តើមកាន់កាប់អាគារធ្វើការឃុំ Long Thanh ទង់ក្រហមផ្កាយពណ៌លឿង ត្រូវបានព្យួរនៅលើកំពូលដើមឆ័ត្រមួយនៅសាលាភូមិ Long Hung ដែលជាទីស្នាក់ការនៃគណៈកម្មាធិការក្រោកឈរឡើងខេត្ត My Tho។ រួមជាមួយឃុំ Long Hung ទង់ក្រហមដែលមានផ្កាយពណ៌លឿងក៏បានលេចចេញពាសពេញខេត្ត My Tho ផងដែរ។ បន្ទាប់មក នៅក្នុងឯកសារនិងសន្និសីទសំខាន់ៗរបស់បក្សកុម្មុយនិស្តវៀតណាមនិងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ទង់ក្រហមដែលមានផ្កាយលឿងត្រូវបានកំណត់ជាផ្លូវការថាជាទង់ជាតិនៃរដ្ឋវៀតណាមថ្មី។ ដូចដែលសាស្ត្រាចារ្យ Tran Van Giau បានអះអាង៖ "ទោះបីជាការក្រោកឈរឡើងរបស់ប្រជាជនភាគខាងត្បូងទទួលបរាជ័យក៏ដោយ ប៉ុន្តែចលនានេះបានបន្សល់ទុកឱ្យប្រជាជនវៀតណាមទាំងមូលនូវរតនៈសម្បត្តិ ដែលតំណាងឱ្យប្រពៃណីនៃការតស៊ូបដិវត្តដ៏វីរភាព តំណាងឲ្យក្តីសង្ឃឹមរបស់ប្រជាជនទៅលើអនាគតដ៏ភ្លឺចិញ្ចាចនៃប្រទេសជាតិ។ នោះគឺទង់ក្រហមដែលមានផ្កាយប្រាំពណ៌លឿង ហើយក្រោយមក ទង់នៃចលនាក្រោកឈរឡើងរបស់ប្រជាជនភាគខាងត្បូងនេះបានក្លាយទៅជាទង់ជាតិវៀតណាម”។
សាស្ត្រាចារ្យរង - បណ្ឌិត Phan Xuan Bien សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម |
យោងតាម សាស្ត្រាចារ្យរង - បណ្ឌិត Phan Xuan Bien សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមថា ប្រទេសនីមួយៗ តែងមានទង់ជាតិនិងភ្លេងជាតិផ្ទាល់ខ្លួន។ ហេតុដូច្នេះ ប្រជាជនវៀតណាមទាំងអស់ ជាពិសេសក្មេងជំនាន់ក្រោយ សុទ្ធតែយល់ដឹងអំពីអត្ថន័យនៃនិមិត្តរូបរបស់មាតុប្រទេស ក្នុងនោះមានទង់ជាតិ ដែលពេលបានឃើញទង់ជាតិម្តងៗ អ្នករាល់គ្នាកាន់តែមានមោទនភាពជាតិ៖ “ពេលឃើញទង់ជាតិមាតុភូមិនៅគ្រប់ទីកន្លែងតែងតែភ្ជាប់ជាមួយមោទនភាពជាតិ។ ដូច្នេះយើងត្រូវតែយល់ថា ទង់ជាតិនោះជាអ្វីតំណាងឲ្យអ្វី ឫសគល់ជ្រាលជ្រៅនៃប្រវត្តិសាស្រ្តក៏ដូចជាការអភិវឌ្ឍន៍។ នេះគឺជាអ្វីដែលត្រូវការឱ្យមានការអប់រំ ពោលគឺ ត្រូវបង្រៀនចំណេះដឹង មនោសញ្ចេតនា និងឆន្ទៈសម្រាប់ការពារទង់ជាតិយ៉ាងដូចម្តេច”។
ការក្រោកឈរឡើងរបស់ប្រជាជនភាគខាងត្បូង បានប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ១៩៤០ ហើយពេលវេលាដែលទង់ក្រហមជាមួយផ្កាយលឿងលេចចេញជាព្រឹត្តិការណ៍សំខាន់មួយ ដែលបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម។ សព្វថ្ងៃ ទង់ជាតិនៃមាតុភូមិ តែងតែបានបករវិចៗតាមគ្រប់ទីកន្លែង ដែលមានវត្តមាននៅគ្រប់ទីភ្នាក់ងារ អង្គភាពនៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ដូចជាការបញ្ជាក់អំពីប្រទេសវៀតណាមរឹងមាំនិងគងវង្សជានិរន្ត៕