បង្កលក្ខណៈងាយស្រួលនិងជួយឧបត្ថម្ភស្ត្រីក្នុងរដ្ឋធានីចាប់ផ្តើមអាជីវកម្ម
(VOVWORLD) - ស្ត្រីស្រូបយកជាង ៥០,៤% នៃចំនួនប្រជាជន គឺជាកម្លាំងពលកម្មដែលមានវត្តមាននៅក្នុងវិស័យទាំងអស់ ដែលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី។ នាពេលថ្មីៗនេះ ទីក្រុងហាណូយបានអនុវត្តន៍គម្រោងជាច្រើនដូចជា “ជួយឧបត្ថម្ភស្ត្រីក្នុងរដ្ឋធានីចាប់ផ្តើមអាជីវកម្ម” និងគម្រោង “ស្ត្រីជាម្ចាស់ជីវិតខ្លួនឯង”។ តាមរយៈគម្រោងនានា មានស្ត្រីរាប់ពាន់នាក់ ដែលបានចាប់ផ្តើមអាជីវកម្មដោយជោគជ័យ និងមានសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។
ក្រុមហ៊ុនភាគហ៊ុនវិនិយោគ DDA វៀតណាម គឺជាអង្គភាពអាជីវកម្មមួយក្នុងចំណោមអង្គភាពអាជីវកម្មដែលចូលរួមក្នុងគម្រោង "ស្ត្រីជាម្ចាស់ជីវិតខ្លួនឯង" របស់រដ្ឋធានី ហើយទទួលបានភាពជោគជ័យដោយសារការជួយឧបត្ថម្ភរបស់សម្ព័ន្ធនារីហាណូយ។ លោកស្រី Nguyen Anh Nguyet ស្ថាបនិកក្រុមហ៊ុនភាគហ៊ុនវិនិយោគ DDA វៀតណាម រួមជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រនិងឱសថការីវៀតណាម បានបានចម្រាញ់ប្រកបដោយជោគជ័យ កាលស្យូមសរីរាង្គសុទ្ធដល់ទៅ ៩៩,៩% និងត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងឧស្សាហពាណិជ្ជកម្ម) ប្រកាសសិទ្ធិនីយបត្រតក្កកម្មផ្តាច់មុខ។ តាមនោះ អង្គភាពអាជីវកម្មទទួលបានការជួយឧបត្ថម្ភផ្លូវច្បាប់ ការផ្សព្វផ្សាយផលិតផលនិងបង្កើតគំរូផលិតកម្មបៃតងដោយជោគជ័យតាមស្តង់ដារ។ លោកស្រី Nguyen Anh Nguyet បានឲ្យដឹងថា៖ “យើងទទួលបានការណែនាំជាច្រើនលើដំណើរការផលិតដោយត្រូវធានានិងអនុលោមតាមបទប្បញ្ញត្តិច្បាប់។ សមាគមនារីទីក្រុងហាណូយ ក៏ដូចជាសហព័ន្ធនារីវៀតណាមបានជួយស្ត្រីយ៉ាងច្រើនក្នុងការរៀបចំពិព័រណ៍និងសិក្ខាសាលា ដើម្បីឲ្យស្ត្រីអាចចូលរួមកម្មវិធីជួបប្រាស្រ័យ ចែករំលែកចំណេះដឹង និងសិក្សាពីគ្នាទៅវិញទៅមក”។
ការវេចខ្ចប់ផលិតផលកាល់ស្យូមសរីរាង្គ ពីសំបកស៊ុតមាន់របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគ DDA Vietnam ។ រូបថត៖ hanoimoi.vn |
ការប្រែក្លាយវត្ថុធាតុដើមដែលមើលទៅហាក់ដូចជាសម្រាម ទៅជាផលិតផលសរីរាង្គបៃតងប្រកបដោយគុណតម្លៃសម្រាប់សង្គម គឺជាគោលដៅរបស់ពាណិជ្ជករវ័យក្មេង Nguyen Thi Que Anh ប្រធានអង្គភាពអាជីវកម្មសង្គម ជួយដល់ស្ត្រីក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសកល RB និងក្រុមគម្រោង “លើកកំពស់សមត្ថភាពផ្លាស់ប្តូរបៃតងក្នុងផលិតកម្មនិងជម្រុញពាណិជ្ជកម្មភាវូបនីយកម្មផលិតផលសាប៊ូបោកខោអាវជីវសាស្រ្ត Hafalife" ដោយសំបកម្នាស់ជាវត្ថុធាតុដើម។
ដំណើរការផលិតផលិតផលត្រូវបានអនុវត្តតាមការស្រាវជ្រាវវិទ្យាសាស្ត្រ និងខ្សែសង្វាក់បច្ចេកវិជ្ជាទំនើប ស្តង់ដារអឺរ៉ុប បង្កើតឡើងផលិតផលសាប៊ូបោកខោអាវសរីរាង្គប្រកបដោយសុវត្ថិភាព ការពារសុខភាពអ្នកប្រើប្រាស់និងមិនប៉ះពាល់ដល់បរិស្ថាន។ ដើម្បីអភិវឌ្ឍន៍ផលិតផល នាពេលអនាគតដ៏ខ្លីខាងមុខនេះ អង្គភាពអាជីវកម្មនឹងធ្វើពាណិជ្ជកម្មភាវូបនីយកម្មផលិតផល Hafalife ជាមួយនឹងគំរូឧបត្ថម្ភដើមទុនផលិតផល ដើម្បីបង្កើតឱកាសសម្រាប់ស្ត្រីធ្វើអាជីវកម្មដោយមិនចាំបាច់វិនិយោគទុន បង្កើនប្រាក់ចំណូល ឆ្ពោះទៅធ្វើជាម្ចាស់ជីវិតរបស់ខ្លួនឯង។ លោកស្រី Nguyen Thi Que Anh បានឲ្យដឹងថា៖ “ក្រុមហ៊ុនរបស់យើងកំណត់ថា ធ្វើអាជីវកម្មថាមិនត្រឹមតែលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនួលខុសត្រូវការពារបរិស្ថាន ការពារសិទ្ធិអ្នកប្រើប្រាស់ និងតម្រង់ទិសឆ្ពោះទៅរកសហគមន៍ទៀតផង។ ផលិតផលរបស់យើងចូលរួមក្នុងការប្រកួតប្រជែង “ស្ត្រីចាប់ផ្តើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតនិងការផ្លាស់ប្តូរបៃតង” ឆ្នាំ ២០២៤ដោយមានបំណងជួយស្ត្រីរាប់ពាន់នាក់ឱ្យមានផលិតផលដែលមានសុវត្ថិភាព និងសន្សំសំចៃ ជាពិសេសគឺជាយន្តការផ្តល់មូលនិធិដើម្បីជួយស្ត្រីដែលចូលរួមក្នុងអាជីវកម្មចាប់ផ្តើមរកប្រាក់ចំណូលបន្ថែម”។
គម្រោងកាល់ស្យូមពីសំបកស៊ុតនិងគម្រោងផលិតសាប៊ូបោកខោអាវ Hafalife ពីសំបកម្នាស់ គឺជាគម្រោងចំនួនពីរក្នុងចំណោមគម្រោងចំនួន ១៥ ដែលទទួលបានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែង “ស្ត្រីចាប់ផ្តើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតនិងការផ្លាស់ប្តូរបៃតង” ឆ្នាំ ២០២៤ ដែលរៀបចំដោយសម្ព័ន្ធនារីនៅទីក្រុងហាណូយ។ ការអភិវឌ្ឍទីក្រុងបៃតងនិងអេកូឡូស៊ីគឺជាគោលដៅមួយដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការអនុម័តផែនការទូទៅសម្រាប់ការសាងសង់រដ្ឋធានីហាណូយដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដោយបានប្តេជ្ញាចិត្តដើម្បីសុខដុមរមនាធាតុធម្មជាតិ សង្គម និងប្រជាជន ដើម្បីទីក្រុងហាណូយអាចអភិវឌ្ឍន៍ប្រកបដោយលក្ខណៈបៃតង ទំនើប និងឆ្លាតវៃ។
អ្នកស្រី Nguyen Thi Anh Nguyet ឧទ្ទេសនាមផលិតផលកាល់ស្យូមសរីរាង្គពីសំបកស៊ុតមាន់ នៅព្រឹត្តិការណ៍ ទិវានារីរដ្ឋធានីអនុវត្តបច្ចេកវិទ្យានវានុវត្តន៍ ឆ្នាំ ២០២៤។ រូបថត៖ hanoimoi.vn |
ដើម្បីរួមចំណែកអនុវត្តន៍គោលដៅនេះ នាពេលថ្មីៗនេះ សម្ព័ន្ធនារីទីក្រុងហាណូយគ្រប់កម្រិត បានរៀបចំសកម្មភាពផ្សព្វផ្សាយដោយផ្ទាល់ និងតាមអនឡាញជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងនិងទំនួលខុសត្រូវរបស់ស្ត្រីក្នុងការកសាងបរិយាកាស សុវត្ថិភាព ស្និទ្ធស្នាល និងតភ្ជាប់ជាមួយការអនុវត្តគម្រោង “ជួយឧពត្ថម្ភស្ត្រីរដ្ឋធានី ចាប់ផ្តើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត។ លោកស្រី Le Thi Thien Huong អនុប្រធានសម្ព័ន្ធសមាគមនារីទីក្រុងហាណូយបានឲ្យដឹងថា៖ “យើងបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម សហករណ៍ និងគ្រួសារអាជីវកម្មដោយស្ត្រីជាម្ចាស់ ដើម្បីផ្លាស់ប្តូរថ្មីគំរូកំណើនពីពណ៌ត្នោតទៅជាពណ៌បៃតង ផ្លាស់ប្តូរពីការធ្វើអាជីវកម្ម ទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ”។
រួមជាមួយសម្ព័ន្ធសមាគមនារី មន្ទីរនិងស្ថាប័នពាក់ព័ន្ធក៏បានចូលរួមឧបត្ថម្ភនិងបង្ក លក្ខណៈងាយស្រួលសម្រាប់ស្ត្រីក្នុងរដ្ឋធានីចាប់ផ្តើមអាជីវកម្ម។ លោក Nguyen Dinh Hoa អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទហាណូយបានឲ្យដឹងថា៖ “ការតភ្ជាប់ពាណិជ្ជកម្ម ការណែនាំនិងផ្សព្វផ្សាយផលិតផលភូមិសិប្បកម្ម ផលិតផល OCOP ផលិតផលកសិកម្ម ម្ហូបអាហារនៅឯពិព័រណ៍ សប្តាហ៍ទំនិញ ពិធីបុណ្យទាននានា... បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ម្ចាស់អាជីវកម្ម និងអង្គភាពផលិតកម្មមានឱកាសណែនាំនិងផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយការផ្ទេរផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការតភ្ជាប់ដើម្បីប្រើប្រាស់ផលិតផល។ យើងក៏បានជួយឧបត្ថម្ភសម្រាប់ការបង្កើតម៉ាកយីហោ និងការផ្សព្វផ្សាយលើវេទិកាបច្ចេកវិទ្យាព័ត៌មានផងដែរ”។
យោងតាមសម្ព័ន្ធនារីទីក្រុងហាណូយ ចាប់ពីឆ្នាំ ២០២៨ ដល់បច្ចុប្បន្ន តាមរយៈគម្រោងជួយស្ត្រីក្នុងរដ្ឋធានីផ្តើមអាជីវកម្ម និងគម្រោង “ស្ត្រីជាម្ចាស់ជីវិតខ្លួនឯង” ស្ត្រីជាង ១២.០០០ ទទួលបានការយល់ដឹងអំពីសហគ្រិនភាព; ស្ត្រីជាង ៤.២៥០ នាក់ទទួលបានការឧបត្ថម្ភចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ; អង្គភាពអាជីវកម្ម និងសហករណ៍ជាង ១.២០០ ត្រូវបានគាំទ្រក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផល។ ទាំងអស់នេះជាការជំរុញទឹកចិត្តស្ត្រីក្នុងរដ្ឋធានីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរដ្ឋធានីទាំងមូល និងបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងគ្រួសារ និងសង្គម៕