(VOVWORLD) - កម្មវិធីសកម្មភាព និងពាក្យស្លោក "Make in Vietnam" ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយផ្តួចផ្តើមជាផ្លូវការពីឆ្នាំ ២០១៩។ ចាប់ពីនោះមក មានផលិតផល និងសេវាកម្មបច្ចេកវិទ្យាកាន់តែច្រើនឡើង ដែលបំពេញតាមតម្រូវការរបស់ Make in Vietnam។ នោះគឺ៖ ស្រាវជ្រាវនៅវៀតណាម ការច្នៃប្រឌិតវៀតណាម ការផលិតនៅវៀតណាម។ ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់អង្គភាពអាជីវកម្មបច្ចេកវិទ្យាឌីជីថលជាមួយ នឹងផលិត ផលឌីជីថល កំពុងនាំវិស័យឧស្សាហកម្មបច្ចេកវិទ្យាឌីជី ថលក្លាយទៅជាសសរស្តមនៃសេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះ បង្កើតសន្ទុះសម្រាប់វៀតណាមក្លាយជាប្រទេស ឌីជីថលនៅឆ្នាំ ២០៣០។
លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម (រូបថត៖ VOV) |
ចាប់ពីឆ្នាំ ២០១៩ មក វេទិកាជាតិអភិវឌ្ឍន៍សហគ្រាសបច្ចេកវិទ្យាវៀតណាមដែលបានប្រារព្ធឡើងជាលើកដំបូងបានកំណត់យ៉ាងច្បាស់នូវប្រធានបទ៖ “សេចក្តីប្រាថ្នា ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍សម្រាប់ប្រទេសវៀតណាមមួយខ្លាំងមាំមួន”។ កាលនោះ រដ្ឋាភិបាល និងក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានកំណត់យ៉ាងច្បាស់ថា សហគ្រាសបច្ចេកវិទ្យាព័ត៌មាន (ICT) ត្រូវតែដើរតួនាទីក្នុងការជំរុញឧស្សាហកម្មឌីជីថលឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ កម្មវិធីសកម្មភាព និងពាក្យស្លោកសកម្មភាព “Make in Vietnam” ក្រសួងព័ត៌មាន និងផ្សព្វផ្សាយផ្តួចផ្តើមឡើង រួមចំណែកលើកទឹកចិត្តសហគមន៍ធុរកិច្ចបច្ចេកវិទ្យាឌីជីថលជឿជាក់ លើខ្លួនឯង ដើម្បីដំណើរការអភិវឌ្ឍន៍ បង្កើតការបំផុសគំនិតសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលកាន់តែរហ័សជាង និងលើកកំពស់តម្លៃវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃសកល។ ក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ “Make in Vietnam គឺដើម្បីដោះស្រាយបញ្ហាវៀតណាម ជួយវៀតណាមអភិវឌ្ឍន៍។ Make in Vietnam ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក និងរួមចំណែកដល់ការអភិវឌ្ឍរបស់មនុស្សជាតិ។ Make in Vietnam ដើម្បីវៀតណាមធ្វើជាម្ចាស់បច្ចេកវិទ្យា ដើម្បីវៀតណាមរឹងមាំ និងរីកចម្រើន។ Make in Vietnam ផ្សព្វផ្សាយស្មារតីនៃការរចនានៅវៀតណាម ការច្នៃប្រឌិតនៅវៀតណាម ដែលផលិតនៅប្រទេសវៀតណាម”។
ប្រសិនបើនៅឆ្នាំ ២០១៩ ប្រាក់ចំណូលសរុបនៃវិស័យឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ឈានដល់ត្រឹមតែជាង ១១២ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអាជីវកម្មឌីជីថលជាង ៤៥.០០០ អង្គភាព ដល់ឆ្នាំ ២០២២ ទោះបីជាមានការលំបាកនាំមកដោយជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែតួរលេខដូចពោលខាងលើបានកើនឡើងដល់ ១៤៨ ពាន់លានដុល្លារអាមេរិក ហើយសហគ្រាសបច្ចេកវិទ្យាឌីជីថលមានជាង ៧០.០០០អង្គភាព”។
បន្តសន្ទុះនៃកំណើនកាលពីឆ្នាំមុន ប្រាក់ចំណូលរបស់ឧស្សាហកម្មឌីជីថលចាប់ពីដើមឆ្នាំរហូតដល់ពេលនេះបានបន្តកើនឡើង។ Make in Vietnam មិនត្រឹមតែដើរតួនាទីដោះស្រាយបញ្ហារបស់វៀតណាមជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដែលប្រជាជនវៀតណាមជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងមានបេសកកម្មធំជាងក្នុងការ ដណ្តើមយកទីផ្សារអន្តរជាតិទៀតផង។
ពីការយល់ដឹងយ៉ាងដូច្នេះ អាជីវកម្មឌីជីថលត្រូវបានរដ្ឋាភិបាល និងក្រសួងស្ថាប័ននានា ជាពិសេសក្រសួងព័ត៌មាន និងផ្សព្វផ្សាយ បានគៀរគររាល់ប្រភពជំនួយ ពីគោលនយោបាយរហូតដល់ការផ្សព្វផ្សាយ ពីការលើកទឹកចិត្តផ្នែកពន្ធ រហូតដល់ការគាំទ្រការបណ្តុះបណ្តាល ការបង្កើតធនធានមនុស្ស ពីការតម្រង់ទិសអភិវឌ្ឍន៍ រហូតដល់ការប្រគល់ជូនបេសកកម្ម។ សាស្ត្រាចារ្យបណ្ឌិត Huynh Quyet Thang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហាណូយបានវាយតម្លៃថា៖ “ការកំណត់ទិសយ៉ាងខ្លាំងក្លាររបស់រដ្ឋាភិបាលបានបង្កើតកម្លាំងរុញច្រានសម្រាប់អាជីវកម្ម ដោយសារការវិនិយោគខ្លាំងលើការស្រាវជ្រាវ ដោយហេតុនេះបង្កើតសហគ្រាសបច្ចេកវិទ្យាពិត លែងមានប្រភពខាងក្រៅ ប៉ុន្តែធ្វើជាម្ចាស់លើបច្ចេកវិទ្យាផ្ទាល់ខ្លួន មានផលិតផលដែលឈរជើងនៅលើទីផ្សារ និងឈានទៅដល់ពិភពលោក”។
រូបថតទី ២៖ វិស្វកររបស់ Viettel ដំណើរការស្ថានីយ៍មូលដ្ឋាន 5G (រូបភាព៖ qdnd.vn) |
ជាក់ស្តែង ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះ ការចេញទៅទីផ្សារបរទេសគឺជានិន្នាការរួមរបស់សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម។ តាមការប៉ាន់ប្រមាណ ក្នុងចំណោមសហគ្រាសបច្ចេកវិទ្យាឌីជីថលជាង ៧០.០០០ ប្រហែល ១/៣ ក្នុងចំណោមនោះមានផលិតផលដែលកំពុងប្រតិបត្តិការនៅលើទីផ្សារអន្តរជាតិ។
ជាក់ស្តែងគឺ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា FPT Group បន្ទាប់ពីការអភិវឌ្ឍលើទីផ្សារបរទេសអស់រយៈពេល ២៣ ឆ្នាំ កាលពីឆ្នាំមុន FPT បានកំណត់អត្តសញ្ញាណរបស់ខ្លួននៅលើផែនទីបច្ចេកវិទ្យាអន្តរជាតិដោយក្លាយជាសហគ្រាសវៀតណាមដំបូងគេដែលបើកដំណើរការបណ្តាញមីក្រូឈីបក្នុងអ៊ីនធឺណិតនៃវត្ថុ (IoT) សម្រាប់វិស័យសុខាភិបាល។ នៅឆ្នាំនេះ ផលិតផលបន្ទះឈីបរបស់ FPT មានវត្តមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងជប៉ុន។ ទន្ទឹមនឹងនោះ FPT ក៏បានពង្រីកទៅក្នុងវិស័យផ្សេងទៀតដូចជា ភ្លើងបំភ្លឺ ឧបករណ៍ឆ្លាតវៃ បច្ចេកវិទ្យារថយន្ត ថាមពល...។ ឆ្នាំ ២០២២ ក៏ជាឆ្នាំដំបូងដែល FPT បានឈានដល់សម្រេចបានចំណូល ១ ពាន់លានដុល្លារពីទីផ្សារអន្តរជាតិលើវិស័យផ្លាស់ប្តូរឌីជីថល ដោយនាំវៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ទី ២ លើផែនទីឌីជីថល បន្ទាប់ពីប្រទេសមហាអំណាចសូហ្វវែរឥណ្ឌា។
ប្រាក់ចំណូលពីការផ្លាស់ប្តូរឌីជីថលរបស់ FPT ពីទីផ្សារក្រៅប្រទេសនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ បានកត់ត្រាកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗ ដូចជា Cloud, AI/Data Analytics...។ ក្នុងពេលជាមួយគ្នានោះ សាជីវកម្មទូរគមនាគមន៍យោធា Viettel ក៏ទទួលបានជោគជ័យនៅទីផ្សាអន្តរជាតិ
ក្នុងឆ្នាំ ២០២២ ជាមួយនឹងប្រាក់ចំណូលឈានដល់ជិត ៣ ពាន់លានដុល្លារអាមេរិក។ Viettel កំពុងកាន់តំណែងជាប្រតិបត្តិករបណ្តាញ 5G លេខ ១ នៅក្នុងប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ទីម័រខាងកើត និងទីផ្សារប៊ូរុនឌី។ ក្រៅពីនេះ Viettel ក៏ជាសហគ្រាសវៀតណាមលេចធ្លោមួយដែលកំពុងអនុវត្តការផ្លាស់ប្តូរឌីជីថលសម្រាប់បណ្តាប្រទេសដូចជា Haiti និងឡាវ ...។
ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CMC Global ក៏មានវត្តមាននៅក្នុងទីផ្សារធំៗជាមួយនឹងផលិតផលលេចធ្លោ ដូចជាការផ្តល់កម្មវិធីអេឡិចត្រូនិកសម្រាប់មន្ទីរពេទ្យនៅទូទាំងប្រទេសកូរ៉េខាងត្បូង ការផ្តល់ដំណោះស្រាយ eKYC (ស្វែងយល់អតិថិជន អេឡិចត្រូនិក) សម្រាប់ធនាគារនៅចិន ឬដំណោះស្រាយ Embedded Testing សម្រាប់កម្មវិធីអ្នកបើកបរក្នុងរថយន្តម៉ាកឈានមុខគេ។ ក្រុមហ៊ុនក៏បានអមដំណើរអតិថិជន Fintech សំខាន់ៗ នៅក្នុងប្រទេសជាច្រើន ដើម្បីអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគត។ លោក Nguyen Cao Cuong នាយកផ្នែកធុរកិច្ចសកល CMC បានអះអាងថា៖
“បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអភិវឌ្ឍនៅក្នុងទីផ្សារបរទេស CMC Global មានទំនុកចិត្តយ៉ាងខ្លាំងចំពោះគុណភាពនៃសេវាកម្មរបស់ខ្លួន។ លើសពីនេះទៀត យើងក៏បំពេញតាមតម្រូវការនៃពេលវេលាដែលអតិថិជនចង់បាន។ យើងបានពង្រីកយ៉ាងសកម្មទៅកាន់ទីផ្សារដែលនិយាយភាសាអង់គ្លេស តម្រូវការទីផ្សារដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក និងអឺរ៉ុប។ គោលដៅដល់ឆ្នាំ ២០២៣ CMC Global នឹងមានការិយាល័យយ៉ាងហោចណាស់ផ្សេងៗគ្នា ចំនួន ១០ នៅលើពិភពលោក”។
ការផ្លាស់ប្តូរឌីជីថលជាមួយនឹងវេទិកាឌីជីថល Make in Vietnam បានបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ អាជីវកម្មឌីជីថលបានផ្លាស់ប្តូរជាបណ្តើរៗពីផ្នែកខាងក្រៅទៅជាជំនាញបច្ចេកវិទ្យា ដោយហេតុនេះជួយដោះស្រាយបញ្ហាធំៗរបស់ប្រទេស។ ការផ្លាស់ប្តូរឌីជីថលកំពុងកើតឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម លើគ្រប់វិស័យ។ ក្នុងដំណើរការនោះ អាជីវកម្មឌីជីថលជាមួយផលិតផលឌីជីថល Make in Vietnam ត្រូវបានដាក់ក្នុងតួនាទីកណ្តាល ដោយមានភារកិច្ចនាំប្រទេសវៀតណាមឈានទៅរកភាពរីកចម្រើន ដោយសេដ្ឋកិច្ចឌីជីថលដើរតួនាទីនាំមុខ ខិតខំនាំវៀតណាមឈានមុខគេ ក្លាយជាប្រទេសឌីជីថលនាពេលអនាគត៕