ពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែដ៏ពិសេស
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ កុមារវៀតណាមបានអំណរពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែ (បុណ្យសែនលោកខែ) ក្នុងបរិបទពិសេសមួយ ដោយសារតែជំងឺកូវីដ ១៩ នៅតែឆ្លងរាលដាលយ៉ាងស្មុគស្មាញ។ ហេតុដូច្នេះ ប្អូនៗកុមារមិនត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីជប់លៀង ពិធីដង្ហែចង្កៀងគោម ពិធីរាំច្រៀងសប្បាយរីករាយទេ។ ផ្ទុយទៅវិញ តំបន់ សហគមន៍និងគ្រួសារនីមួយៗ បានរៀបចំ ឱ្យប្អូនៗកុមារប្រារព្ធពិធីអំណរបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែ តាមទម្រង់សមស្របនិងធានាឱ្យបាននូវបទប្បញ្ញត្តិ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។
Le Nhat Anh និងប្អូនប្រុសរីករាយចំពោះចង្កៀងគោមដែលធ្វើដោយខ្លួនឯង (រូបថត៖ VOV) |
ជាច្រើនឆ្នាំកន្លងទៅ នៅពេលដែលមិនទាន់មានជំងឺរាតត្បាតកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យថ្វាយព្រះច័ន្ទ សំពះព្រះខែ អង្គការមហាជននៅតាមសង្កាត់និងភូមិទាំងអស់ បានរួមដៃគ្នារៀបចំឲ្យប្អូនៗកុមារទទួលអំណរពិធីបុណ្យយ៉ាងសប្បាយរីករាយ។ ដូច្នេះ ចាប់ពីដើមខែទី ៨ តាមប្រតិទិនច័ន្ទគតិ អង្គការមហាជនបានធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយដើម្បីកៀរគរនិងរៃអង្គាសថវិកាសម្រាប់រៀបចំពិធីបុណ្យសំពះព្រះខែឲ្យប្អូនៗកុមារ។ សមាជិកសម្ព័ន្ធយុវជននិងយុវជនចំណាយពេលវេលាធ្វើចង្កៀងផ្កាយធំ ជួសជុលក្បាលតោ សម្អាតផ្ទះវប្បធម៌ ដើម្បីឱ្យប្អូនៗកុមារដង្ហែចង្កៀងគោម លោតម៉ុងសាយ រីករាយជាមួយពិធីជប់លៀង ... តាមនោះ នៅពេលបញ្ចប់មេរៀន ប្អូនៗកុមារបានហាត់លោតម៉ុងសាយ សំឡេងស្គរអ៊ូអរពាសពេញតាមផ្លូវឃុំ ភូមិ។ នៅទីជនបទ អ្នកម្តាយខ្ចប់នំអន្សមគួរឱ្យស្រឡាញ់ ជ្រើសរើសផ្លែឈើនៅក្នុងចំការដូចជា៖ ផ្លែក្រូចថ្លុង ផ្លែល្ហុង ផ្លែទន្លាប់ ផ្លែច័ន្ទនិងជួយកុមារបង្ហាញនំសែនលោកខែ។
ប៉ុន្តែឆ្នាំនេះ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយហាងលក់នំសែនលោកខែនិងប្រដាប់លេងរបស់ក្មេងមិនច្រើនដូចឆ្នាំមុនទេ។ នៅតាមមូលដ្ឋានដែលកំពុងអនុវត្តន៍សារាចរណែនាំលេខ ១៥ និងសារាចរណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី ប្រជាជនទាំងមូលបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនការរក្សាគម្លាតសង្គម ដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់មនុស្សគ្រប់គ្នា។ យ៉ាងណាមិញ ដើម្បីឱ្យកូនៗ បានទទួលអំណរពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែ អ្នកម្តាយបានផ្ទុកគ្រឿងផ្សំនៅក្នុងទូទឹកកក ហើយបន្ទាប់មកបង្ហាញពីជំនាញធ្វើម្ហូបរបស់ខ្លួន ដើម្បីឲ្យកូនៗទទួលទានម្ហូបឆ្ងាញ់ពិសារ។ ជំនួសការអនុញ្ញាតឱ្យកូនៗ ទៅលេងតាមផ្លូវដើម្បីទិញប្រដាប់ក្មេងលេង ឪពុកបានធ្វើចង្កៀងគោមផ្កាយ ចង្កៀងគោមរូបត្រីនិងចង្កៀងគោមកងទ័ពសម្រាប់កុមារ។
ក្តីសប្បាយលើទឹកមុខកុមារី Le Nhat Nam អាយុ ៥ ឆ្នាំ នៅស្រុក Thuong Tin ទីក្រុងហាណូយ ខណៈដែលជាលើកដំបូងប្អូនបានរួមជាមួយអ្នកម្តាយធ្វើចង្កៀងគោមពីក្រដាសពណ៌និងប្រអប់សាប៊ូចាស់។ ចង្កៀងតូចនិងស្រស់ស្អាត គ្មានភ្លេង គ្មានភ្លើងបំភ្លឺដូចរាល់ឆ្នាំប៉ុន្តែត្រូវបានក្មេងៗចូលចិត្តខ្លាំងណាស់៖ “ថ្ងៃនេះម្តាយខ្ញុំនិងខ្ញុំបានធ្វើចង្កៀងគោម ធ្វើចង្កៀងគោម ២ គ្រឿងសម្រាប់ខ្ញុំមួយនិងមួយទៀតសម្រាប់ប្អូនស្រីខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយគ្រាន់តែទន្ទឹងរង់ចាំពិធីបុណ្យសែនលោកខែមកដល់ឥឡូវភ្លាមៗដែរ”។
ក្នុងឱកាសពិធីបុណ្យថ្វាយព្រះច័ន្ទ សំពះព្រះខែ លោកស្រី Ngo Thai Ha នៅតាមផ្លូវ Le Van Luong ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយតែងតែរៀបចំល្បែងជាច្រើនសម្រាប់កូនៗ របស់នាងពីវត្ថុសាមញ្ញៗ ដែលធ្លាប់ស្គាល់ដូចជាស្លឹកឈើ សំបកខ្យង លាបពណ៌ បន្លែដាំក្នុងចំការ៖ “ជារៀងរាល់ឆ្នាំនៅក្នុងពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែ ខ្ញុំតែងតែទិញប្រដាប់ប្រដាក្មេងលេងអោយកូនខ្ញុំ ប៉ុន្តែឆ្នាំនេះ ដោយសារជំងឺរាតត្បាត ការធ្វើដំណើរមានការពិបាក ដូច្នេះខ្ញុំនិងកូន ៗ របស់ខ្ញុំបានឆ្លៀតយករបស់របរក្នុងផ្ទះធ្វើប្រដាប់ប្រដាក្មេងលេងអំណរបុណ្យសំពះព្រះខែ។ ខ្ញុំគ្រាន់តែយកក្រដាសកាតុងធ្វើកេស ក្រដាសពណ៌និងពណ៌ទឹក ដើម្បីធ្វើរបាំងមុខ។ ខ្ញុំប្រើប្រអប់ផ្លាស្ទិចភ្លឺ ទៀនពីរបី និងក្រដាសកាតុងពណ៌គឺខ្ញុំអាចធ្វើចង្កៀងគោមជាមួយកូនៗ របស់ខ្ញុំរីករាយនឹងការលេងផងដែរ។ ថ្វីត្បិតតែវាមិនអាចស្រស់ស្អាតដូចហាងនោះទេប៉ុន្តែម្តាយនិងកូនៗធ្វើការជាមួយគ្នាដូច្នេះពិតសប្បាយណាស់។ ក្មេងៗលេងជាមួយប្រដាប់ដែលធ្វើដោយដៃរបស់ពួកគេផ្ទាល់ ដូច្នេះពួកគេចូលចិត្តវាខ្លាំងណាស់”។
របាំងធ្វើដោយប្អូនកុមារ (រូបថត៖ VOV) |
ពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែឆ្នាំនេះ តំបន់ដែលមិនមានជំងឺរាតត្បាតក៏មិនរៀបចំ “រាត្រីពិធីបុណ្យព្រះច័ន្ទពេញវង់” ដូចរាល់ឆ្នាំនោះទេ ប៉ុន្តែផ្ទុយទៅវិញមានសកម្មភាពជាក់ស្តែងក្នុងការមើលថែកុមារមានស្ថានភាពលំបាកពិសេសនិងកុមារដែលជួបការលំបាកក្នុងជីវភាព។ យោងតាមទិន្នន័យពីការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចនៃទីក្រុង Hai Duong លើទូទាំងខេត្តមានកុមារចំនួន ៨១៦ នាក់ ស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ហើយកុមារជិត ៤០០ នាក់មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសង្គម។ លោកស្រី Nguyen Thi Lan Huong អនុប្រធានការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចនៃទីក្រុង Hai Duong បានឲ្យដឹង ថា៖ “ទីក្រុងបានចំណាយថវិកាសម្រាប់ផ្តល់អំណោយចំនួន ១២៥ កញ្ចប់ដល់កុមារកំព្រា កុមារពិការនិងកុមារមានស្ថានភាពលំបាកបំផុត។ សកម្មភាពអំណរបុណ្យសំពះព្រះខែសម្រាប់កុមារមានអត្ថន័យជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់និងការទទួលខុសត្រូវរបស់គ្រប់ជាន់ថ្នាក់គ្រប់វិស័យនិងសង្គមទាំងមូលចំពោះកុមារជាពិសេសសម្រាប់ប្អូនៗកុមារ ដែលមានស្ថាន ភាពលំបាកខ្លាំង”។
រួមជាមួយការជួយឧបត្ថម្ភរបស់រដ្ឋក្នុងការមើលថែកុមារដែលជួបការលំបាកពិសេស មន្ទីរការ ងារយុទ្ធជនពិការនិងសង្គមកិច្ចទីក្រុង Can Tho បានសហការជាមួយអង្គភាពនិងសប្បុរុស ជនរៀបចំកម្មវិធីជាច្រើន “រីករាយបុណ្យសំពះព្រះខែ” សម្រាប់កុមារដែលជាជនជាតិភាគតិច កុមារក្រីក្រនិងកុមារជួបការលំបាកនៅក្នុងខ័ណ្ឌ ស្រុកចំនួន ៩ ក្នុងទីក្រុង Can Tho។ នៅឯកន្លែងរៀបចំពិធី ក្មេងៗតម្រង់ជួរតាមចម្ងាយដែលបានកំណត់ ដើម្បីទទួលអំណោយរួមមាន៖ នំសែនព្រះខែ និងចង្កៀងគោមជាដើម។ លោក Tieu Minh Duong អនុប្រធានមន្ទីរការងារ យុទ្ធជនពិការនិងសង្គមទីក្រុង Can Tho បានឲ្យដឹងថា៖ “នារដូវបុណ្យសំពះព្រះខែឆ្នាំនេះ ការសម្តែងសិល្បៈត្រូវបានសម្តែងដោយកុមារនៅក្នុងក្លឹបក្នុងគោលបំណងលើកទឹកចិត្តពួកគេក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ពួកគេក្នុងការចូលទៅកាន់បរិយាកាសដែលមានមនុស្សច្រើន។ ដោយសារស្ថានភាពគ្រួសាររបស់ពួកគេមានការលំបាក តាមនោះក្មេងៗនៅក្លឹបយុវជនក្រហមមានការខ្មាស់អៀនយ៉ាងខ្លាំង តាមនោះ នៅក្នុងពិធីបែបនេះ ពួកគេមានឱកាសបញ្ចេញមតិ ដោយហេតុនេះ ជួយពួកគេបណ្តុះបណ្តាលជំនាញទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានកាន់តែប្រសើរជាង”។
ពិធីបុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែដ៏រីករាយនិងពោរពេញភាពសប្បាយជាច្រើន នឹងត្រូវបានប្រព្រឹត្តទៅ នៅពេលដែលប្រទេសវៀតណាមបានគ្រប់គ្រងទាំងស្រុងជំងឺកូវីដ-១៩។ យ៉ាង ណាមិញ បុណ្យថ្វាយព្រះច័ន្ទសំពះព្រះខែឆ្នាំនេះនៅតែជាពិធីបុណ្យដ៏ពិសេសមួយដែរ ពីព្រោះក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ប្អូនៗកុមារនៅតែត្រូវបានអាជ្ញាធរនិងអាណាព្យាបាល យកចិត្តទុកដាក់និងការពារក្នុងអំឡុងពេលមានការរីករាលដាលដ៏គ្រោះថ្នាក់នេះ៕