វប្បធម៌ជាងរ៉ែ - តម្លៃនិងការតម្រង់ទិសនៅក្នុងរយៈពេលសមាហរណកម្ម

(VOVWORLD) -  និយាយអំពីប្រពៃណីវប្បធម៌របស់ជាងរ៉ែ (អ្នករុករករ៉ែ)និងប្រជាជននៅតំបន់ធ្យូងថ្ម ខេត្ត Quang Ninh សុទ្ធតែបានបញ្ជាក់ពីតម្លៃស្នូលបំផុតដែលបង្កើតឡើងចរិតលក្ខណៈនៃតំបន់ធ្យូងថ្ម នោះគឺជាស្មារតីនៃវិន័យនិងការស្រុះស្រួលគ្នា។ ឆ្លងកាត់ប្រវត្តិសាស្ត្រច្រើនដំណាក់កាលមក តម្លៃវប្បធម៌ទាំងនេះរបស់ជាងរ៉ែបានរួមចំណែកក្នុងការផាត់ពណ៌បន្ថែមភាពរស់រវើកនូវវប្បធម៌វណ្ណៈពលករវៀតណាម។

វប្បធម៌ជាងរ៉ែ - តម្លៃនិងការតម្រង់ទិសនៅក្នុងរយៈពេលសមាហរណកម្ម - ảnh 1កម្មកររបស់ក្រុមហ៊ុនធ្យូងថ្ម  Thong Nhat (រូបថត៖ thanhtravietnam.vn)

ផលិតកម្មធ្យូងថ្មមានលក្ខណៈពិសេសដោយឡែក គឺពោរពេញទៅដោយការលំបាក មានជាតិពុលនិងគ្រោះថ្នាក់។ ជាងនេះទៅទៀត មុរបរនេះជាវិស័យផលិតកម្មឧស្សាហកម្មតាមខ្សែចង្វាក់ ដូច្នេះចំនួនកម្មករតែងតែមានចំនួនច្រើន។ ដំណាក់កាលនីមួយៗ ផ្នែកនីមួយៗ គឺជាបណ្តាញតភ្ជាប់គ្នាដែលមិនអាចខ្វះបាននិងសំខាន់ ហើយតែងតែតភ្ជាប់ទំនាក់ទំនងជួយគ្នាទៅវិញទៅមក។ ចាប់ពីដំណាក់កាលរៀបចំផែនការ វិធីបើកអណ្តូងរ៉ែការ ផ្គត់ផ្គង់សំភារៈនិងឧបករណ៍ ការខួងអណ្តូងរ៉ែ ការចូកដីនិងថ្ម លើស្រទាប់រ៉ែ ការដឹកជញ្ជូនធ្យូងថ្ម ការកែច្នៃដើម្បីប្រើប្រាស់ គឺសុទ្ធតែត្រូវស្មារតីនៃវិន័យនិងការស្រុះស្រួលគ្នា។

វប្បធម៌នៃផ្នែកធ្យូងថ្មរបស់វៀតណាមមិនបំបែកចេញពីវប្បធម៌ជាងរ៉ែជាទូទៅនិងអ្នកជីកធ្យូងថ្មលើពិភព លោកនោះឡើយ។ នៅក្នុងខ្សែសង្វាក់ផលិតកម្ម ដំណាក់កាល ក្រោយត្រូវតែស៊ីគ្នានឹងដំណាក់កាលមុន ហើយជាងរ៉ែម្នាក់ៗត្រូវពឹងផ្អែកលើគ្នា ដែលបង្ខំឱ្យជាងរ៉ែមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការធ្វេសប្រហែសនិងកំហុសឆ្គង។ ពោលគឺ មនុស្សគ្រប់គ្នាត្រូវគោរពយ៉ាងតឹងរឹងនូវវិធានការបច្ចេកទេសសុវត្ថិភាពដំណើរការផលិតកម្មនិងបទបញ្ជារបស់ប្រធាន គឺដូចជាទាហានម្នាក់កំពុងប្រយុទ្ធនៅសមរភូមិអញ្ជឹង។ លោក Nguyen Van Nam កម្មករនៅក្រុមហ៊ុនធ្យូងថ្ម Thong Nhat  បានសំណេះសំណាលថា៖ “រូបខ្ញុំផ្ទាល់ក៏បានស្តាប់និងក្រេបយកបទពិសោធន៍ប្រពៃណីជាច្រើន ដែលជំនាន់ជីដូនជីតាបានបន្សល់ទុកមក។ ដោយយល់ដឹងកាន់តែច្បាស់ពីវិន័យ ស្រុះស្រួលរបស់ផ្នែករ៉ែ ខ្ញុំនិងកម្មករក្នុងក្រុមហ៊ុនបានព្យាយាមជំរុញនិងរៀនបទពិសោធន៍បន្ថែមអនុវត្តវិទ្យាសាស្ត្រក្នុងផលិតកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនថែមទៀត”។

ការស្រឡាញ់រាប់អានគ្នារបស់អ្នកជីកធ្យូងថ្ម គឺជាអត្តសញ្ញាណលេចធ្លោបំផុតនៅក្នុងវប្បធម៌នៃផ្នែកធ្យូងថ្ម ដោយហេតុនេះបង្កើតនូវអត្តសញ្ញាណដោយឡែក សម្រាប់វប្បធម៌រ៉ែ។ វប្បធម៌ធ្យូងថ្ម ការស្រឡាញ់រាប់អានក្នុងផ្នែកធ្យូងថ្ម គឺមានភាពលេចធ្លោដោយសារប្រភពដើមនៃបរិស្ថានការងារលំបាកលំបិននិងគ្រោះថ្នាក់នៅក្រោមដី។ ក្នុងឧស្សាហកម្មធ្យូងថ្ម ជាងរ៉ែ ជីកធ្យូងថ្មគឺពិបាកនិងគ្រោះថ្នាក់បំផុ តដូច្នេះការស្រឡាញ់រាប់អានគ្នា រឹតតែស៊ីជម្រៅនិងបានបង្កើតអត្តសញ្ញាណវប្បធម៌ខុសគ្នាពីវិជ្ជាជីវៈផ្សេងទៀត។ លោក Dinh Van Hiep នៅក្រុមហ៊ុនធ្យូងថ្ម Thong Nhat បានចែករំលែកថា៖ “បើប្រៀបធៀបទៅនឹងលក្ខខណ្ឌស្នាក់នៅតាមផ្ទះជួល គឺការរស់នៅក្នុងក្រុមហ៊ុន ប្រសើរជាង។ នៅពេលយើងត្រឡប់មកពីធ្វើការវិញ យើងមានកន្លែងស្អាតបាតនិងមានខ្យល់អាកាសល្អ ហើយយើងអាចនឹងនរចិត្តធ្វើការ”។

វប្បធម៌ជាងរ៉ែ - តម្លៃនិងការតម្រង់ទិសនៅក្នុងរយៈពេលសមាហរណកម្ម - ảnh 2ផលិតកម្មធ្យូងថ្មមានលក្ខណៈពិសេសដោយឡែក គឺពោរពេញទៅដោយការលំបាក មានជាតិពុលនិងគ្រោះថ្នាក់ (រូបថត៖  tapchicongthuong.vn)

ភាគច្រើននៃអ្នករុករករ៉ែនៅវៀតណាមរហូតមកដល់ពេលនេះគឺមកពីតំបន់ជនបទនិងកសិករ។ ដូច្នេះ វប្បធម៌ធ្យូងថ្មត្រូវពោរពេញទៅដោយវប្បធម៌ភូមិស្រុក។ ដំណើរការផលិតកម្ម របស់កម្មាភិបាល និយោជិកនិងកម្មករនៅក្នុងអណ្តូងរ៉ែ ច្រើនតែសហការនិងផ្លាស់ប្តូរបទពិសោធន៍ឬវិធីសាស្រ្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសជាច្រើននៅលើពិភពលោក។ ដោយហេតុនេះវាចូលរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសក្រៅ។

សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មរ៉ែជាតិវៀតណាមបានអនុវត្តគម្រោង “ពង្រីកប្រពៃណីវប្បធម៌របស់ជាងរ៉ែក្នុងយុគសម័យថ្មី”។ គម្រោងនេះបញ្ជាក់ពីលក្ខណៈដោយឡែកនៃវប្បធម៌ធ្យូងថ្មបើប្រៀបធៀបទៅនឹងផ្នែកដទៃទៀត។ លោកបណ្ឌិត Nhac Phan Linh អនុប្រធានវិទ្យាស្ថានកម្មករសហជីព និងជាអនុប្រធានគម្រោងនេះបានឲ្យដឹងថា៖ “វប្បធម៌ជាងរ៉ែគឺជាវប្បធម៌មួយក្នុងចំណោមវប្បធម៌គ្រឹះ ដែលក្នុងនោះបង្កប់ស្មារតីនិងតម្លៃប្រពៃណី គួបផ្សំនឹងទ្រឹស្តីនៃវណ្ណៈកម្ម ចលនាកម្មករក្នុងប្រវត្តិសាស្ត្រ ដែលបានរួមចំណែកនៅគ្រប់សម័យកាលនៃបដិវត្តរបស់វៀតណាមងរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ នៅពេលដែលរចនាប័ទ្មឧស្សាហកម្មកំពុងត្រូវបានជំរុញឱ្យខ្ពស់ គឺស្មារតីនៃវិន័យនិងស្រុះស្រួលគ្នានៃវិស័យធ្យូងថ្មគឺមានសមត្ថភាពរីកសាយភាយដល់ផ្នែកទាំងអស់។ ចាប់តាំងពីនោះមក បានក្លាយជាសសរស្តម្ភមួយក្នុងការប្រើប្រាស់តម្លៃវប្បធម៌ ដើម្បីបង្កើនផលិតភាពការងារនិងរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ”។

ប្រពៃណីដ៏រុងរឿងនៃចលនាកម្មកររ៉ែនិងការចូលរួមវិភាគទានរបស់កម្មករផ្នែកធ្យូងថ្មបានជំរុញបុព្វហេតុនៃការកសាងវណ្ណៈកម្មករនិងរៀបចំអង្គការសហជីពវៀតណាម។ ការអភិរក្សនិងផ្សព្វផ្សាយប្រពៃណីវប្បធម៌របស់ជាងរ៉ែក្នុងយុគសម័យថ្មីៗ បានចូលរួមចំណែកដល់ការពង្រឹងនិងលើកស្ទួយម៉ាកយីហោរបស់សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មនិងរ៉ែរបស់វៀតណាម កសាងផ្នែកធ្យូងថ្មវៀតណាមឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ