អភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មបន្ទះឈីប semiconductor របស់វៀតណាម
(VOVWORLD) - យុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រហូតដល់ឆ្នាំ ២០៣០ បានកំណត់បច្ចេកវិទ្យាផលិតបន្ទះឈីប microcontroller និងគ្រឿងបន្លាស់ semiconductor ជាបច្ចេកវិទ្យាស្នូលមួយ ដែលតម្រង់ទិសសម្រាប់ការអភិវឌ្ឍក្នុងទសវត្សរ៍ខាងមុខ ជាមួយនឹងគោលដៅរបស់ឧស្សាហកម្ម semiconductor គឺសម្រេចបានពី ២០ ដលើ៣០ ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ និងក្លាយជាម្ចាស់បច្ចេកវិទ្យាពីបរទេសចូលមកវៀតណាម។ ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវការវិស្វករយ៉ាងតិច ៥ម៉ឺននាក់នៅឆ្នាំ ២០៣០ ពោលគឺច្រើនជាង ១០ ដងនៃចំនួនបច្ចុប្បន្ន ដើម្បីអាចមានទីតាំងនៅលើផែនទី semiconductor ពិភពលោក។ ដូច្នេះហើយ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor គឺជាអាទិភាពកំពូល។
ឧស្សាហកម្ម semiconductor កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ដោយទំហំទីផ្សារពិភពលោកឈានដល់ជាង ៥២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។ នៅចំពោះមុខឱកាសដ៏ធំ នាខែកញ្ញាកន្លងមក រដ្ឋាភិបាលបានអនុម័តកម្មវិធី “អភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មអេឡិចត្រូនិករហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០”។ លោក Dao Trong Do ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា៖ “រដ្ឋាភិបាលមានបំណងបង្កើតមជ្ឈមណ្ឌលចំនួន ៣ ប្រចាំតំបន់ទាំង ៣ សម្រាប់សាកលវិទ្យាល័យក្នុងតំបន់សិក្សាពីបច្ចេកវិទ្យាថ្មីៗ។ ទីពីរ សាងសង់ក្នុងដំណាក់កាលដំបូងសាលាប្រហែល ៤៥ កន្លែង ដោយបានជ្រើសរើសមិនត្រឹមតែសម្រាប់បណ្តុះបណ្តាលធនធានមនុស្សដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមស្តង់ដារក្នុងតំបន់ និងអន្តរជាតិទៀតផង”។
ខ្សែសង្វាក់ផលិតម៉ែត្រអេឡិចត្រូនិចត្រូវ។ រូបថត៖ Ngoc Ha/TTXVN |
រហូតមកដល់បច្ចុប្បន្ន វៀតណាមមានសហគ្រាសប្រមាណ ៥០ ដែលផ្តល់សេវាកម្មរចនា IC ដែលភាគច្រើនជាសហគ្រាស FDI (ទុនវិនិយោគផ្ទាល់ពីបរទេស) ក្នុងឧស្សាហកម្ម IC semiconductor មកពីបណ្តាប្រទេស និងតំបន់អភិវឌ្ឍន៍ដូចជា៖ អាមេរិក កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ (ចិន) ហូឡង់... ជាមួយនឹងកម្លាំងពលករជាវិស្វករប្រហែលជិត ៥.០០០នាក់។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏បានចាប់ផ្តើមចូលទីផ្សារផងដែរ ដូចជា Viettel, FPT, VNChip ជាដើម។ តាមគម្រោង ក្នុងឆ្នាំនេះ ឧស្សាហកម្ម semiconductor របស់វៀតណាមនឹងលើសពីតម្លៃ ៦,៦ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ដើម្បីចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងគ្រប់ដំណាក់កាលនៃឧស្សាហកម្ម semiconductor អាជីវកម្មវៀតណាមខ្លួនឯង ក្រៅពីការឧបត្ថម្ភរបស់រដ្ឋាភិបាល ក៏កំពុងបង្កើតធនធានមនុស្សជាបន្ទាន់ ដើម្បីចៀសវាងការខកខានឱកាសក្នុងវិស័យនេះ។ ជាពិសេស សាលារៀននិងអាជីវកម្មសម្របសម្រួលយ៉ាងសកម្មដើម្បីឱ្យមានក្រុមវិស្វករដែលមានសមត្ថភាពខ្ពស់។ លោក Tran Trung Tinh ប្រធានសាកលវិទ្យាល័យ Can Tho បានចែករំលែកថា៖ “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការអញ្ជើញធុរកិច្ចមកសាលារបស់យើង ដើម្បីបណ្តុះបណ្តាលវគ្គដែលអាជីវកម្មចង់បាននិងត្រូវការផង។ សិស្សានុសិស្សត្រូវសិក្សាទាំងកម្មវិធីរបស់សាលាផង និងកម្មវិធីអាជីវកម្មក្នុងពេលតែមួយផង ហើយពេលពួកគេបញ្ចប់ការសិក្សា ពួកគេអាចទទួលបានការងារភ្លាមៗ”។
លោក Tran Trung Tinh ប្រធានសាកលវិទ្យាល័យ Can Tho។ |
មជ្ឈមណ្ឌលជាតិនវានុវត្តន៍ (NIC) ចំណុះក្រសួងផែនការនិងវិនិយោគ ក៏រៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ ជាមធ្យមក្នុងមួយឆ្នាំៗ បណ្តុះបណ្តាលវិស្វករប្រហែល ៥០០-៦០០ នាក់ក្នុងវិស័យមីក្រូឈីប បន្ទះឈីប semiconductor និងផ្តល់អាហារូបករណ៍ដល់និស្សិត និងវិស្វករដែលមានទេពកោសល្យ។ កម្មវិធីទាំងនេះត្រូវបានអង្គភាពអាជីវកម្មវាយតម្លៃខ្ពស់ ដោយមិនត្រឹមតែកត់សម្គាល់ការខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការរចនាមីក្រូឈីបប៉ុណ្ណោះទេ ថែមទាំងជាជំហានដ៏សំខាន់ក្នុងដំណើរនៃការធ្វើជាម្ចាស់នៃបច្ចេកវិទ្យាបន្តិចម្តងៗ សម្រាប់ប្រជាជនវៀតណាមក្នុងឧស្សាហកម្មនេះ។ លោក Trinh Khac Hue អគ្គនាយកក្រុមហ៊ុន Qorvo Vietnam បានអះអាងថា៖ “កម្មវិធីបណ្តុះបណ្តាលគឺច្បាមជាប់នឹងតម្រូវការជាក់ស្តែងរបស់អង្គភាពអាជីវកម្ម។ ពីទីនោះ បន្ទាប់ពីដំណើរការបណ្តុះបណ្តាល វិស្វករអាចចូលរួមក្នុងឧស្សាហកម្ម semiconductor ក្នុងប្រទេសបានភ្លាមៗ”។
ដើម្បីមានកម្លាំងពលកម្មដែលមានគុណភាពខ្ពស់សម្រាប់បំពេញតម្រូវការរបស់សាជីវកម្មបច្ចេកវិទ្យា ឈានមុខគេរបស់ពិភពលោក ក៏ដូចជាកសាងឧស្សាហកម្ម semiconductor ក្នុងប្រទេស វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយប្តេជ្ញាថា នឹងខិតខំដើរឆ្ពោះទៅមុខឆ្ងាយក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ជាពិសេស ឧស្សាហកម្ម semiconductor និងសិប្បនិម្មិត អាចដំណើរការជាមួយគ្នាដោយបង្កើតខ្សែសង្វាក់តម្លៃរឹងមាំ។ បណ្ឌិត Tran The Son សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវៀតណាម-កូរ៉េខាងត្បូងបានឲ្យដឹងថា៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្តុះបណ្តាលមានសារៈសំខាន់ណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ យើងអាចទទួលបានបច្ចេកវិទ្យា និងអ្នកជំនាញឈានមុខគេក្នុងវិស័យនេះ។ ក្រៅពីលើគោលនយោបាយរបស់រដ្ឋាភិបាលនិងអាជ្ញាធរតំបន់ យើងក៏អាចផ្តល់ជំនួយជាថ្លៃសិក្សាឬបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការសិក្សាលើឧស្សាហកម្មនេះ”។
យោងតាមអ្នកជំនាញជាច្រើន ប្រជាជនវៀតណាមមានគុណសម្បត្តិយ៉ាងធំធេងលើធនធានមនុស្ស ដោយមានទេពកោសល្យផ្នែកគណិតវិទ្យា វិស្វកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ (STEAM)។ ទាំងនេះគឺជាកត្តាមូលដ្ឋានក្នុងការផលិតនិងការរចនាបន្ទះឈីប semiconductor។
វៀតណាមបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យរចនា និងផលិតផ្នែករឹងមីក្រូឈីប បណ្ដុះបណ្ដាលអង្គភាពអាជីវកម្មលើវិស័យមីក្រូឈីបអេឡិចត្រូនិច ដោយសម្រេចបាននូវគោលដៅថា ដល់ឆ្នាំ ២០៥០ វៀតណាមនឹងមានក្រុមធនធានមនុស្សខ្លាំងចូលរួមខ្សែសង្វាក់តម្លៃឧស្សាហកម្ម semiconductor សកលជាពុំខាន៕