លក្ខណៈវិសេសវិសាលក្នុងសំលៀកបំពាក់របស់ជនជាតិ Xa Phang

(VOVWORLD) - ជនជាតិ Xa Phang ជាជន ជាតិភាគតិចមួយនៅស្រុក Tua Chua ខេត្ត Dien Bien។ ជនជាតិនេះរស់នៅភូមិ Ta Xin Thang ឃុំ Ta Xin Thang។ តាមរយៈដំណើរការអភិវឌ្ឍន៍ ជនជាតិភាគតិច Xa Phang នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ខ្លួន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍។ ស្ត្រីម្នាក់ៗចេះដេរនិងប៉ាក់ដោយខ្លួនឯង ដោយរក្សាសម្រស់ប្រពៃណីតាមរយៈសំលៀកបំពាក់ជនជាតិរបស់ខ្លួន។

លក្ខណៈវិសេសវិសាលក្នុងសំលៀកបំពាក់របស់ជនជាតិ Xa Phang - ảnh 1អ្នកស្រី  Lo Seo Phan ភូមិ Then Pa បង្ហាញសំលៀកបំពាក់របស់ជនជាតិ Xa Phang  (រូបថត៖ កាសែត Dien Bien Phu)

ពេលទំនេរពីការងារ អ្នកស្រី Oang Vu Xuyen ក៏ដូចស្ត្រីផ្សេងទៀតនៅក្នុងភូមិ Ta Xin Thang ដែរតែងតែឧស្សាហ៍ព្យាយាមជាមួយម្ជុល និងអំបោះដើម្បីដេរស្បែកជើង  ឬអាវប្រពៃណីរបស់ជនជាតិ។ ប្រជាជន Xa Phan ចូលចិត្តពណ៌ភ្លឺ ដូច្នេះអាវរបស់ពួកគេមើលទៅទាក់ទាញភ្នែកណាស់។

“ខ្ញុំកំពុងដេរអាវរបស់ក្រុមជនជាតិ Xa Phang។ ការប៉ាក់នេះត្រូវចំណាយពេល ១០ ថ្ងៃទើបបង្ហើយអាវមួយ។ នេះគឺជាអាវរបស់ស្ត្រី។ ខ្ញុំប៉ាក់ផ្កាលើអាវ ដោយប្រើពណ៌ផ្កាឈូក ពណ៌ខៀវ និងពណ៌ស។ ចំណែកអាវរបស់បុរសវិញ មានតែពណ៌ស និងខ្មៅប៉ុណ្ណោះ”។

អាវរបស់ស្ត្រីត្រូវបានដេរជារចនាប័ទ្មកមូលដោយរឹបរាងកាយ។ លើសពីនេះ ក្បូរក្បាច់លម្អិតនៃលំនាំនីមួយៗក៏ត្រូវសិល្បការិនីឌិនអង្កាំប្រាក់តូចៗ ដោយបាតដៃយ៉ាងប៉ិនប្រសប់របស់ខ្លួនដើម្បីបង្កើនភាពស្រស់ស្អាតដ៏ថ្លៃថ្នូនៃសម្លៀកបំពាក់។ អ្នកស្រី Oang Lung Xenh ភូមិ Ta Xin Thang បានឲ្យដឹងថា៖  “ក្រឡេកទៅមើលអាវនេះ គឹនឹងដឹងថា អាវនេះសម្រាប់យុវវ័យ។ ក្មេងស្រីដែលមានអាយុពី ១៥ ទៅ ៣០ ឆ្នាំតែងតែពាក់អាវចម្រុះពណ៌។ មនុស្សវ័យចំណាស់ និងមនុស្សវ័យកណ្តាលពាក់ពណ៌តែមួយ ឧទាហរណ៍ពណ៌ខ្មៅ ហើយមិនដែលប្រើពណ៌ភ្លឺទេ។ ប៉ុន្តែសម្រាប់យុវវ័យពណ៌កាន់តែ ឆើតឆាយកាន់តែមានភាពពេញចិត្ត។ តាមរយៈសម្លៀកបំពាក់ មនុស្សម្នាក់ក៏អាចដឹងថា នារីណាដែលមិនទាន់រៀបការ និងនារីណាដែលបានរៀបការហើយដែរ”។

ផ្ទុយពីសំលៀកបំពាក់របស់ស្ត្រី សំលៀកបំពាក់ប្រពៃណីរបស់បុរស Xa Phang គឺមានភាពសាមញ្ញណាស់ រួមទាំងខោនិងអាវផងហើយពណ៌គឺស្រេចតែចិត្ត។  អាវត្រូវបានដេរពីក្រណាត់ពណ៌តែមួយនិងខោមានពណ៌ខ្មៅ។ អាវក៏អាចលាយជាមួយក្រណាត់ពណ៌ផ្សេងទៀតដើម្បីធ្វើឡេវអាវ។ ចំណុចពិសេសរបស់អាវបុរសគឺជួរឡេវអាវ ដែលមានឡេវបត់ក្រាស់ជាច្រើន។ ឡេវអាវក៍ត្រូវបានធ្វើឡើងដោយដៃទាំងស្រុង”។

ចំណុចលេចធ្លោមួយទៀតនៅក្នុងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Xa Phang គឺស្បែកជើងប៉ាក់ដោយខ្លួនឯង។ នេះក៏ជាវិធីមួយដើម្បីចំណាំក្រុមជនជាតិ Xa Phang ជាមួយជនជាតិដ៏ទៃ។ នៅឆ្នាំ ២០២១ អាជីពផលិតស្បែកជើងប៉ាក់របស់ជនជាតិ Xa Phang ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ស្បែក ជើងរបស់ជនជាតិ Xa Phang ឱបជើងយ៉ាងជិត ហើយត្រូវបានប៉ាក់ដោយលំនាំដ៏ចាប់អារម្មណ៍ និងទាក់ទាញភ្នែក។ លោកស្រី Oanh Lu Sen មកពីក្រុមជនជាតិភាគតិច Xa Phang បានចែករំលែកថា៖ “លំនាំលើស្បែកជើង គឺជាលំនាំដែលដូនតាយើងបន្សល់ទុកមក។ ប៉ុន្តែឥឡូវ ជំនាន់វ័យក្មេងមានគំនិតច្នៃប្រឌិតជាង។ អាស្រ័យលើចំណង់ចំណូលចិត្តរបស់ខ្លួន បានជាពួកគេអាចបង្កើតគំរូក្បូរក្បាច់ដ៏ស្រស់ស្អាតជាងមុន។ ជំនាន់មុនកាត់ផ្កាយ៉ាងសាមញ្ញ ប៉ុន្តែឥឡូវនេះ ការកាត់ផ្កាគឺល្អិតល្អន់ជាងមុនឆ្ងាយដែរ”។

លក្ខណៈវិសេសវិសាលក្នុងសំលៀកបំពាក់របស់ជនជាតិ Xa Phang - ảnh 2ប្រជាជន Xa Phan នៅបណ្តាឃុំនានាក្នុងខេត្ត Dien Bien នៅតែដេរស្បែកជើងដោយដៃរ  (រូបថត៖ VOV)

បាតស្បែកជើងរបស់ជនជាតិ Xa Phang ធ្វើពីស្រទបឫស្សី ហើយស្អិតជាប់ជាស្រទាប់ជាច្រើនដោយកាវធ្វើពីដំឡូងឆៅព្រៃ រួចកាត់ឱ្យសមនឹងជើងរបស់មនុស្សម្នាក់ៗ ហើយដេរភ្ជាប់ក្រណាត់មួយស្រទាប់បន្ថែមទៀតនៅខាងក្រៅ។ ថាតើស្បែកជើងរឹងមាំឬអត់ អាស្រ័យថា ស្បែកជើងនោះដេររឹងមាំឬអត់។ អំបោះសម្រាប់ដេរស្បែកជើងត្រូវបានផលិតចេញពីសំបក ឈើដែលដុះនៅក្នុងព្រៃហើយត្រូវបានកែច្នៃយ៉ាងល្អិតល្អន់។ ដើម្បីឲ្យស្បែក ជើងជាប់និងធន់ ជាងតែងតែដេរភ្ជាប់ខ្សែឆ័ត្រយោងបន្ថែមនៅខាងក្រោម។ ស្រទាប់ស្បែកជើងជារឿយៗប្រើក្រណាត់បោះពុម្ពផ្កា។ លោកស្រី Oang Lung Xenh ប្រជាជននៅឃុំ Ta Xin Thang បានឲ្យដឹងថា៖ “ស្បែកជើងមានបីប្រភេទ។ ស្បែកជើងបុរសវ័យក្មេង ស្បែកជើងមនុស្សចាស់ បន្ទាប់មកស្បែកជើងកុមារ។ កុមារក៏អាស្រ័យលើប្រភេទស្បែកជើងនីមួយៗផងដែរ។ ចាប់ពីអាយុ ៣ឆ្នាំ គឺនឹងចាប់ផ្តើមពាក់ស្បែកជើង។ ចំណែកក្មេងស្រីចាប់ពីអាយុ១ឆ្នាំឡើងមានស្បែកជើងសម្រាប់ចងផ្អោបជើង។ ស្បែកជើងបុរសមានផ្កាច្រើនប្រភេទ។ នៅអាយុកណ្តាលផ្កាគឺ សាមញ្ញ។ មនុស្សវ័យក្មេងមានផ្កាកាន់តែច្រើន។ ជាធម្មតា អ្នកអាចប្រាប់ដោយមើលស្បែកជើងរបស់អ្នកថា តើអ្នករៀបការហើយឬនៅ”។

សិប្បកម្មដេរស្បែកជើង ឬអាវរបស់ជនជាតិ Xa Phang ត្រូវបានអនុវត្ត និងឆ្លងកាត់ក្នុងគ្រួសារ និងសហគមន៍ មិនត្រឹមតែផ្តល់ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារអំពីរបៀបរស់នៅប្រកបដោយភាពវិជ្ជមាន ការប្រឹងប្រែង ភាពអត់ធ្មត់ និងការតស៊ូរបស់ជនជាតិ Xa Phang ផង។

ត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ស្បែកជើងប៉ាក់ផ្កា ឬសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិច Xa Phang នៅភូមិ Ta Xin Thang ស្រុក Tua Chua មិនត្រឹមតែជារបស់របរប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាស្នាដៃសិល្បៈដ៏ប្រណិត និងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ក្រុមជនជាតិភាគតិច Xa Phang នៅខ្ពង់រាបថ្ម Tua Chua ទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ