AFC Asian Cup ២០២៣៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកសរសើរក្រុមបាល់ទាត់វៀតណាមបន្ទាប់ពីការប្រកួតបើកឆាក
(VOVWORLD) - ក្រុមបាល់ទាត់វៀតណាមបានបង្ហាញពីវិធីលេងយ៉ាងរឹងមាំ និងក្លាហានក្នុងការប្រកួតបើកឆាកកាលពីយប់ថ្ងៃទី ១៤ ខែមករា នៅប្រទេសកាតា ក្នុងក្របខ័ណ្ឌនៃការប្រកួតបាល់ទាត់ជើងឯកអាស៊ី (AFC Asian Cup)។ បើទោះបីជាចាញ់ក្រុមបាល់ទាត់ជប៉ុនក្នុងលទ្ធផល ២-៤ ក៏ដោយ ក៏ក្រុមវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនដល់អ្នកជំនាញនិងអ្នកគាំទ្រ។
ប្រព័ន្ធផ្សព្វផ្សាយអាស៊ីជាច្រើនបានសរសើរក្រុមបាល់ទាត់វៀតណាម។ កាសែតជប៉ុន Chunichi បានផ្តល់ស្ថិតិថា៖ អស់រយៈពេល ៤ ឆ្នាំនិង ១ខែហើយទើបក្រុមជប៉ុនត្រូវបានស៊ុតបញ្ចូលទីចំនួ ២ គ្រាប់ឬច្រើនជាងក្នុងតង់ទីមួយ។ លើកចុងក្រោយដែលជប៉ុនបានចាញ់ ២ គ្រាប់ឬច្រើនជាងក្នុងតង់ទីមួយគឺនៅការប្រកួតមិត្តភាពចាញ់ក្រុម Venezuela ១-៤ កាលពីខែវិច្ឆិកា ២០១៩។
Dinh Bac (លេខ ១៥ ) ប្រកួតបាល់ជាមួយកីឡាករជប៉ុន។ រូបថត៖ Hoang Linh/TTXVN កាតា |
កាសែត Osen របស់កូរ៉េខាងត្បូង បានសរសេរថា ទោះបីជាចាញ់ក៏ដោយ ក៏វៀតណាមបានបង្ហាញកម្លាំងរបស់ខ្លួនដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ទល់នឹងជប៉ុន ជាក្រុមដែលមានចំណាត់ថ្នាក់ FIFA ខ្ពស់ជាងគេនៅអាស៊ី។
គេហទំព័រកីឡា ESPN Asia បានសរសេរថា ក្រុមវៀតណាមមានភាពក្លាហាន ដោយបង្ខំឱ្យគូប្រគួតខ្លាំងជាង ត្រូវដេញតាមពិន្ទុជាមួយពួកគេ។
ទន្ទឹមនឹងនោះ កាសែត Siam Sport របស់ថៃបានសរសេរថា អ្នកគាំទ្រថៃសរសើរស្មារតីប្រកួតរបស់ក្រុមវៀតណាមទល់នឹងជប៉ុន។ ការប្រកួតនេះមានភាពរំភើបជាងការរំពឹងទុក។ បើទោះបីជាពួកគេចាញ់ក្នុងលទ្ធផល ២-៤ ក៏ដោយ ប៉ុន្តែស្មារតីលេងរបស់វៀតណាមគឺជាគំរូមួយ។ កីឡាករថៃត្រូវការលេងឱ្យបានហ្មត់ចត់ក្នុងការប្រកួត Asian Cup ឆ្នាំ២០២៣៕