AstraZeneca សន្យាជំរុញខ្លាំងការផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យលោកអគ្គនាយក AstraZeneca យកចិត្តទុកដាក់ដល់ការពន្លឿនដំណើរការផ្ទេរប្រគល់វ៉ាក់សាំងដល់វៀតណាម ដែលដំបូងបង្អស់គឺសម្រេចការសន្យាផ្ទេរវ៉ាក់សាំងចំនួន៨លានដូសក្នុងខែសីហា ព្រមទាំងខិតខំប្រឹងប្រែងសម្រេចកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាមរហូតដល់ចុងឆ្នាំ២០២១ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca។ (រូបថត៖ VNA) |
នារសៀកថ្ងៃទី១៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោក Pascal Soriot។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ AstraZeneca ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ លើទូទាំងពិភពលោកក៏ដូចជាក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅវៀតណាមផងដែរ។
ក្នុងបរិបទដែលជម្ងឺរាតត្បាតបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានដាក់ចេញការប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង នាំវ៉ាក់សាំងមកវៀតណាមក្នុងបរិមាណច្រើនបំផុត និងក្នុងពេលឆាប់បំផុត ដើម្បីដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យលោកអគ្គនាយក AstraZeneca យកចិត្តទុកដាក់ដល់ការពន្លឿនដំណើរការផ្ទេរប្រគល់វ៉ាក់សាំងដល់វៀតណាម ដែលដំបូងបង្អស់គឺសម្រេចការសន្យាផ្ទេរវ៉ាក់សាំងចំនួន៨លានដូសក្នុងខែសីហា ព្រមទាំងខិតខំប្រឹងប្រែងសម្រេចកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាមរហូតដល់ចុងឆ្នាំ២០២១ផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ AstraZeneca ពិចារណា ពិភាក្សាជាមួយប្រទេសផ្សេងៗដើម្បីបង្កលក្ខណៈឲ្យវៀតណាមបានខ្ចីវ៉ាក់សាំង ឬផ្ទេរចំនួនវ៉ាក់សាំងដែលគេមិនទាន់មានតម្រូវការប្រើប្រាស់ដល់វៀតណាមវិញ។ ទន្ទឹមនឹងនោះ ពន្លឿនកិច្ចសន្យាវ៉ាក់សាំងសម្រាប់កុមារ អ្នកមានអាយុក្រោម១៨ឆ្នាំ អ្នកមានហានិភ័យខ្ពស់ និងជម្ងឺរាំរ៉ៃ ផងដែរ។
ឆ្លើយតបនឹងសំណើររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អគ្គនាយក AstraZeneca លោក Pascal Soriot សន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងត្រឹមត្រូវតាមផែនការ ហើយនឹងខិតខំប្រឹងប្រែងផ្ដល់ច្រើនជាងចំនួនដែលបានសន្យាតាមរយៈយន្តការ Covax ប្រភពផ្គត់ផ្គង់ដោយផ្ទាល់ពីសម្ព័ន្ធក្រុមហ៊ុននិងប្រភពផ្សេងៗទៀត។ នាពេលខាងមុខ AstraZeneca នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបនឹងសំណើររបស់វៀតណាម ព្រមទាំងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ អាជីវកម្ម និងផ្ទេរប្រគល់បច្ចេកវិទ្យានៅវៀតណាមផងដែរ៕