AU ពិភាក្សាអំពីវិបត្តិនៅប្រទេសនីហ្សេ
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែសីហា សហភាពអាហ្វ្រិក (AU) បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីវិបត្តិនៅប្រទេសនីហ្សេ។ នៅលើវេទិកាសង្គម X (កាលពីមុនគឺ Twitter) AU បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិភាពនិងសន្តិសុខបានជួបប្រជុំគ្នា ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៅប្រទេសនីហ្សេ ហើយបានពិភាក្សាអំពីវិធីដោះស្រាយវិបត្តិនេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការរបស់ AU នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ដោយមានការចូលរួមពីប្រធានគណៈកម្មាធិការ AU លោក Moussa Faki Mahamat ជាមួយតំណាងប្រតិភូមកពីប្រទេសនីហ្សេ និងសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS)។
កងកម្លាំងសន្តិសុខនីហ្សេ បំបែកក្រុមបាតុករគាំទ្រពលប្រហារដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតបារាំង។ ប្រភព៖ Reuters |
នាថ្ងៃដដែលនោះ ECOWAS បានប្រកាសពីការប្រឆាំងជំទាស់នឹងផែនការរបស់របបយោធានីហ្សេ ក្នុងការកាត់ទោសប្រធានាធិបតី Mohamed Bazoum ពីបទក្បត់ជាតិ ដោយព្រមានថា នេះគឺជាសកម្មភាពបង្ករឿងហេតុដ៏គ្រោះថ្នាក់ និងផ្ទុយទៅនឹងស្មារតីនៃការត្រៀមខ្លួនធ្វើកិច្ចសន្ទនាដែលរបបយោធានីហ្សេបាននាំចេញមួយថ្ងៃមុននោះ។ ECOWAS បញ្ជាក់ពីគោលជំហររបស់ខ្លួនដែលនៅតែចាត់ទុកលោក Bazoum ជាមេដឹកនាំស្របច្បាប់របស់នីហ្សេផងដែរ។ ការព្រមានពីបណ្តាប្រទេសអាហ្វ្រិកខាងលិច បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរបបយោធានីហ្សេបានប្រកាសថា ខ្លួននឹងកាត់ទោសប្រធានាធិបតី Mohamed Bazoum ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ បំផ្លិចបំផ្លាញសន្តិសុខជាតិ។
ទាក់ទិននឹងលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាចូលប្រទេសនីហ្សេ ប្រព័ន្ធផ្សព្វផ្សាយប្រទេសនីហ្សេរីយ៉ាដែលកាន់តំណែងជាប្រធាន ECOWAS បានឲ្យដឹងថា កងទ័ពនីហ្សេរីយ៉ាបានចាប់ផ្តើមប្រមូលផ្តុំកម្លាំង និងសម្ភារៈបរិក្ខារ ត្រៀមរៀបចំសម្រាប់សេណារីយ៉ូធ្វើអន្តរាគមន៍យោធាចូលប្រទេសនីហ្សេ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសសមាជិកសំខាន់ចំនួនពីររបស់ ECOWAS គឺអាល់ហ្សេរី និងសាធារណរដ្ឋឆាដ បានប្រកាសប្រឆាំងជំទាស់និងមិនចូលរួមការធ្វើអន្តរាគមន៍យោធាចូលប្រទេសនីហ្សេឡើយ។ ជាពិសេស ប្រទេសចំនួនពីរដែលត្រូវបានព្យួរសមាជិកភាព ECOWAS គឺម៉ាលី និង Burkina Faso បានប្រកាសថា រាល់ការធ្វើអន្តរាគមន៍ចូលប្រទេសនីហ្សេ គឺជាសេចក្តីប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសទាំងពីរនេះ៕