Bac Ninh ខិតខំក្លាយជាទីក្រុងមួយដែលមានឧស្សាហកម្មទំនើបនិងបច្ចេកវិទ្យាខ្ពស់នៅឆ្នាំ២០៣០
(VOVWORLD) - បន្តកម្មវិធីក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Ninh នារសៀលថ្ងៃ ទី៣០ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Bac Ninh ដើម្បីវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តនាពេលកន្លងមក ហើយកំណត់ទិសដៅ និងភារកិច្ចនាពេលខាងមុខ។
ទិដ្ឋភាពនៃជំនួបធ្វើការ។ |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Bac Ninh ចាំបាច់ត្រូវពង្រីកយ៉ាងអតិបរមានូវសក្ដានុពលដ៏ខុសប្លែក ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ខេត្ត ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍន៍ដែលបានកំណត់។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា Bac Ninh គួរតែបន្តយកចិត្តទុកដាក់លើការកែលំអបរិយាកាសវិនិយោគ អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង ហើយចាត់ទុកនេះជាភារកិច្ចនយោបាយដែលត្រូវផ្ដោតអាទិភាពដើម្បីអនុវត្តន៍។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Bac Ninh យកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម; ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ ទន្ទឹមនឹងនោះ ជំរុញសម្ព័ន្ធក្រុមហ៊ុនធំៗ ដែលមានម៉ាកយីហោល្បីល្បាញ ដើម្បីវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលលក់ដូរទំនិញ និងលេងកម្សាន្ត; ឃោសនា ផ្សព្វផ្សាយ ជាពិសេសកម្មវិធី Festival អំពីស្រុកកំណើតនៃចម្រៀង Quan Ho។ បន្តទាក់ទាញយ៉ាងខ្លាំងនូវគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងផលិតកម្មឆ្លាតវៃ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មគាំទ្រ។ កសាង និងគ្រប់គ្រងមណ្ឌលឧស្សាហកម្ម និងចង្កោមឧស្សាហកម្មបៃតង; បន្តអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្ម បង្កើតផលិតផលជាច្រើនជាមួយនឹងម៉ាកយីហោនិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារ៕