BRICSត្រៀម​ខ្លួនសហប្រតិបត្តិការ​​ដើម្បី​បង្កើត​សណ្តាប់​ធ្នាប់​ពិភពលោក​ថ្មី​ដែល​កាន់​តែបរិយាប័ន្ន​ថែម​ទៀត​

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៣ ខែសីហា កិច្ចប្រជុំកំពូលលើកទី ១៥ នៃក្រុមសេដ្ឋកិច្ចរីកចម្រើនទើបលេចចេញ (BRICS) បានបើកនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រមុខរដ្ឋចំនួន៤ នៃប្លុកនេះ រួមមានប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចូលរួមតាមអ៊ីនធឺណែត ពីទីក្រុងម៉ូស្គូ។

ថ្លែងក្នុងពិធីបើកនេះ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពជម្លោះនៅលើពិភពលោកនាបច្ចុប្បន្ន ដោយសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធកំពុងនាំមកនូវការឈឺចាប់ និងទុក្ខវេទនាកាន់តែច្រើនឡើងដល់ប្រជាជននៅជុំវិញពិភពលោក។ លើសពីនេះ ប្រព័ន្ធហិរញ្ញវត្ថុនិងការទូទាត់ជាសកលកំពុងត្រូវបានរំលោភបំពានកាន់តែខ្លាំងឡើង នៅក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនិងការប្រឈមមុខដាក់គ្នា ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Ramaphosa បានសង្កត់ធ្ងន់ថា BRICS បានត្រៀមខ្លួនជាស្រេចដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដែលមានបំណងចង់បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលកាន់តែបរិយាប័ន្នជាង។

ក៏នៅក្នុងសម័យបើកកិច្ចប្រជុំនេះ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាយករដ្ឋមន្ត្រីឥណ្ឌា Narenda Modi និងប្រធានរដ្ឋចិន លោក Xi Jinping បានស្នើយន្តការសហប្រតិបត្តិការថ្មីជាច្រើនក្នុងចំណោមប្រទេសសមាជិក BRICS ក្នុងវិស័យដូចជា លំហអាកាស ការផ្លាស់ប្តូរឌីជីថល ថាមពល ការអប់រំនិងបណ្តុះបណ្តាលជំនាញ សុខភាព មូលដ្ឋានទិន្នន័យ ការផ្លាស់ប្តូរវប្បធម៌ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ មេដឹកនាំទាំង៥រូបក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវពង្រីកការបញ្ចូលសមាជិករបស់ BRICS និងបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មក្នុងប្លុក និងអន្តរជាតិ។

មកទល់ពេលនេះ មានប្រទេសប្រហែល ៤០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាសមាជិក BRICS ដែលក្នុងនោះមានខឿនសេដ្ឋកិច្ចចំនួន ២៣ បានដាក់ពាក្យសុំចូលជាសមាជិកជាផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ