COP២៨ ចាប់ផ្តើមមូលនិធិសំណងលើការខូតខាតដោយការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE) កិច្ចប្រជុំកំពូលលើកទី ២៨ នៃភាគីចូលរួមនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) បានបើកដំណើរការជាផ្លូវការមូលនិធិសំណងសម្រាប់ប្រទេសដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។
មូលនិធិនេះត្រូវបានយល់ព្រមក្នុងកិច្ចព្រមព្រៀងសំខាន់មួយនៅឯសន្និសីទ COP២៧ នៅទីក្រុង Sharm el-Sheikh ក្នុងឆ្នាំ ២០២២។ យោងតាមកិច្ចព្រមព្រៀងនេះ មូលនិធិនឹងមានទីតាំងជាបណ្តោះអាសន្ននៅធនាគារពិភពលោក (WB)។
ប្រធាន COP២៨ លោក Sultan al-Jaber ថ្លែងក្នុងពិធីបើកសន្និសីទ COP២៨ នៅទីក្រុងឌូបៃ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
ប្រធាន COP២៨ នាយកប្រតិបត្តិនៃសាជីវកម្មប្រេងនិងឧស្ម័នជាតិ ADNOC របស់អេមីរ៉ាត់អារ៉ាប់រួម លោក Sultan al-Jaber បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលការសម្រេចចិត្តមួយត្រូវបានអនុម័តនៅថ្ងៃដំបូងនៃសន្និសីទ COP ដោយល្បឿនដែលមិនធ្លាប់មានពីមុនមក។ ប្រធាន COP២៨ បានប្រកាសថា UAE បានសន្យានឹងបរិច្ចាគ ១០០ លានដុល្លារអាមេរិកដល់មូលនិធិខាងលើ។ ប្រទេសមួយចំនួនទៀតក៏បានប្តេជ្ញារួមចំណែកជាថវិកាផងដែរ។ ជាក់ស្តែង ប្រទេសអាឡឺម៉ង់បានរួមវិភាគទានចំនួន ១០០ លានដុល្លារ សហរដ្ឋអាមេរិកបានចូលរួមចំណែក ១៧,៥ លានដុល្លារអាមេរិក ចក្រភពអង់គ្លេសបានបរិច្ចាគចំនួន ៦០ លានផោន (៧៥,៨៨លានដុល្លារអាមេរិក) និងប្រទេសជប៉ុនបានបរិច្ចាគចំនួន ១០ លានដុល្លារ។
ដោយមានប្រធានបទ "ការរួបរួមគ្នា - សកម្មភាព - ប្រសិទ្ធភាព" សន្និសីទ COP២៨ បានបើកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ហើយគ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១២ ខែធ្នូ។ មនុស្សប្រហែល ៧០.០០០ នាក់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១៦០នាក់ រួមជាមួយនឹងអ្នកដឹកនាំធុរកិច្ច អង្គការសង្គម និងបរិស្ថាន អ្នកវិទ្យាសាស្ត្រ និងយុវជនមកពីជុំវិញពិភពលោកបានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕