COP២៨៖ ឆ្នាំនេះអាចក្លាយជាឆ្នាំក្តៅបំផុត ក្នុងរយៈពេលជាង ១០០ពាន់ឆ្នាំ
(VOVWORLD) - ទីភ្នាក់ងារឃ្លាំមើលការប្រែប្រួលអាកាសធាតុ Copernicus (C3S) នៃសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ៦ ខែធ្នូ បានចេញរបាយការណ៍មួយដែលនិយាយថា ឆ្នាំនេះទំនងជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីខែវិច្ឆិកាបានក្លាយជាខែទី ៦ ជាប់ៗគ្នាក្នុងឆ្នាំ២០២៣នេះ ដែលបំបែកកំណត់ត្រាសីតុណ្ហភាព។
ជាក់ស្តែង ខែវិច្ឆិកាឆ្នាំកន្លងទៅ បានបំបែកកំណត់ត្រាសីតុណ្ហភាពនៃខែវិច្ឆិកាកាលពីមុន ដោយបង្កើនសីតុណ្ហភាពជាមធ្យមពិភពលោកក្នុងឆ្នាំនេះឡើង ១,៤៦ អង្សាសេ បើធៀបនឹងសម័យមុនឧស្សាហកម្ម។ ខែវិច្ឆិកាក៏បានកត់សម្គាល់ជាលើកដំបូង មានថ្ងៃចំនួនពីរ ដែលកើនកំដៅចំនួន២ អង្សាសេក្តៅជាងរយៈពេលមុនឧស្សាហកម្ម។
កំដៅខ្លាំងនៅតំបន់ព្រំដែនបូលីវី និងប៉េរូ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
យោងតាម C3S រយៈពេល ១១ ខែដើមឆ្នាំនេះ ឃើញសីតុណ្ហភាពជាមធ្យម ០,១៣ អង្សាសេខ្ពស់ជាងឆ្នាំ ២០១៦ ដែលជាឆ្នាំក្តៅបំផុតតាំងពីមុនមក។ ការកើនឡើងសីតុណ្ហភាពសកលក្នុងឆមាសទីពីរនៃឆ្នាំនេះ ត្រូវបានជឿជាក់ថា បណ្តាលមកពីបាតុភូត El Nino ។ យោងតាមអ្នកវិទ្យាសាស្ត្រ ទិន្នន័យអំពីស្នូលទឹកកក និងរង្វង់ដើមឈើបង្ហាញថា ឆ្នាំនេះក៏អាចជាឆ្នាំក្តៅបំផុតក្នុងរយៈពេលជាង ១០០.០០០ ឆ្នាំកន្លងទៅ។
របាយការណ៍ C3S ត្រូវបានបោះពុម្ពផ្សាយក្នុងបរិបទដែលអ្នកចរចាមកពីប្រទេសជិត ២០០ ដែលចូលរួមសន្និសីទ COP២៨ នៅទីក្រុងឌូបៃ (UAE) កំពុងពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយនៃសេចក្តីព្រាងកិច្ចព្រមព្រៀងរាំងខ្ទប់ការឡើងកំដៅផែនដី។ តាមការគ្រោងទុក សេចក្តីព្រាងកិច្ចព្រមព្រៀងសកម្មភាពអាកាសធាតុខាងលើនឹងត្រូវបានប្រកាសនៅថ្ងៃទី ៦ ខែធ្នូហើយត្រូវបានពិភាក្សាក្នុងបណ្តាការចរចានៃ COP28 រហូតដល់ថ្ងៃទី ១២ ខែធ្នូ៕