COP២៨៖ សន្និសីទអូសបន្លាយរយៈពេលយូរជាងការរំពឹងទុក
(VOVWORLD) - សន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ (UAE) ត្រូវអូសបន្លាយរយៈពេលយូរជាងការរំពឹងទុក នៅវេលាម៉ោង ១១៖០០ ព្រឹកថ្ងៃទី ១២ ខែធ្នូ (ពោលគឺម៉ោង ២ រសៀលថ្ងៃដដែលម៉ោងវៀតណាម)។ មូលហេតុគឺមកពីភាគីដែលចូលរួមក្នុងសន្និសីទ មិនអាចយល់ស្របលើខ្លឹមសារនៃកិច្ចព្រមព្រៀងចុងក្រោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គនាយក COP២៨ លោក Majid Al Suwaidi បានឲ្យដឹងថា ប្រតិភូដែលចូលរួមទាំងអស់មានបំណងចង់បញ្ចប់សន្និសីទត្រូវតាមកាលវិភាគ ប៉ុន្តែក៏មានបំណងចង់សម្រេចបាននូវលទ្ធផលប្រកបដោយមហិច្ឆតាបំផុត ដែលទាក់ទងនឹងបញ្ហាឥន្ធនៈហ្វូស៊ីល។
ពិធីបើក COP២៨ នៅទីក្រុងឌូបៃ UAE កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ។ រូបថត៖ THX/TTXVN |
សំណើ "លុបបំបាត់" ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលបានរួមបញ្ចូលនៅក្នុងសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងសកម្មភាពបម្រែបម្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីព្រាងថ្មីដែលប្រធាន COP២៨ លោក Al Jaber បានដាក់ចេញ បណ្តុំពាក្យ"លុបបំបាត់" មិនត្រូវបានលើកឡើងទេ ប៉ុន្តែជាការ "កាត់បន្ថយ" ការផលិតនិងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដូចជា៖ ប្រេង ឧស្ម័ន ធ្យូងថ្ម ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ ២០៥០។
ប្រតិកម្មទៅនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ ស្នងការទទួលបន្ទុកគោលនយោបាយអាកាសធាតុនៃសហភាពអឺរ៉ុប (EU) លោក Wopke Hoekstra មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងមិនមាន "ទម្ងន់" គ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុនោះទេ។ ចែករំលែកមតិដូចគ្នា តំណាងនៃប្រទេសនិងអង្គការជាច្រើនបានសម្តែងការខកចិត្តដែលសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីនេះ មិនបានលើកឡើងពីការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនោះទេ។ យ៉ាងហោចណាស់មានប្រទេសចំនួន ៨០ បានទាមទារកិច្ចព្រមព្រៀងមួយអំពីការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួនទៀត ដែលភាគច្រើនជាក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ប្រឆាំងជំទាស់នឹងការរួមបញ្ចូលការសន្យាលុបបំបាត់ឥន្ធនៈហ្វូស៊ីលទៅក្នុងកិច្ចព្រមព្រៀងនៅ COP២៨៕