COP២៨ឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីល
(VOVWORLD) - តំណាងប្រទេសជិត ២០០ ដែលចូលរួមសន្និសីទ COP២៨ នៅទីក្រុងឌូបៃ (UAE) នៅថ្ងៃទី ១៣ ខែធ្នូ បានឯកភាពលើកិច្ចព្រមព្រៀងមួយ ដែលក្នុងនោះ ជាលើកដំបូងបានលើកឡើងពីតម្រូវការផ្លាស់ប្តូរថាមពលពីឥន្ធនៈហ្វូស៊ីល។
កិច្ចព្រមព្រៀងនៅ COP២៨ ត្រូវបានសម្រេចបន្ទាប់ពីការចរចារដ៏តឹងតែងអស់រយៈពេលជាង ២ សប្តាហ៍នៅក្នុងសន្និសីទដែលត្រូវអូសបន្លាយរយៈពេល ១ ថ្ងៃយូរជាងការរំពឹងទុក ហើយត្រូវធ្វើវិសោធនកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងជាច្រើនដង។
រោងចក្រថាមពលនៅ Winfield រដ្ឋ West Virginia សហរដ្ឋអាមេរិក។ រូបថត៖ Herald |
នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ (ម៉ោងនៅ UAE) សេចក្តីព្រាងចុងក្រោយត្រូវបានប្រកាស ហើយក្រោយពីការចរចាបន្ថែមជាង ៤ ម៉ោង ភាគីនានាបានអនុម័តជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងនេះ។ ខ្លឹមសារគួរឱ្យកត់សម្គាល់បំផុតនៃកិច្ចព្រមព្រៀង COP២៨ គឺថាភាគីនានាបានប្តេជ្ញា "ផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីលនៅក្នុងប្រព័ន្ធថាមពល ក្នុងរបៀបត្រឹមត្រូវ សណ្តាប់ធ្នាប់ និងយុត្តិធម៌ ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យនៅត្រឹមឆ្នាំ ២០៥០ ស្របតាមវិទ្យាសាស្ត្រ។
មុននោះ COP២៨ បានឃើញការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងក្រុមប្រទេសជាង ១០០ ដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ដោយទាមទារឱ្យ "លុបបំបាត់" ឥន្ធនៈហ្វូស៊ីល ជាមួយនឹងក្រុមប្រទេសនាំចេញប្រេងរ៉ែ និងសម្ព័ន្ធមិត្ត (OPEC+) ដែលមិនទទួលយកសំណើនេះទេ។ ការជ្រើសរើសពាក្យ "ផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈហ្វូស៊ីល" ត្រូវបានចាត់ទុកថា ជាដំណោះស្រាយសម្របសម្រួលរវាងភាគីនានាដែលជួយ COP២៨ជៀសវាងការបរាជ័យ។ ប្រធាន COP២៨ លោក Sultan Al-Jaber បានសាទរថា នេះគឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ៖
“យើងបានប្រឈមមុខនឹងការពិត ហើយបានដាក់ពិភពលោកនៅក្នុងទិសដៅត្រឹមត្រូវ។ យើងបាននាំមកឱ្យពិភពលោកនូវផែនការសកម្មភាពដ៏រឹងមាំមួយ ដោយរក្សាគោលដៅ មិនឲ្យផែនដីឡើងកំដៅលើសពី១,៥ អង្សាសេ ស្ថិតនៅក្នុងចម្ងាយដែលអាចសម្រេចបាន។ នេះជាផែនការដែលដឹកនាំដោយវិទ្យាសាស្ត្រ»។
ក្រៅពីការទាមទារឱ្យមាន "ផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈហ្វូស៊ីល" កិច្ចព្រមព្រៀង COP២៨ ក៏អំពាវនាវឱ្យបណ្តាប្រទេសបង្កើនសមត្ថភាពថាមពលកកើតឡើងវិញសកល ចំនួន៣ដងនៅឆ្នាំ ២០៣០ ទន្ទឹមនឹងនោះពន្លឿនការអនុវត្តបច្ចេកវិទ្យាចាប់យកនិងផ្ទុកកាបូន។ ការបង្កើតគោលនយោបាយជាក់លាក់ដើម្បីអនុវត្តការប្តេជ្ញាក្នុងកិច្ចព្រមព្រៀង COP២៨ នឹងអាស្រ័យលើប្រទេសសមាជិកនីមួយៗ៕