Da Lat និង Hoi An មាន​វត្តមានក្នុងបណ្តាញទីក្រុងនវានុវត្តន៍​របស់ UNESCO

(VOVWORLD) - ទីក្រុង Da Lat និង Hoi An របស់វៀតណាមត្រូវបានចុះបញ្ជីជាទីក្រុងនវានុវត្តន៍ ហើយបានចូលរួមក្នុងបណ្តាញទីក្រុងនវានុវត្តន៍សកល។ ក្នុងនោះ ទីក្រុង Da Lat គឺជាទីក្រុងនវានុវត្តន៍ក្នុងវិស័យតន្ត្រី ហើយទីក្រុង Hoi An គឺជាទីក្រុងនវានុវត្តន៍ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។

 នេះជាព័ត៌មានដែលអគ្គនាយិការអង្គការ UNESCO លោកស្រី Audrey Azoulay បានប្រកាសកាលពីថ្ងៃទី ៣១ ខែតុលា ក្នុងឱកាសទិវាទីក្រុងពិភពលោក។ ក្រៅពីទីក្រុងទាំងពីររបស់វៀតណាម ក៏មានទីក្រុងចំនួន ៥៣ មកពីប្រទេសផ្សេងទៀតដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងបណ្តាញទីក្រុងនវានុវត្តន៍របស់អង្គការ UNESCO (UCCN)ផងដែរ។ ដូច្នេះ មកទល់ពេលនេះ វៀតណាមមានទីក្រុងនវានុវត្តន៍ចំនួន ៣ រួមមាន៖ ហាណូយ Da Lat និង Hoi An។

Da Lat និង Hoi An មាន​វត្តមានក្នុងបណ្តាញទីក្រុងនវានុវត្តន៍​របស់ UNESCO - ảnh 1ប្រជាជនទីក្រុង Hoi An ជិះកង់ដើរដង្ហែតាមដងវិថី ដើម្បីស្វាគមន៍ទីក្រុង Hoi An ចូលរួមបណ្តាញទីក្រុងនវានុវត្តន៍សកល UNESCO។ រូបថត៖ VOV

នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ប្រជាជន សហគមន៍ធុរកិច្ច និងសិប្បករនៃទីក្រុង Hoi An ខេត្ត Quang Nam បានចូលរួមក្បួនដង្ហែរតាមដងវិថី ដើម្បីអបអរសាទរព្រឹត្តិការណ៍ទីក្រុង Hoi An ក្លាយជាសមាជិកជាផ្លូវការនៃបណ្តាញទីក្រុងនវានុវត្តន៍ពិភពលោករបស់អង្គការ UNESCO ក្នុងវិស័យសិប្បកម្មនិងសិល្បៈប្រជាប្រិយ។ ចូលរួមក្បួនដង្ហែនេះ សិប្បករ Huynh Suong មកពីភូមិជាងឈើ Kim Bong សង្កាត់ Cam Kim ទីក្រុង Hoi An បានចែករំលែក៖

“នេះគឺជាកិត្តិយសដ៏ធំធេង មិនត្រឹមតែសម្រាប់សិប្បករប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីក្រុង Hoi An ទាំងមូលទៀតផង។ រូបខ្ញុំផ្ទាល់ និងសិប្បករជាច្រើនគិតថា ទីក្រុង Hoi An ជាបានក្លាយជាសមាជិកផ្លូវការនៃបណ្តាញទីក្រុងនវានុវត្តន៍សកលរបស់អង្គការ UNESCO  គឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារឱ្យសិប្បករមានការខិតខំប្រឹងប្រែងនិងការច្នៃប្រឌិតបន្ថែមទៀត ដើម្បីបំពេញតម្រូវការនិងគោលដៅរបស់ UNESCO” ។

ជាមួយនឹងការបន្ថែមនេះ បណ្តាញទីក្រុងនវានុវត្តន៍សកល នាបច្ចុប្បន្ន មានទីក្រុងចំនួន ៣៥០0 ក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យវិស័យនវានុវត្តន៍ចំនួន ៧ ដូចជា៖ សិប្បកម្មនិងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ