Da Nang រៀបចំឡានក្រុងសហជីពចំនួន ៨៥ជើងដឹកកម្មករទៅស្រុកកំណើតដើម្បីទទួលអំណរបុណ្យតេត
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ កុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍ Da Nang សហភាពពលករទីក្រុង Da Nang បានរៀបចំ “ឡានក្រុងសហជីព” ដឹកកម្មករមានស្ថានភាពលំបាក់វិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យតេត។
ឆ្នាំនេះ សហភាពពលករទីក្រុង Da Nang បានរៀបចំរថយន្តចំនួន ៨៥ ជើងដោយឥតគិតថ្លៃ ដឹកសមាជិកសហជីពនិងពលករចំនួន ៣៤០០ នាក់ដែលមានស្ថានភាពលំបាក វិលត្រឡប់មកស្រុកកំណើតដើម្បីទទួលអំណរបុណ្យតេត។ រថយន្ដទាំងនេះបានចាប់ផ្តើមពីថ្ងៃទី ៣ - ៨ ខែកុម្ភៈ ពីទីក្រុង Da Nang ទៅកាន់ខេត្ត Quang Binh ខេត្ត Nghe An ខេត្ត Thanh Hoa ខេត្ត Binh Dinh ខេត្ត Phu Yen និងតំបន់Tay Nguyen ។
សហភាពពលករទីក្រុង Da Nang បានរៀបចំ “ឡានក្រុងសហជីព” ដឹកកម្មករមានស្ថានភាពលំបាក់វិលត្រឡប់មកស្រុកកំណើតវិញដើម្បីអបអរសាទរបុណ្យតេត។ រូបថត៖ VOV |
លោក Le Xuan Tien គ្រូបង្រៀនម្នាក់ដែលទទួលបានសំបុត្រឡាន បានចែករំលែកថា៖ "នេះគឺជាឆ្នាំទី ៧ហើយ ដែលខ្ញុំទទួលបានការគាំទ្រពីឡានក្រុងសហជីពរបស់សហភាពពលករ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ ទីក្រុង Da Nang បានជួយឧបត្ថម្ភដល់សមាជិកសហជីពនិងកម្មករ។ វាមានអត្ថន័យខ្លាំងណាស់សម្រាប់កូលបុត្រដែលនៅឆ្ងាយពីស្រុកកំណើត។ ពិតជាកក់ក្តៅនិងសុភមង្គលណាស់ ដែលបានវិលត្រឡប់ទៅស្រុកកំណើតជាមួយក្រុមគ្រួសារនៅប៉ុន្មានថ្ងៃបុណ្យតេតនេះ”។
មុននោះ សហភាពពលករទីក្រុង Da Nang ក៏បានប្រគល់អំណោយបុណ្យតេតជាង ២០.០០០ កញ្ចាប់ ដែលមានតម្លៃ ៥០០.០០០ ដុង ជួយឧបត្ថម្ភដល់ពលករមានស្ថានភាពលំបាក ប្រគល់ប័ណ្ណទិញទំនិញជាង ៤០.០០០ សន្លឹក រៀបចំ “ផ្សារណាត់បុណ្យតេតសហជីព” សួរសុខទុក្ខពលករដែលមិនទៅស្រុកកំណើតវិញ ទទួលអំណរបុណ្យតេតនៅតាមក្រុមកម្មករស្វ័យគ្រប់គ្រង និងតំបន់ផ្ទះសំណាក់របស់កម្មករ៕