EU ឈានដល់កិច្ចព្រមព្រៀងស្តីពី​ការចែកចាយអ្នកសុំសិទ្ធិជ្រកកោន

(VOVWORLD) - នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ កាលពីថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងប្រ៊ុចសែល បណ្តាប្រទេសបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យប្រទេសសមាជិកចែករំលែកការងារ ទទួលអ្នកស្វែងរកសិទ្ធិជ្រកកោន ឬរួមវិភាគទានមូលនិធិរួមមួយដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប សម្រាប់ការថែទាំជនចំណាកស្រុក។
EU ឈានដល់កិច្ចព្រមព្រៀងស្តីពី​ការចែកចាយអ្នកសុំសិទ្ធិជ្រកកោន - ảnh 1កងកម្លាំងឆ្មាំជាតិទុយនីស៊ី សង្គ្រោះជនចំណាកស្រុកនៅសមុទ្រមេឌីទែរ៉ាណេ ខែតុលា ឆ្នាំ 2022 ។ រូបថត៖ AFP/VNA

ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ុយអែតលោកស្រីMaria Stenergard អ្នកដឹកនាំការចរចាបានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងនេះ ប្រសិនបើអ្នកសុំសិទ្ធិមិនទទួលបានសិទ្ធិជ្រកកោននៅ EU នោះទេ ពួកគេនឹងត្រូវបានបញ្ជូនត្រលប់ទៅវិញភ្លាមៗ។ បើតាមលោកស្រី Stenergard ប្រទេសដែលមិនមានឆន្ទៈទទួលជនភៀសខ្លួននឹងត្រូវផ្តល់ជំនួយហិរញ្ញវត្ថុ ២០.០០០ អឺរ៉ូក្នុងមនុស្សម្នាក់ ដល់មូលនិធិដែលគ្រប់គ្រងដោយ EU ដើម្បីគាំទ្រជនចំណាកស្រុក។

ទោះជាយ៉ាងណាក៏ដោយ យោងតាមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson បានឲ្យដឹងថា បញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបានបដិសេធនោះនឹងត្រូវបានបញ្ជូនដល់ទីណា គឺជាចំណុចជាប់គាំងដ៏ធំបំផុតក្នុងការចរចា។ លោកស្រី Johansson បាននិយាយថា មិនទាន់មានការសម្រេចចិត្តជាក់ស្តែងទេ ហើយបញ្ហានេះត្រូវការការពិចារណាបន្ថែមទៀត។

នាថ្ងៃដដែលនោះអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាអំពីកំណែទម្រង់បញ្ហាជនចំណាកស្រុកជាមួយសមភាគីអ៊ីតាលី លោកស្រី Giorgia Meloni នៅទីក្រុងរ៉ូម។ លោក Scholz បានអះអាងថា បញ្ហាចំណាកស្រុកអាចដោះស្រាយបានលុះត្រាតែប្រទេសសមាជិករួមសហការគ្នា។ រីឯខ្លួនវិញលោកស្រីMeloniបានបង្ហាញទំនុកចិត្តថា EUនឹងសម្រេចបានកិច្ចព្រមព្រៀងគោលនយោបាយចំណាកស្រុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ