EU និងឥណ្ឌាបានបញ្ចប់វង់ចរចាពាណិជ្ជកម្ម​លើក​ដំបូង

(VOVWORLD) - នាយប់ថ្ងៃទី២ ខែកក្កដា នៅទីក្រុង New Delhi ប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចាលើកដំបូងក្រោយរយៈពេល៩ ឆ្នាំនៃការអាក់ខាន ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី រួមទាំងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) ផងដែរ។
EU និងឥណ្ឌាបានបញ្ចប់វង់ចរចាពាណិជ្ជកម្ម​លើក​ដំបូង - ảnh 1កុងតឺន័រដឹកទំនិញនៅជិតតំបន់កំពង់ផែក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។ (រូបថត៖ AFP/TTXVN)

ការចរចារអូសបន្លាយរយៈពេលមួយសប្តាហ៍កន្លងមកនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នា ក្នុងនោះប្រតិភូមួយចំនួនបានចូលរួមដោយផ្ទាល់នៅទីក្រុង New Delhi និងមន្ត្រីភាគច្រើនចូលរួមតាមប្រព័ន្ធអ៊ីនធឺណេត។ នៅក្នុងវង់ចរចានេះ ភាគីទាំងពីរបានរៀបចំសម័យប្រជុំបច្ចេកទេសចំនួន ៥២លើក ស្តីពីវិស័យគោលនយោបាយចំនួន ១៨ ដែលទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងសម័យប្រជុំចំនួន ៧ ស្តីពីការគាំពារវិនិយោគនិងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និង EU ទទួលបាន ១១៦,៣៦ ពាន់លានដុល្លារអាមេរិក។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់ឥណ្ឌាបន្ទាប់ពីសហរដ្ឋអាមេរិក និងជាទិសដៅធំទី ២ សម្រាប់ផលិតផលនាំចេញរបស់ឥណ្ឌា។

ក្រសួងពាណិជ្ជកម្មឥណ្ឌាបានឲ្យដឹងថា ភាគីទាំងពីរកំពុងឆ្ពោះទៅរកការ ចរចាដ៏ទំហំទូលាយ មានតុល្យភាព លើគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងផលប្រយោជន៍ទៅវិញទៅមក។ តាមការគ្រោងទុក វង់ចរចាលើកទី ពីរនឹងប្រព្រឹត្តិទៅនៅខែកញ្ញាឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ