EU បានឯកភាពផ្តល់ជំនួយយោធាចំនួន ៥ ពាន់លានដុល្លារដល់អ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនា ប្រទេសបែលហ្ស៊ិក ដែលជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) បានប្រកាសថា ប្រទេសនៃប្លុកនេះបានយល់ព្រមផ្តល់ជំនួយយោធាចំនួន ៥ ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដែលជាផ្នែកមួយនៃផែនការកំណែទម្រង់មូលនិធិជំនួយដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គម X បេសកជនពិសេសមកពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានយល់ព្រមធ្វើកំណែទម្រង់មូលនិធិសន្តិភាពអឺរ៉ុបនៅឯកិច្ចប្រជុំនៅទីក្រុងព្រុចសែល។ មុននោះ កាលពីថ្ងៃទី១២ ខែមីនា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៣០០លានដុល្លារអាមេរិក រួមទាំងកាំភ្លើងធំ មីស៊ីលប្រឆាំងយន្តហោះ ប្រព័ន្ធប្រឆាំងរថពាសដែក និងសព្វាវុធជាច្រើនប្រភេទផ្សេងៗទៀត។
ទាហានអ៊ុយក្រែនធ្វើការហ្វឹកហ្វឺននៅថ្ងៃទី ១២ ខែមីនា។ រូបថត៖ រ៉យទ័រ |
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធនៅថ្ងៃទី ១៣ ខែមីនា រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងមិនចូលរួមសន្និសីទស្តីពីអ៊ុយក្រែនក្នុងប្រទេសស្វីសឡើយ ទោះបីជាមានការអញ្ជើញក៏ដោយ។ ជាពិសេស អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា ការចរចាណាមួយស្តីពីអ៊ុយក្រែនត្រូវតែធ្វើឡើងបន្ទាប់ពីក្រឹត្យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលហាមឃាត់ការចរចាជាមួយរុស្ស៊ីត្រូវបានលុបចោល ហើយបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាសន្តិភាព៕