EU លើកឡើង​​វិធាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ៥ ខែមេសា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានលើកឡើងវិធានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី រួមមានការហាមឃាត់លើការនាំចូលធ្យូងថ្ម និងហាមឃាត់នាវារុស្ស៊ីមិនឲ្យចូលចតនៅកំពង់ផែអឺរ៉ុបជាដើម។
EU លើកឡើង​​វិធាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រុស្ស៊ី - ảnh 1រូបភាព៖ Reuters

វិធានការទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី៥ ប្រឆាំងនឹងរុស្ស៊ី ដែល EU បាននាំចេញ ចាប់តាំងពីទីក្រុងម៉ូស្គូបានដាក់ពង្រាយប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ទន្ទឹមនឹងនោះ សហភាពអឺរ៉ុបកំពុងស្នើឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយ លើប្រតិបត្តិការរបស់ធនាគារធំៗចំនួន ៤ ដែលស្រូបយក ២៥% នៃចំណែកទីផ្សារធនាគារនិងហិរញ្ញវត្ថុរបស់រុស្ស៊ី រួមទាំងធនាគារធំទីពីររបស់រុស្ស៊ី VTB ផងដែរ។ ថ្នាក់ដឹកនាំ EU ក៏មានគម្រោងរឹតបន្តឹងការហាមឃាត់ផលិតផលរបស់រុស្ស៊ី ក្នុងទីផ្សារសហភាពអឺរ៉ុប រួមទាំងស្រាវ៉ូដកាផងដែរ។ តាមការគ្រោងទុក វិធានការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងត្រូវបានណែនាំដល់ប្រទេសសមាជិកEU និងធ្វើការបោះឆ្នោតនៅថ្ងៃទី៦ ខែមេសា។

ក្នុងពេលជាមួយគ្នានោះ អាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃទី ៦ ខែមេសា ក៏មានគម្រោងដាក់ទណ្ឌកម្មថ្មីលើធនាគារ និងមន្ត្រីរបស់រុស្ស៊ី ក៏ដូចជាការហាមឃាត់ការវិនិយោគថ្មីចូលក្នុងប្រទេសរុស្ស៊ីផងដែរ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឲ្យដឹងថា ទណ្ឌកម្មថ្មីនឹងបង្កើនការរឹតបន្តឹងលើរបបហិរញ្ញវត្ថុនិងសហគ្រាសរដ្ឋរបស់រុស្ស៊ី ក៏ដូចជាកំណត់គោលដៅទៅលើមន្ត្រីរដ្ឋាភិបាលរុស្ស៊ីនិងក្រុមគ្រួសារផងដែរ។ យោងតាមលោកស្រី Psaki អាមេរិកគ្រោងនឹងសម្របសម្រួលជាមួយក្រុមប្រទេស G7 និងសហភាពអឺរ៉ុប (EU) ប្រកាសកញ្ចប់ទណ្ឌកម្មបន្ថែមទៀត សំដៅធ្វើឱ្យរុស្ស៊ីឯកោបន្ថែមទៀតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ