EuroCham វៀតណាម នឹងរៀបចំ “វេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតង២០២២” នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២
(VOVWORLD) - សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) នឹងរៀបចំ "វេទិកានិង ពិព័រណ៍សេដ្ឋកិច្ចបៃតង (GEFE) ២០២២" ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
គណៈកម្មការរៀចំបានជូនដំណឹងអំពីវេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតងឆ្នាំ ២០២២ នៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ congthuong.vn) |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រវៀតណាមក្នុងការអនុវត្តកិច្ចសន្យារបស់ខ្លួននៅក្នុងសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលបានលើកឡើងក្នុងយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១ - ២០៣០។ ព័ត៌មាននេះត្រូវបាន EuroCham ប្រកាសក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៤ ខែឧសភា នៅទីក្រុងហូជីមិញ។
GEFE ២០២២ នឹងប្រមូលផ្តុំអង្គការ និងបុគ្គលឈានមុខគេក្នុងវិស័យធុរកិច្ច និងការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ថ្ងៃ រួមមានសន្និសីទ ការតាំងពិពណ៌ និងជំនួបសន្ទនាជាន់ខ្ពស់ រួមជាមួយនឹងពិធីប្រគល់ពានរង្វាន់សហគ្រាស់បៃតងរបស់ EuroCham ផងដែរ។ ក្នុងនោះ សម័យពិភាក្សាបានផ្តោតសំខាន់លើប្រធានបទដូចជា៖ ថាមពលបៃតងនិងហិរញ្ញវត្ថុបៃតង ការបំលែងកាកសំណល់ និងការអភិវឌ្ឍប្រកបដោយចីរភាព នវានវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម។
ព្រឹត្តិការណ៍នេះ គឺជាវេទិកាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចអឺរ៉ុប និងវៀតណាម ក៏ដូចជាជំរុញខឿនសេដ្ឋកិច្ចវៀតណាមដើម្បីអភិវឌ្ឍន៍តាមទិសដៅបៃតង ប្រកបដោយនិរន្តរភាព តាមរយៈគំនិតផ្តួចផ្តើមចែករំលែកជំនាញ និងការផ្ទេរប្តូរបច្ចេកវិទ្យា៕