​Eurozone ​បានជៀសវាងឱនភាពសេដ្ឋកិច្ច

(VOVWORLD) - ទិន្នន័យដែលចេញផ្សាយដោយ Eurostat - ទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប (EU) - កាលពីថ្ងៃទី ៣០ ខែមករា បានបង្ហាញថា សេដ្ឋកិច្ចនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានជៀសវាងឱនភាពសេដ្ឋកិច្ចនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ ប៉ុន្តែបានឈរទ្រឹងក្នុងអំឡុងពេល ៣ខែចុងឆ្នាំ ។

យោងតាមរបាយការណ៍បឋមរបស់ Eurostat កំណើនរបស់ខឿនសេដ្ឋកិច្ចចំនួន ២០ នៅក្នុងតំបន់ Eurozone បានឈរទ្រឹង (០%) នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២៣ ខុសពីការព្យាករណ៍ធ្លាក់ចុះ ០,១% ដែលអ្នកវិភាគជាច្រើនបានដាក់ចេញ។

​Eurozone ​បានជៀសវាងឱនភាពសេដ្ឋកិច្ច - ảnh 1រូបថត៖ Reuters 

យោងតាមទិន្នន័យរបស់ Eurostat សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (រួមទាំងប្រទេសចំនួន ២៧) មិនបានកើនឡើងនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ នោះទេ បន្ទាប់ពីបានធ្លាក់ចុះ ០,១% នៅក្នុងត្រីមាសទីបី។ ទិន្នន័យក៏បង្ហាញថា សេដ្ឋកិច្ចសហភាពអឺរ៉ុប និងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង ០,៥% កាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ ២០២២ ទាបជាងការព្យាករណ៍ ០,៦% ដែលគណៈកម្មការអឺរ៉ុប (EC) បានដាក់ចេញកាលពីខែវិច្ឆិកាឆ្នាំ២០២៣។

កំណើននៃតំបន់ចាយប្រាក់អឺរ៉ូបានឈរទ្រឹង ជាចម្បងគឺដោយសារតែប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ បានធ្លាក់ចុះ ០,៣% នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣។ ប្រទេសបារាំង ដែលជាខឿនសេដ្ឋកិច្ចធំទីពីររបស់ Eurozone  បានកត់ត្រាកំណើន ០% នៅក្នុងអំឡុងពេល២ត្រីមាសចុងឆ្នាំ ខណៈដែលសេដ្ឋកិច្ចធំជាងគេទី ៣ ក្នុងតំបន់គឺប្រទេសអ៊ីតាលី បានកើនឡើងត្រឹមតែ ០,២% នៅក្នុងត្រីមាសទី ៤ ។ មជ្ឈដ្ឋានសេដ្ឋវិទូបានព្យាករណ៍ថា សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនឹងបន្តឈរទ្រឹងនាពេលខាងមុខ ដោយសារតែគោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) បន្តជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ