FAO និង WFP ព្រមានពីគ្រោះអាសន្នអសន្តិសុខស្បៀងអាហារបន្តអាក្រក់ទៅៗ
(VOVWORLD) - វិបត្តិអ៊ុយក្រែនកំពុងធ្វើឱ្យភាពក្រីក្រ និងគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ ព្រោះថាប្រទេសនេះគឺជាអ្នកផ្គត់ផ្គង់ ស្បៀងអាហារដ៏ធំនៅលើពិភពលោក។
ស្រូវសាលីនាំចូលពីអ៊ុយក្រែននៅហាងមួយក្នុងទីក្រុង Hasbaya ប្រទេសលីបង់ (រូបថត៖ THX/VNA) |
យោងតាមរបាយការណ៍របស់អង្គការកសិកម្ម និងស្បៀងអាហារ នៃអង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា ស្ថានការណ៍ អសន្តិសុខស្បៀងអាហារដ៏ធ្ងន់ធ្ងរអាចនឹងកាន់តែអាក្រក់ទៅៗនៅតាមប្រទេសចំនួន ២០ ក្នុងរយៈពេលពីខែមិថុនាដល់ខែកញ្ញា ឆ្នាំ ២០២២។
របាយការណ៍រួមក្រោមចំណងជើងថា "កន្លែងក្ដៅគគុកអំពីគ្រោះទុរ្ភិក្ស៖ ការព្រមានរបស់ FAO – WFP អំពីគ្រោះអាស្នអសន្តិសុខស្បៀងអាហារដំណាក់កាលចាប់ពីខែមិថុនា ដល់ខែកញ្ញាឆ្នាំ ២០២២" បានឲ្យដឹងថា ស្ថានការណ៍អសន្តិសុខស្បៀងអាហារដ៏ធ្ងន់ធ្ងរកំពុងកាន់តែអាក្រក់ទៅៗនៅលើពិភពលោក ជាពិសេសនៅតាមប្រទេសអេត្យូពី នីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង យេម៉ែន អាហ្វហ្គានីស្ថាន និងសូម៉ាលី។
យោងតាមរបាយការណ៍បានឲ្យដឹងថា វិបត្តិអ៊ុយក្រែនកំពុងធ្វើឱ្យភាពក្រីក្រ និងគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ ព្រោះថាប្រទេសនេះគឺជាអ្នកផ្គត់ផ្គង់ ស្បៀងអាហារដ៏ធំនៅលើពិភពលោក ហើយការអាក់ខាននៃប្រភពផ្គត់ផ្គង់នាពេលបច្ចុប្បន្នកំពុងធ្វើឱ្យ តម្លៃស្បៀងអាហារកើនឡើងកាន់តែធ្ងន់ធ្ងរ បណ្ដាលឲ្យការទទួលបានស្បៀងអាហារកាន់តែពិបាកជាងផងដែរ៕