G៧ ប្តេជ្ញា ផ្តល់​ជំ​នួយ​ហិរញ្ញវត្ថុ​ដល់​​អ៊ុយ​ក្រែន ដើម្បី​​ធានា​សន្តិសុខ​ស្បៀង​អាហារ​និង​ថាមពល​

(VOVWORLD) - នៅថ្ងៃទី ២៨ ខែមិថុនា កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G៧) ដែលបានប្រព្រឹត្តិទៅនៅវិមាន Elmau  ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃធ្វើការ។ សន្និសីទបានអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ។

G៧ ប្តេជ្ញា ផ្តល់​ជំ​នួយ​ហិរញ្ញវត្ថុ​ដល់​​អ៊ុយ​ក្រែន ដើម្បី​​ធានា​សន្តិសុខ​ស្បៀង​អាហារ​និង​ថាមពល​ - ảnh 1កិច្ចប្រជុំកំពូល G7 នៅ Elmau Castle ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសបិទសន្និសីទបានឲ្យដឹងថា ឆ្នាំ ២០២២នេះ G៧ បានផ្តល់ជំនួយមនុស្សធម៌ដែលមានតម្លៃជាង ២,៨ ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយបានត្រៀមខ្លួនជាស្រេចផ្តល់ថវិកា ២៩,៥ពាន់លានដុល្លារបន្ថែមទៀតដល់ប្រទេសនេះ និងបានសន្យាជួយដល់ការកសាងឡើងវិញនៅប្រទេសអ៊ុយក្រែន។ បណ្តាមេដឹកនាំ G៧ ក៏បានត្រៀមខ្លួនជាស្រេច រួមចំណែកដល់ស្ថិរភាពនិងការផ្លាស់ប្តូរខឿនសេដ្ឋកិច្ចពិភពលោក។ លើសពីនេះទៅទៀត ក្រុម G៧ ក៏នឹងពង្រឹងសមត្ថភាពស្តារឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងធានាលក្ខខណ្ឌប្រកួតប្រជែងផងដែរ។

ចំពោះបញ្ហាថាមពល ក្រុម G៧ បានសន្យាថា នឹងធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីធានាការផ្គត់ផ្គង់ថាមពល ហើយបានយល់ព្រមបញ្ចប់ការពឹងផ្អែកលើប្រភពថាមពលពីរុស្ស៊ីជាជំហានៗ។ ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃភាពអត់ឃ្លាន និងកង្វះខាតអាហារូបត្ថម្ភ G៧នឹងផ្តល់ទឹកប្រាក់ចំនួន ៤,៥ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីរក្សាទីផ្សារម្ហូបអាហារនិងកសិផល ទន្ទឹមនឹងនោះ ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ៊ុយក្រែនផលិត និងនាំចេញស្បៀងអាហារ។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងការពារអាកាសធាតុ ក្រុម G៧ បានប្តេជ្ញាគាំទ្រដល់គោលដៅនៃការកសាង "ក្លឹបអាកាសធាតុ" អន្តរជាតិប្រកបដោយបើកចំហ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ឆ្ពោះទៅរកការកសាងក្លឹបនេះរហូតដល់ចុងឆ្នាំ ២០២២។ ចំពោះគោលដៅកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកក្រោម ១,៥ អង្សាសេ ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ក្រុម G៧ បានប្តេជ្ញា កំចាត់ឧស្ម័នកាបូន(decarbonization) ក្នុងវិស័យដឹកជញ្ជូននៅត្រឹមឆ្នាំ ២០៣០ កំចាត់ឧស្ម័នកាបូនភាគច្រើន ឬទាំងស្រុងក្នុងវិស័យអគ្គិសនីនៅឆ្នាំ ២០៣៥ ក៏ដូចជាចាត់វិធានការជាក់ស្តែង ដើម្បីពន្លឿនការបញ្ឈប់ការផលិតថាមពលពីធ្យូងថ្ម នៅក្នុងប្រទេសជាសមាជិក G៧ ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ