Ha Giang ធ្វើអាជីវកម្មនិងនាំចេញកសិផលក្នុងស្រុក
(VOVWORLD) - អនុវត្តយុទ្ធសាស្ត្រនាំចេញ-នាំចូលទំនិញនៅខេត្ត Ha Giang ដល់ឆ្នាំ ២០៣០ នាពេលថ្មីៗនេះ ផលិតផលកសិកម្មពិសេសប្រចាំតំបន់ជាច្រើនរបស់ Ha Giang ត្រូវបានអភិវឌ្ឍន៍ទៅជាទំនិញ ដើម្បីឈានចូលទីផ្សារអន្តរជាតិ។ ទាំងអស់នេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានសម្រាប់វិស័យកសិកម្មក្នុងការអភិវឌ្ឍតាមទិសដៅផ្តោតលើគុណភាពផលិតផលពិសេសប្រចាំតំបន់។
Ha Giang គឺជាតំបន់ផលិតតែដ៏សំខាន់មួយរបស់ប្រទេសទាំងមូល ដែលមានផ្ទៃដីសរុបជាង ២០.៣០០ ហិកតា។ ក្នុងនោះ ផលិតផល តែ Shan Tuyet បុរាណដែលមានអាយុជាង ១០០ ឆ្នាំ ត្រូវបានអ្នកជំនាញវាយតម្ឡៃថា ជាប្រភពវត្ថុធាតុដើមដ៏ល្អ ផ្ទុកធនធានហ្សែនដ៏កម្រជាច្រើន។ ជាមួយនឹងការវិនិយោគតាមគោលដៅជាក់លាក់ ផលិតផលតែ Shan Tuyet Ha Giang មិនត្រឹមតែដណ្តើមបានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសជាង ២០ នៅអាស៊ី អឺរ៉ុប និងអាមេរិក ជាមួយផលិតផលតែសម្បូរបែបដូចជា៖ តែខ្មៅ តែបៃតង តែPu-erh និងតែក្រហម។
កសិផលនាំចេញដ៏មានសក្តានុពលមួយទៀតរបស់ខេត្ត Ha Giang នាពេលថ្មីៗនេះ គឺឆៃថាវ។ នៅឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនស្រុក Xin Man (ខេត្ត Ha Giang) បានសម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់ MISAKI Vietnam ដើម្បីបន្តការនាំចេញជ្រក់កូនឆៃថាវ ទៅកាន់ទីផ្សារជប៉ុន។ ការនាំចេញជ្រក់កូនឆៃថាវទៅកាន់ទីផ្សារជប៉ុនមានចំនួនជាង ២.០០០តោន បាននាំមកនូវប្រាក់ចំណូលចាប់ពី ៨០ ទៅ ១២០ លានដុង/ហិកតា/រដូវ សម្រាប់ប្រជាកសិករ។ បន្តពង្រីកគុណសម្បត្តិ សក្ដានុពល និងប្រៀបខ្លាំងដែលមានស្រាប់ រួមជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងកម្មវិធីសហប្រតិបត្តិការខ្សែសង្វាក់តម្លៃកសិកម្ម ស្រុក Xin Man នឹងបន្តចូលរួមសហការជាមួយក្រុមហ៊ុនចំកាត់ MISAKI Vietnam ដើម្បីដាំដុះ កៃច្នែ និងនាំចេញកសិផលដូចជា៖ ត្រសក់ ខ្ញី ទំពាំងឫស្សី ទៅកាន់ទីផ្សារជប៉ុននិងទីផ្សារអន្តរជាតិ៕