IEA ព្រមានពីហានិភ័យដែល EU រងការខ្វះខាតឧស្ម័នយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ
(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ទោះបីជាសហភាពអឺរ៉ុប (EU) មានឧស្ម័នគ្រប់គ្រាន់ក្នុងរដូវរងារនេះក៏ដោយ គេក៏នឹងប្រឈមមុខនឹងហានិភ័យនៃការខ្វះខាតនៅឆ្នាំក្រោយដែរ ប្រសិនបើរុស្ស៊ីបន្តកាត់បន្ថយការផ្គត់ផ្គង់ ដូច្នេះ IEA អំពាវនាវឱ្យបណ្តារដ្ឋាភិបាលពន្លឿនសកម្មភាពរបស់ខ្លួន ដើម្បីសន្សំសំចៃថាមពល និងពង្រីកប្រភពថាមពលកកើតឡើងវិញ។
នាយកប្រតិបត្តិ IEA លោក Fatih Birol ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Brussels ប្រទេសបែលហ្សិក។ (រូបថត៖ AFP/TTXVN) |
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយមន្ត្រីគណៈកម្មការអឺរ៉ុប (EC) នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) នាយកប្រតិបត្តិ IEA លោក Fatih Birol បានឲ្យដឹងថា នេះគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ហើយបាននិយាយថា កម្រិតនៃកង្វះខាតឧស្ម័ន អាចកើនឡើងរហូតដល់ ៦០ ពាន់លាន m3 ប្រសិនបើសហភាពអឺរ៉ុបមិនមានវិធានការឆ្លើយតបគ្រាអាសន្នជាបន្ទាន់ ។
ក្នុងពេលជាមួយគ្នានោះ ប្រធាន EC លោកស្រី Ursula von der Leyen បានបញ្ជាក់ថា បរិមាណឧស្ម័នទុកបម្រុងរបស់ EU គឺគ្រប់គ្រាន់សម្រាប់រដូវរងានេះ ហើយប្លុកកំពុងរៀបចំសម្រាប់ឆ្នាំក្រោយ។ យោងតាមលោកស្រី von der Leyen សហភាពអឺរ៉ុបត្រូវពិនិត្យឡើងវិញនូវថវិការបស់ខ្លួន បង្កើតមូលនិធិថ្មីសម្រាប់ការវិនិយោគថាមពលបំពេញបន្ថែម ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី៕