IMF បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៤
(VOVWORLD) - នៅក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយនាថ្ងៃទី ១៦ ខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំពឹងថាកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នឹងឈានដល់ ៣,២% កើនឡើង ០,៥% បើធៀបនឹងការព្យាករណ៍កាលពីខែមករា។
កំណើនសេដ្ឋកិច្ចនៅឆ្នាំបន្ទាប់ក៏ទំនងជាមានកម្រិត ៣,២% ផងដែរ។ អតិផរណាត្រូវបានព្យាករណ៍ថានឹងថយចុះពី ៥,៩% នៅឆ្នាំនេះ មកត្រឹម ៤,៥% នៅឆ្នាំខាងមុខ ដោយសារតែអត្រាការប្រាក់កើនឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
និមិត្តសញ្ញា IMF នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN |
របាយការណ៍របស់ IMF បង្ហាញយ៉ាងច្បាស់ពីភាពខុសប្លែកគ្នា នៅក្នុងយថាទស្សន៍កំណើននៃបណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ អង្គការហិរញ្ញវត្ថុនេះបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះនឹងឈានដល់ ២,៧% ខ្ពស់ជាងការព្យាករណ៍ ២,១% នៅក្នុងខែមករា។ ផ្ទុយទៅវិញ IMF បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone )នៅឆ្នាំនេះ ពីកម្រិត ០,៩% មកត្រឹម ០,៨% ដែលភាគច្រើនដោយសារតែភាពទន់ខ្សោយនៃសេដ្ឋកិច្ចឈានមុខគេគឺប្រទេសអាល្លឺម៉ង់។ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាល្លឺម៉ង់ពីកម្រិត ០,៥% ក្នុងការព្យាករណ៍កាលពីខែមករា មកត្រឹម ០,២% ។
គួរកត់សម្គាល់ថា IMF បានបង្កើនការព្យាករណ៍យ យថាទស្សន៍សេដ្ឋកិច្ចរបស់រុស្ស៊ីនៅឆ្នាំនេះ ពីកម្រិត ២,៦% ឡើងដល់ ៣,២% ដែលភាគច្រើនដោយសារតែប្រាក់ចំណូលនាំចេញប្រេងរ៉ែបន្តកើនឡើងយ៉ាងខ្លាំង ក្នុងបរិបទដែលតម្លៃប្រេងរ៉ែពិភពលោកកើនឡើងខ្ពស់៕