IMF វាយតម្លៃយថាទស្សន៍កំណើនសកលក្នុងរយៈពេលមធ្យមនៅតែខ្សោយ
(VOVWORLD) - អតិផរណានៅទីបំផុតក៏មាននិន្នាការថយចុះ ទោះបីជាអតិផរណាទាំងមូលនៅតែមានកម្រិតខ្ពស់ពេក ហើយអតិផរណាមូលដ្ឋានស្រដៀងគ្នា បើទោះជាមានគោលនយោបាយរឹតបន្តឹងរូបិយវត្ថុក៏ដោយ។
រូបសញ្ញា IMF នៅទីក្រុង Washington DC សហរដ្ឋអាមេរិក។ រូបថត៖ AFP/VNA |
អញ្ជើញថ្លែងទៅកាន់បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារកណ្តាលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) នៅរដ្ឋ Gujarat ភាគខាងលិច ឥណ្ឌាកាលពីម្សិលមិញ (ថ្ងៃទី ១៨ ខែកក្កដា) អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយថា សកម្មភាពសេដ្ឋកិច្ចពិភពលោកកំពុងយឺតយ៉ាវ ជាពិសេសលើវិស័យផលិតកម្ម ហើយយថាទស្សន៍កំណើនក្នុងរយៈពេលយធ្យមគឺនៅតែខ្សោយ។
លោកស្រី Georgieva បានវាយតម្លៃថាគម្លាតអំពីសេដ្ឋកិច្ចរវាងបណ្ដាប្រទេសនៅតែជាក្ដីព្រួយបារម្ភយូរអង្វែង។ យោងតាមលោកស្រីថា អតិផរណានៅទីបំផុតក៏មាននិន្នាការថយចុះ ទោះបីជាអតិផរណាទាំងមូលនៅតែមានកម្រិតខ្ពស់ពេក ហើយអតិផរណាមូលដ្ឋានស្រដៀងគ្នា បើទោះជាមានគោលនយោបាយរឹតបន្តឹងរូបិយវត្ថុក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Georgieva បានព្រមានថា អតិផរណាអាចនៅតែខ្ពស់ក្នុងរយៈពេលយូរ ហើយទាមទារឱ្យមានការរឹតបន្តឹងបន្ថែមទៀតចំពោះគោលនយោបាយរូបិយវត្ថុ។
លោកស្រី Georgieva បាននិយាយថា ការកាត់បន្ថយអតិផរណាគឺជាអាទិភាពចម្បងរបស់ប្រទេសនានារួមជាមួយការខិតខំប្រឹងប្រែងដូចជាកសាងសារពើពន្ធឡើងវិញ និងធ្វើកំណែទម្រង់ដើម្បីជំរុញកំណើន។ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់ទាំងនេះ IMF ក៏បានបង្កើនការកៀរគរធនធានក្នុងប្រទេស កែលម្អការចំណាយជាតិ កសាងទីផ្សារមូលនិធីយ៉ាងស៊ីជម្រៅ និងកែលម្អបរិយាកាសវិនិយោគឯកជនទាំងក្នុង និងក្រៅប្រទេសផងដែរ៕