IMFបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកដោយសារតែវិបត្តិនៅអ៊ុយក្រែន
(VOVWORLD) - ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះនៅអ៊ុយក្រែនកំពុងរីករាលដាលនៅជុំវិញពិភពលោក ហេតុដូច្នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣,៦% ក្នុងឆ្នាំ ២០២២-២០២៣។
ប្រជាជនទិញទំនិញនៅផ្សារទំនើបក្នុងទីក្រុងម៉ូស្គូ រុស្ស៊ី ថ្ងៃទី៦ ខែមេសា។ (រូបភាព៖ AFP/TTXVN) |
នេះគឺជាការសន្និដ្ឋានដែលបាននាំចេញក្នុងរបាយការណ៍ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែឡបានចេញផ្សាយនៅ ថ្ងៃទី ១៩ ខែមេសា។
យោងតាមរបាយការណ៍នេះ ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ដែល IMF បាននាំចេញគឺទាបជាង ០,៨% និង ០,២% បើធៀបនឹងការព្យាករណ៍កាលពីខែមករា ក្នុងបរិបទដែលតម្លៃទំនិញនិងបំណុលសាធារណៈបានកើនឡើងខ្ពស់។ របាយការណ៍ក៏បានបង្ហាញយ៉ាងច្បាស់លាស់ថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យមក៏នឹងធ្លាក់ចុះមកត្រឹម ៣,៣% ទាបជាងកម្រិតមធ្យមគឺ ៤,១% ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០១៣។
របាយការណ៍របស់ IMF ក៏បានចង្អុលបង្ហាញថា បណ្តាប្រទេសអឺរ៉ុបនឹងមើលឃើញ កំណើនយឺតយ៉ាវដោយសារតែជម្លោះនៅអ៊ុយក្រែន ដែលបានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈនិងស្បៀងអាហារកើនឡើងខ្ពស់ និងធ្វើឱ្យអតិផរណាកើនឡើងផងដែរ ហើយស្ថានភាពនេះនឹងបន្តប្រព្រឹត្តិទៅក្នុងរយៈពេលយូរជាងការរំពឹងទុក។ ដូច្នេះហើយ បណ្តាប្រទេសនៅជុំវិញពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ នឹងរងផលប៉ះពាល់ដោយការធ្លាក់ចុះនៅក្នុងតំបន់នេះ។ ចំពោះអតិផរណា IMF បានព្យាករណ៍ថា សន្ទស្សន៍នេះនឹងស្ថិតនៅកំរិតខ្ពស់ក្នុងរយៈពេលយូរ៕