KCNA - ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un និងប្រធានាធិបតីអាមេរិកនឹងបន្ត “ធ្វើកិច្ចសន្ទនាស្ថាបនាដើម្បីពិភាក្សាគ្នាអំពីអាវុធនុយក្លេអ៊ែរ“
(VOVWORLD) - នាថ្ងៃទី១ ខែមិនា ទីភ្នាក់ងារសារព័ត៌មានកណ្តាល ស.ប.ប កូរ៉េ (KCNA) បានឲ្យដឹងថា ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un និងប្រធានាធិបតីអាមេរិក លោក Donald Trump បានឯកភាពបន្តការពិភាក្សា "ដែលមានលក្ខណៈស្ថាបនា" ស្តីអំពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរ និងកំណែទម្រង់ទំនាក់ទំនងឲ្យបានល្អប្រសើររវាងអាមេរិកនិងស.ប.ប កូរ៉េ។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un |
នារយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ រវាងថ្នាក់ដឹកនាំទាំងពីរនៃប្រទេសទាំងពីរបានបញ្ចប់នៅទីក្រុងហាណូយនោះ KCNA បានលើកច្បាស់ថា "លោក Kim Jong-Un និង លោក Donald Trump បានសម្តែងនូវជំនឿទុកចិត្តថា ទំនាក់ទំនងរវាងអាមេរិកនិងស.ប.បកូរ៉េ អាចកែលម្អឲ្យបានរឹងមាំថែមទៀតប្រសិនបើភាគីទាំងពីររួមសហការគ្នាដោយប្រាជ្ញានិងភាពអត់ធ្មត់ទោះបីជានៅតែមានឧបសគ្គជាច្រើនដែលមិនអាចជៀសវាងបាននាពេលខាងមុខក្តី»។ មុននោះក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Melia ទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េ លោក Ri Yong Ho បានឲ្យដឹងថា ស.ប.ប កូរ៉េ បានស្នើរុះរើចោលរោងចក្រនុយក្លេអ៊ែរនៅទីក្រុងព្យុងយ៉ាង ដើម្បីប្តូរ យកការលុបចោលនូវការដាក់ទណ្ឌកម្មមួយផ្នែករបស់អាមេរិក ក៏ប៉ុន្តែអាមេរិកមិនមានត្រៀមខ្លួនទទួលយល់ព្រមនោះឡើយ។ យោងតាមលោក Ri Yong Ho បានឱ្យដឹងថា នេះគឺជា«សំណើរជាក់ស្តែងមួយ» ហើយប្រសិនបើអាមេរិកបានស្នើឱ្យមានការចរចាឡើងវិញនាពេលអនាគតនោះ សំណើរនេះនឹងមិនផ្លាស់ប្តូរនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាថ្ងៃទី ១៨ ខែកុម្ភៈ នៅពេលដែលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ លោក Donald Trump មានកិច្ចសន្ទាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ដែលទើបបានរៀបចំឡើងនៅទីក្រុងហាណូយ។ យោងតាមលេខាធិការផ្នែកសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានឲ្យដឹងថា លោក Donald Trump បានមានកិច្ចសន្ទនាតាមទូរស័ព្ទក្នុងរយៈពេល ១៥ នាទី ជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ហើយលោក Trump បានអះអាងថាលោកនឹងបន្តធ្វើកិច្ចសន្ទនាជាមួយកូរ៉េខាងជើងផង ដែរ។
ទន្ទឹមនឹងនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអបអរសារទរចំពោះកិច្ចប្រជុំកំពូលរវាង លោក Donald Trump និងលោក Kim Jong-Un ដោយបានចាត់ទុកថា "នេះគឺសកម្មភាពការទូតដ៏ក្លាហាន"។ លោក Guterres សង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាកិច្ចសន្ទនាជាមួយគ្នាទៅវិញទៅមកថែមទៀត។
គួរបញ្ជាក់ថា នាថ្ងៃ២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ប្រទេសនេះបានអបអរសាទរចំពោះការដែលលោក Donald Trump និងលោក Kim Jong-Un មានបំណងចង់រក្សាកិច្ចសន្ទនាទ្វេភាគី ដែលទាក់ទងនឹងស្ថានភាពនៅលើឧបទ្វីបកូរ៉េ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Zakharova បានសង្កត់ធ្ងន់ថា "យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការសម្រេចរបស់ប្រធានាធិបតីអាមេរិក និងថ្នាក់ដឹកនាំកូរ៉េខាងជើងអំពីការរក្សាកិច្ចសន្ទនាទ្វេភាគីផងដែរ"។
នាថ្ងៃទី ២៨ ខែកុម្ភៈ ប្រទេសចិនក៏បានសម្តែងនូវក្តីសង្ឃឹមថា អាមេរិកនិងកូរ៉េខាងជើង នឹងបន្តធ្វើកិច្ចសន្ទនាអំពីបញ្ហានុយក្លេអ៊ែរ ដែលទីក្រុងប៉េកាំងអះអាងថានឹងមិនងាយស្រួលដោះស្រាយភ្លាមៗនាពេលឆាប់ៗនោះឡើយ៕