Moc Chau ត្រូវបានលើកតម្កើងជាគោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ឈានមុខគេលើពិភពលោកជាលើកទីពីរ
(VOVWORLD) - តំបន់ទេសចរណ៍ជាតិ Moc Chau (ខេត្ត Son La) បន្តត្រូវបានលើកតម្កើងជា "គោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ឈានមុខគេរបស់ពិភពលោកឆ្នាំ ២០២៣" នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំនេះ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១ ខែធ្នូ នៅទីក្រុងឌូបៃ (UAE) នេះជាលើកទី ២ ជាប់ៗគ្នាហើយដែលតំបន់ទេសចរណ៍ជាតិ Moc Chau ត្រូវបានលើកតម្កើងជា "គោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ឈានមុខគេរបស់ពិភពលោក"។
ពានរង្វាន់នេះបានបញ្ជាក់ពីឋានៈនិងឥទ្ធិពលនៃទេសចរណ៍ Moc Chau និងបានបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះតំបន់ខ្ពង់រាបនៃខេត្ត Son La។ ពានរង្វាន់នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទេសចរណ៍ Son La និយាយរួម និង Moc Chau និយាយដោយឡែក។ ឆ្នាំ២០២២ ភ្ញៀវទេសចរមកកាន់ Moc Chau បានកើនឡើងយ៉ាងខ្លាំង រហូតដល់ជិត ១,៦លាននាក់ ហើយត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ២,៤លាននាក់នៅឆ្នាំនេះ។
ស្ពានកញ្ចក់ Bach Long - ស្ពានកញ្ចក់វែងជាងគេលើពិភពលោក មានទីតាំងស្ថិតនៅតំបន់ទេសចរណ៍កោះ Moc Chau ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ រូបថត៖ VOV |
លោក Le Trong Binh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Moc Chau បានឲ្យដឹងថា៖ “ដើម្បីរក្សាបាននូវកិត្តិនាមជា “គោលដៅធម្មជាតិឈានមុខគេលើពិភពលោក” ស្រុក Moc Chau បច្ចុប្បន្ន បានរៀបចំផែនការ និងអភិរក្សតំបន់ដាំតែ និងវាលស្មៅ។ កន្លែងព្រៃឈើត្រូវបានកំណត់ ការពារនិងធានាឲ្យបានសមស្របទៅនឹង ផែនការថែរក្សាទេសភាពធម្មជាតិនៅស្រុក Moc Chau។ ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងកសិដ្ឋាននិងធម្មជាតិ យើងក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច ដើម្បីរំលេចនូវលក្ខណៈវិសេសវិសាលរបស់ Moc Chau”។
ជាមួយនឹងគោលការណ៍ “កសិកម្មជួយដល់ទេសចរណ៍” នាប៉ុន្មានឆ្នាំកន្លងទៅ ស្រុក Moc Chau បានអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងគំរូកសិកម្មជាច្រើន ដោយនាំមកជូនភ្ញៀវនូវសកម្មភាពឆ្លងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដូចជា៖ ការប្រមូលផលនិងកែច្នៃកសិផលនៅចំការស្ត្របឺរី ទួលតែ កសិដ្ឋានទេសចរណ៍គោយកទឹកដោះ ចំការផ្លែព្រូន និងរៀបចំការរត់ម៉ារ៉ាតុង ផ្លូវលំវៀតណាម ផងដែរ៕