OIC អំពាវនាវឲ្យមានវិធានការរួម ដើម្បីរាំងស្កាត់ការកើតឡើងម្តងទៀត ការដុតគម្ពីរកូរ៉ាន
(VOVWORLD) - អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) នាថ្ងៃទី ២ ខែកក្កដា) បានអំពាវនាវឱ្យមានវិធានការរួមគ្នាដើម្បីជៀសវាងការកើតឡើងវិញនៃការដុតគម្ពីរកូរ៉ានម្តងទៀត។
មុខសញ្ញា Salwan Momika បានដុតគម្ពីរកូរ៉ាននៅមុខវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm កាលពីថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ EPA) |
ការថ្លែងនេះត្រូវបានធ្វើឡើងរយៈពេល៤ថ្ងៃបន្ទាប់ពីមានមុខសញ្ញាមួយ បានដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ិស្លាមធំបំផុតក្នុងរដ្ឋធានី Stockholm (ស៊ុយអែត) កាលពីថ្ងៃទី ២៨ ខែមិថុនា។
OIC ដែលមានសមាជិក ៥៧ បានបើកកិច្ចប្រជុំវិសាមញ្ញក្នុងថ្ងៃ ២ កក្កដា នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុនេះ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ OIC បានជំរុញឱ្យរដ្ឋជាសមាជិកចាត់វិធានការរួម និងបង្រួបបង្រួមដើម្បីរាំងស្កាត់ការកើតឡើងវិញនៃ "ការប្រមាថ" គម្ពីរកូរ៉ានម្តងទៀត។ អគ្គលេខាធិការ OIC លោក Hissein Brahim Taha បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្ញើសារច្បាស់លាស់ថា ការប្រមាថដល់គម្ពីរកូរ៉ាន មិនមែនគ្រាន់តែជាឧប្បត្តិហេតុប្រឆាំងនឹងសាសនាអ៊ីស្លាមធម្មតានោះទេ ហើយចាំបាច់ត្រូវរំលឹកសហគមន៍អន្តរជាតិជានិច្ចអំពីការអនុវត្តច្បាប់អន្តរជាតិ ក្នុងនោះហាមប្រាមរាល់សកម្មភាពនានាដែលបណ្តាលឱ្យមានការស្អប់ខ្ពើមសាសនា។
អ្នកកាន់សាសនាមូស្លីម និងរដ្ឋាភិបាលក្នុងប្រទេសជាច្រើន ដែលមានសហគមន៍មូស្លីមបានប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពី Salwan Momika ជនភៀសខ្លួនអ៊ីរ៉ាក់រស់នៅស៊ុយអែតបានដុតគម្ពីរកូរ៉ាននៅមុខវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងរដ្ឋធានី Stockholm នាថ្ងៃទី ៨ មិថុនា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha របស់ជនមូស្លីម។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian កាលពីម្សិលមិញបានអះអាងថា ខ្លួននឹងមិនបញ្ជូនឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសស៊ុយអែត ដើម្បីប្រឆាំងនឹងការដុតគម្ពីរកូរ៉ាននេះទេ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលស៊ុយអែត នៅថ្ងៃទី ២ កក្កដា បានថ្កោលទោសការដុតគម្ពីរកូរ៉ាននៅខាងក្រៅវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងទីក្រុង Stockholm ហើយបានចាត់ទុកវាជាទង្វើ "ប្រឆាំងនឹងសាសនាអ៊ីស្លាម" បន្ទាប់ពីអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) បានអំពាវនាវឱ្យមានវិធានការទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងម្តងទៀត៕