Quang Ninh ធ្វើឌីជីថលគ្រប់គ្រងទូកនេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
(VOVWORLD) - ការគ្រប់គ្រងសកម្មភាពនៃក្រុមទូកនេសាទនៅលើសមុទ្រគឺជាដំណោះស្រាយដ៏សំខាន់មួយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទIUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង់)។ នៅខេត្ត Quang Ninh វិធានការឌីជីថលនីយកម្ម និងការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានបាននិងកំពុងត្រូវបានបានប្រើប្រាស់ដើម្បីគ្រប់គ្រងទូកនេសាទនិងគាំទ្រអ្នកនេសាទ ឆ្ពោះទៅរកការដក "កាតលឿង" របស់ EC នាពេលខាងមុខ។
កម្មវិធីគ្រប់គ្រងទូកនេសាទ និងការនេសាទត្រីត្រូវបានសាកល្បងនៅខេត្ត Quang Ninh។ រូបថត៖ Truong Giang/VOV |
ជាមធ្យមរៀងរាល់ខែ ទូក QN៩០១៦២-TS របស់លោក Nguyen The Phuong ឃុំ Ha Long ស្រុក Van Don ខេត្ត Quang Ninh ចេញដំណើរធ្វើនេសាទនៅលំហសមុទ្រចំនួន៤លើក។ រាល់ពេលដែលលោកចាកចេញពីកំពង់ផែ ឬចូលចត លោកបានជូនដំណឹងទៅការិយាល័យតំណាង អធិការកិច្ច ត្រួតពិនិត្យ និងគ្រប់គ្រងរបរនេសាទត្រីនៅកំពង់ផែ Cai Rong ស្រុក Van Don ស្របតាមបទប្បញ្ញត្តិ៖ “ពេលចាក់ចេញពីកំពង់ផែ ត្រូវរាយការណ៍ដល់កម្លាំងមានសមត្ថកិច្ច ចុះហត្ថលេខាលើសៀវភៅ ហើយសូមអាជ្ញាប័ណ្ណ។ យើងនឹងសរសេរទីកន្លែងធ្វើនេសាទនៅក្នុងទិនានុលេខន៍នេសាទ។ ពេលត្រឡប់មកវិញត្រូវជូនដំណឹងមុន១ម៉ោង ដាក់ទិនានុលេខន៍នេសាទ ទិន្នផលប៉ុន្មាន ហើយប្រភេទអ្វីខ្លះ។ ក្នុងមួយខែ បើទៅ៤ដងគឺត្រូវការសៀវភៅ៤ក្បាល។ ការរាយការណ៍ដោយដៃពិតជាពិបាកណាស់ ពេលខ្លះយើងមិនមានពេលសរសេរទេ ពិព្រោះយើងធ្វើការពេញមួយយប់ នៅពេលទៅជិតកំពង់ផែទើបបានសរសេរ”។
ដើម្បីជួយគាំទ្រប្រជានេសាទ ចាប់ពីខែមករា ឆ្នាំ ២០២៣ មក មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Quang Ninh បានសម្របសម្រួលជាមួយអង្គភាពបច្ចេកវិទ្យាព័ត៌មាននានា ដើម្បីដាក់ដំណើរការសាកល្បងកម្មវិធីគ្រប់គ្រងទូកនេសាទ និងការនេសាទត្រីនៅខេត្ត Quang Ninh។ ជាមួយនឹងកម្មវិធីដែលបានដំឡើងនៅលើស្មាតហ្វូន ម្ចាស់ទូកនេសាទនីមួយៗដែលប្រតិបត្តិការនៅលំហសមុទ្រ អាចរៀបចំវាលទិន្នន័យចំនួន ៣៥ ចាប់ពីការចុះឈ្មោះ និងទិន្នន័យចុះបញ្ជីរបស់ទូក រហូតដល់ការផ្ញើនីតិវិធីសម្រាប់ចាកចេញពីកំពង់ផែនិងការចូលចត ទៅកាន់ភ្នាក់ងារគ្រប់គ្រង ដើម្បីតាមដានការធ្វើដំណើរ និងការនេសាទ (កន្លែងបោះសំណាញ់ ប្រមូលសំណាញ់ ប្រភេទ ទិន្នផល)។ ព័ត៌មានទាំងនេះត្រូវបានរក្សាទុក និងភ្ជាប់ជាមួយការិយាល័យគ្រប់គ្រងនៅកំពង់ផែ។ លោក Bui Phuong Tuyen ម្ចាស់ទូក QN90095-TS បានឲ្យដឹងថា៖ ក្រៅពីមុខងារាយការណ៍ កម្មវិធីនេះក៏ផ្តល់ព័ត៌មានព្រមាន ជៀសវាងព្យុះ បង្ហាញទីតាំងរបស់កប៉ាល់ក្នុងប្រព័ន្ធតែមួយ ដើម្បីអាចជួយគ្នាទៅវិញទៅមក៖ “យើងធ្វើលើម៉ាស៊ីនជាមុនសិន បន្ទាប់មកផ្ញើទៅការិយាល័យ ដូច្នេះយើងអាចចូលចតនិងចាកចេញពិកំពង់ផែយ៉ាងងាយស្រួល។ មិនត្រឹមតែការចេញចូលកំពង់ផែប៉ុណ្ណោះទេ វាក៏ណែនាំឲ្យយើងដឹងថា កន្លែងណាអាចធ្វើការនេសាទបានឫមិនបាន ទើបយើងអនុលោមនិងធ្វើសមកាលកម្មបានត្រឹមត្រូវ”។
មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Quang Ninh បានពិភាក្សា និងគ្រោងសាកល្បងកម្មវិធីជាមួយម្ចាស់ទូកនេសាទ។ រូបថត៖ Truong Giang/VOV |
បច្ចុប្បន្ននេះ ខេត្ត Quang Ninh មានទូកនេសាទចំនួនជាង ៦.០០០គ្រឿង ក្នុងនោះមានទូកជាង ៤.៥០០ គ្រឿងដែលមានប្រវែងចាប់ពី ៦ ម៉ែត្រឡើងទៅ។ ទន្ទឹមនឹងការសាកល្បងកម្មវិធីឯកទេស ខេត្ត Quang Ninh កំពុងពិនិត្យឡើងវិញជាបន្ទាន់ដើម្បីធានាថា ទូកនេសាទទាំង១០០% ត្រូវបានចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់ការនេសាទ ស្របតាមវិមជ្ឈការ និងធ្វើសមកាលកម្មលើប្រព័ន្ធទិន្នន័យនេសាទជាតិ(VNFishbase)។ ទន្ទឹមនឹងនោះ ទូកនេសាទទាំង ១០០% ដែលមានប្រវែងចាប់ពី ១៥ ម៉ែត្រឡើងទៅ នឹងត្រូវបានដំឡើងនិងភ្ជាប់ជាមួយឧបករណ៍ត្រួតពិនិត្យនាវាចរណ៍(VMS)នៅពេលដំណើរការលើសមុទ្រ។ យោងតាមលោក Luu Van Duy លេខាធិការការិយាល័យអធិការកិច្ច ត្រួតពិនិត្យ និងគ្រប់គ្រងរបបរនេសាទត្រីនៅកំពង់ផែ Cai Rong បានឱ្យដឹងថា តំបន់កំពង់ផែបច្ចុប្បន្នមានទូកនេសាទប្រហែល ៣០០ គ្រឿងកំពុងដំណើរការ ក្នុងនោះមានទូកនេសាទជាង ៥០ គ្រឿងនៅក្នុងលំហសមុទ្រដែលមានប្រវែងចាប់ពី ១៥ម៉ែត្រឡើងទៅ សុទ្ធតែត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងលើប្រព័ន្ធទូទៅ៖ “ប្រព័ន្ធតាមដានទូកនេសាទបានរួមចំណែកក្នុងការទប់ស្កាត់ និងព្រមានភ្លាមៗ ដល់ម្ចាស់ទូក ដែលប្រតិបត្តិការនៅជិតខ្សែបន្ទាត់ព្រំដែនទឹក ឱ្យដឹង និងជៀសវាងការបំពានលើដែនទឹកបរទេស ហើយទន្ទឹមនឹងនោះ រកឃើញ និងដោះស្រាយភ្លាមៗ ប្រសិនបើអ្នកនេសាទរំលោភ។ ប្រព័ន្ធកម្មវិធីគ្រប់គ្រងទូកនេសាទដែលបានសាកល្បងថ្មីក៏កាត់បន្ថយពេលវេលាសម្រាប់ប្រជាជនមកការិយាល័យ ហើយទិន្នន័យត្រូវបានផ្ញើជាទៀងទាត់ នឹងធានាបាននូវភាពត្រឹមត្រូវនិងឆ្លុះបញ្ចាំងពីទិន្នផលក្នុងដំណើរទៅនេសាទនីមួយៗ”។
កម្មវិធីជួយគ្រប់គ្រងសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ ជាពិសេសទូកដែលប្រតិបត្តិការនៅតំបន់ជាប់ដែនទឹកបរទេស។ រូបថត៖ Truong Giang/VOV |
នៅខែមេសា ឆ្នាំ២០២៣ វិស័យជលផលខេត្ត Quang Ninh នឹងធ្វើការ ត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពទិន្នន័យទូកនេសាទលើប្រព័ន្ធជាតិ។ ទន្ទឹមនឹងនេះ តាមរយៈបទពិសោធន៍ជាក់ស្តែងរបស់អ្នកនេសាទ ការកសាងនិងសុក្រឹត្យកម្មវិធីគ្រប់គ្រងទូកនេសាទនិងការនេសាទត្រីក៏ត្រូវបានពន្លឿនផងដែរ ដើម្បីឆ្ពោះទៅរកការបំពេញនីតិវិធីច្បាប់សម្រាប់ការអនុវត្តយ៉ាងទូលំទូលាយ។ លោក Thieu Van Thanh អនុប្រធាននាយកដ្ឋានជលផលខេត្ត Quang Ninh បានឲ្យដឹងថា៖ “ដោយផ្អែកលើគោលការណ៍ណែនាំរបស់ខេត្ត យើងខ្ញុំកំពុងកសាង និងដាក់ជូនគំរោងដើម្បីជួលកម្មវិធី សុំការអនុញ្ញាតពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដោយសង្ឃឹមថាក្នុងឆ្នាំ២០២៣នេះ អាចដាក់ពង្រាយលើទូកនេសាទដែលមានប្រវែងចាប់ពី៦ម៉ែត្រឡើងទៅក្នុងភូមិសាស្ត្រខេត្ត។ យើងក៏រំពឹងថា នៅពេលដែលបច្ចេកវិទ្យានេះត្រូវបានអនុវត្តក្នុងការគ្រប់គ្រងទូកនេសាទ វានឹងជួយសម្រួលដល់នីតិវិធីរដ្ឋបាលជាច្រើនដែលនិងជួយប្រជានេសាទក្នុងសកម្មភាពនេសាទរបស់ខ្លួន”។
ការត្រួតពិនិត្យ និងគ្រប់គ្រងដោយធ្វើឌីជីថលទាំង ១០០% នៃព័ត៌មានប្រតិបត្តិការរបស់ទូកនេសាទមិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើការនេសាទ ប្រយុទ្ធប្រឆាំងនឹងការនេសាទហួសហេតុ ការនេសាទ IUU ប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើដល់ផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ជលផលក្នុងខេត្ត Quang Ninh ក្នុងរយៈពេលវែងផងដែរ។ ប្រការនេះក៏រួមចំណែកជំរុញការបង្កើតផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ដែលជួយគាំទ្រ និងជំរុញការអភិវឌ្ឍន៍របរនេសាទត្រីនៅវៀតណាម៕