RIMPAC ២០២២ - សមយុទ្ធកងទ័ពជើងទឹកដ៏ធំបំផុតនៅលើពិភពលោក
(VOVWORLD) - សមយុទ្ធ Rim of the Pacific Exercise (RIMPAC) ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ៤ ខែសីហា នៅមហាសមុទ្រប៉ាស៊ីហ្វិក។ សមយុទ្ធនេះ ត្រូវបានចាត់ទុកថាជាសមយុទ្ធកងទ័ពជើងទឹកពហុជាតិដ៏ធំបំផុតនៅលើពិភពលោក ដែលដឹកនាំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ២៥ផ្សេងទៀត។
រូបភាព៖ AFP/TTXVN |
យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រទេសជាច្រើននៅក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និងហ្វីលីពីន បានចូលរួមក្នុង RIMPAC ឆ្នាំ ២០២២នេះ។ ប្រទេសមួយចំនួននៅអឺរ៉ុប រួមទាំងអង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានចូលរួមនៅក្នុងសមយុទ្ធកងទ័ពជើងទឹកនេះផងដែរ។ ឆ្នាំនេះ មានកប៉ាល់នាវាចំនួន ៣៨ គ្រឿង នាវាមុជទឹក ៤ គ្រឿង យន្តហោះ ១៧០ គ្រឿង និងមានយោធិនចំនួនជាង ២៥.០០០ នាក់ចូលរួមក្នុងសមយុទ្ធនៅតំបន់ក្បែរកោះហាវ៉ៃ និងភាគខាងត្បូងរដ្ឋ California។
គួរបញ្ជាក់ថា នៅក្នុងសមយុទ្ធ RIMPAC ឆ្នាំ២០២០ មានតែប្រទេសចំនួន ១០ ប៉ុណ្ណោះ រួមទាំងប្រទេសជប៉ុនបានចូលរួម ដោយសារតែការរឹតត្បិតនៃជំងឺរាតត្បាតកូវីដ-១៩ ហើយពេលវេលាត្រូវបានកាត់បន្ថយមកត្រឹមប្រហែលពីរសប្តាហ៍៕